website_news:2019111203

ឧទ្ធរណ៍ជម្រះក្ដីលើសំណុំរឿង នាំស្ត្រីខ្មែរទៅរៀបការប្ដីចិននៅចិន

https://www.postkhmer.com/ គឹម សារុំ | Publication date 10 December 2019 | 09:36 ICT

ភ្នំពេញៈ នៅពេលដែលសាលាឧទ្ធរណ៍កំពុងបើកសវនាការនៅក្នុងបន្ទប់ជំនុំជម្រះកាលពីម្សិលមិញលើសំណុំរឿងនាំស្ត្រីខ្មែរទៅការប្ដីនៅចិននៅក្នុងអំឡុងឆ្នាំ ២០១៦ នោះ ស្ត្រីដែលជាជនជាប់ចោទ ២ នាក់បានសុំអង្វរដល់ចៅក្រមឲ្យបន្ថយទោសដល់ពួកគេ។ ជនជាប់ចោទទាំង ២ នាក់ ឈ្មោះ សាន ខា អាយុ ៥៣ ឆ្នាំ និង ស្រ៊ន ស៊ីនឿន អាយុ ៥៣ ឆ្នាំ។

ស្ត្រីជាប់ចោទទាំង ២ នាក់ បានថ្លែងទៅកាន់ចៅក្រមក្នុងពេលជំនុំជម្រះថា៖ «ពួកខ្ញុំគ្រាន់តែនាំស្ត្រីរងគ្រោះឲ្យជួបគេនៅភ្នំពេញទេ ប៉ុន្តែខ្ញុំសុំទទួលខុស ហើយសូមតុលាការបន្ថយទោសដល់ពួកខ្ញុំផង»។ ស្ត្រីជាប់ចោទទាំង ២ នាក់ថា សំណុំរឿងនេះត្រូវសាលាដំបូងខេត្តក្រចេះ ប្រកាសសាលក្រមនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៨ ផ្តន្ទាទោសពួកគេម្នាក់ៗឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំចោទពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែនតាមមាត្រា ២០ និងមាត្រា ១៩ ច្បាប់ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងរួមគ្នាសងទៅស្ត្រីរងគ្រោះម្នាក់ៗ ៤ លានរៀល។

លោក ប៉ែត សារ៉ាត តំណាងមហាអយ្យការសន្និដ្ឋានថា តាមអង្គហេតុ និង ចម្លើយសារភាពរបស់ស្ត្រីជាប់ចោទទាំង ២ នាក់ និងចម្លើយរបស់ស្ត្រីរងគ្រោះទាំង ២ នាក់បង្ហាញថា ជនជាប់ចោទពិតជាប្រព្រឹត្តបទល្មើសមែន។ លោកថ្លែងថា៖ «សុំឲ្យក្រុមប្រឹក្សាពិចារណាតាមច្បាប់»។

លោកមេធាវីការពារសិទ្ធិជនជាប់ចោទទាំង ២ បានសន្និដ្ឋានថា ជនជាប់ចោទដែលជាកូនក្តីរបស់លោកក៏ជាជនរងគ្រោះដែរព្រោះគាត់គ្រាន់តែនាំស្ត្រីរងគ្រោះទៅឲ្យមនុស្សម្នាក់ទៀត ដូច្នេះគាត់មិនពាក់ព័ន្ធនឹងការនាំស្ត្រីរងគ្រោះទៅប្រទេសចិនទេ។ លោកមេធាវី ទាំង ២ នាក់ បានថ្លែងទៅកាន់អង្គជំនុំជម្រះដោយសូមឲ្យតុលាការបន្ថយទោសដល់កូនក្ដីរបស់លោកទាំង ២ នាក់ផងដែរ។ លោក ចៅក្រម សេង ស៊ីវត្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានេះប្រកាសនៅថ្ងៃទី ១៩ ខែធ្នូ៕

website_news/2019111203.txt · Last modified: 2019/12/11 12:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki