website_news:2019111204

បើកយុទ្ធនាការ ១៦ថ្ងៃ បំពាក់បូពណ៌ស៖ រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រី និងក្មេងស្រី

http://www.rasmeinews.com/ December 10, 2019, 5:57 PM ដោយ៖ ទេព មង្គល-គន្ធា

ភ្នំពេញ៖ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានចូលរួមបើកយុទ្ធនាការ ១៦ ថ្ងៃបំពាក់បូពណ៌ស ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និង ក្មេងស្រី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលព្រឹត្តិការណ៍មួយនេះ ប្រព្រឹត្តទៅ ក្រោមប្រធានបទ ” រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រី និងក្មេងស្រី ” ។

បន្ទាប់ពីអរគុណចំពោះ ក្រុមការងារទប់ស្កាត់អំពើហិង្សា ទាក់ទងនឹងយេនឌ័ររបស់ ក្រសួងកិច្ចការនារី និងអង្គការដៃគូ របស់ក្រសួងកិច្ចការនារី រួមមាន អង្គការ UNFPAUN Women និងកម្មវិធី ACCESS ដែលបានជួយគាំទ្រកម្មវិធីនេះ លោកស្រី ហ៊ូ សាមិត្ត បានឱ្យដឹងថា ការរៀបចំកម្មវិធីយុទ្ធនាការ ១៦ ថ្ងៃ បំពាក់បូពណ៌ស ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី សម្រាប់ឆ្នាំ២០១៩ នាពេលនេះ ក្នុងគោលបំណងបង្កើនការ យល់ដឹងរបស់មន្ត្រី នៃក្រសួងកិច្ចការនារីទាំងអស់ អំពីអត្ថន័យ និងខ្លឹមសារ នៃយុទ្ធនាការ ១៦ ថ្ងៃ បំពាក់បូពណ៌ស ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដូចនេះយើងទាំងអស់គ្នា ត្រូវតែ រួមគិតរួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រី និងក្មេងស្រី ដោយយកអស់កម្លាំងកាយចិត្ត រួមទាំងឆន្ទៈមោះមុត ធ្វើយ៉ាងណាឱ្យស្ត្រី និងក្មេងស្រី រួចផុតពីអំពើហិង្សា ហើយមានឱកាសចូលរួម ក្នុងគ្រប់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ដូចបុរស និងក្មេងប្រុសដែរ។

លោកស្រី បានបន្តថា ជារៀងរាល់ឆ្នាំ ក្រសួងកិច្ចការនារី តែងតែសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងរំលឹកឡើងវិញ ពីវីរភាពរបស់ក្រុមបុរសជនជាតិកាណាដាមួយក្រុម ដែលបានចាប់ផ្តើមឡើង តាំងពីឆ្នាំ ១៩៩១ រហូតដល់ទិវានេះ បានត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ និងបានចាត់ទុក ជាទិវាអន្តរជាតិ ក្នុងការធ្វើយុទ្ធនាការ លុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ នៅទូទាំងពិភពលោក តែងតែរៀបចំ យុទ្ធនាការនេះ ហើយគេបានចាត់ទុកថា អំឡុងពេលនេះ គឺជាទិវានៃស្មារតីសាមគ្គីភាព របស់បុរសប្រឆាំងនឹងអំពើហិង្សា របស់បុរស ទៅលើស្ត្រី ហើយបានកំណត់ ការបំពាក់បូពណ៌ស ដែលជាសញ្ញា នៃការសន្យារបស់ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

លោកស្រី បានបន្តទៀតថា យើងទាំងអស់គ្នា ពិតជាបានដឹងហើយថា អំពើហិង្សា នៅក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទ លើស្ត្រី និងក្មេងស្រី នៅតែបន្តកើតមានលើស្ត្រី និងក្មេងស្រី ក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងមូល ហើយអំពើហិង្សាទាំងនេះ កើតមានឡើងគ្រប់រូបភាព ដែលស្ត្រី និងក្មេងស្រី នៅតែបន្តជាកម្មវត្ថុ នៃអំពើហិង្សាលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងនៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ។ ស្ត្រីប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការទទួលបាននូវ សិទ្ធិមនុស្ស កិច្ចការពារ និងយុត្តិធម៌ ហើយស្ត្រីក៏តែងតែទទួលរង នូវហានិភ័យ នៃអំពើហិង្សា ថែមទៀតដែរ។ បញ្ហានេះ រួមបញ្ចូលទាំងស្ត្រីពិការ ស្ត្រីចាស់ជរា ស្ត្រីស្រឡាញ់ ភេទដូចគ្នា ស្ត្រីជនជាតិដើមភាគតិច ស្ត្រីបម្រើសេវាផ្លូវភេទ ស្ត្រីបម្រើការងារ នៅកន្លែងកំសាន្ត កម្មការិនីរោងចក្រ និងនិយោជិត ជាស្ត្រីផ្សេងៗទៀត។

រាល់ទម្រង់ទាំងឡាយ នៃអំពើហិង្សាលើស្ត្រី កើតឡើងដោយកត្តាគួបផ្សំផ្សេងៗ ទាក់ទងនឹងកម្រិតបុគ្គល សម្ព័ន្ធភាពសហគមន៍ និងឋានៈក្នុងសង្គម ហើយមិនអាចក្រសួង ស្ថាប័នណាមួយ ទទួលបន្ទុកដោះស្រាយ តែឯងបានឡើយ គឺទាមទារឱ្យមានការចូលរួម ពីគ្រប់អ្នកពាក់ព័ន្ធ ទាំងក្រសួង ស្ថាប័នរដ្ឋ អង្គការដៃគូជាតិ អន្តរជាតិ និងផ្នែកឯកជន ព្រមទាំងសហគមន៍ ក្រុមគ្រួសារ និងជនរងគ្រោះខ្លួនឯងផងដែរ ហេតុ ដូច្នេះ ទើបឆ្នាំនេះក្រសួងកិច្ចការនារី សម្រេចជ្រើសរើសយកប្រធានបទ ” រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី” សម្រាប់យុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ” នៅឆ្នាំ២០១៩ នេះ ក្នុងគោលបំណងគៀរគរយើងទាំងអស់គ្នា ចូលរួមរិះរកយុទ្ធសាស្ដ្រ ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។

លោកស្រី បានបញ្ជាក់ថា ការចូលរួមធ្វើ គឺសំដៅការចូលរួមអប់រំផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ មិនត្រូវប្រព្រឹត្តអំពើហិង្សា លើនរណាម្នាក់ឡើយ ទោះបីអ្នកនោះជាបងប្អូន កូនចៅ ប្រពន្ធប្តី ជាសាច់ញាតិ ឬអ្នកដទៃក៏ដោយ ពីព្រោះការប្រព្រឹត្តអំពើហិង្សា គឺជាអំពើខុសច្បាប់ ហើយរំលោភបំពាន សិទ្ធិមនុស្ស ដែលមានផលប៉ះពាល់ លើជីវិតរបស់ជនរងគ្រោះ។ យើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តសកម្មភាព ឬកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាជូន ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការសម្របសម្រួលបញ្ជូនជនរងគ្រោះ ទៅសេវាពាក់ព័ន្ធឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ លោកស្រី បានមានជឿជាក់ថា សមិទ្ធផលដែលសម្រេចបាន បន្ទាប់ពីសកម្មភាពយុទ្ធនាការបូពណ៌ស ១៦ថ្ងៃ នាពេលនេះ នឹងជាវិភាគទានមួយ ដ៏មានតម្លៃ ប្រកបដោយវិសាលភាព ក្នុងការចូលរួមកាត់បន្ថយ អំពើហិង្សា ទាក់ទងនឹងយេនឌ័រ ដែលជាការឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ដ្រនារីរតនៈ របស់ក្រសួងកិច្ចការនារី ដែលជំរុញឱ្យមានសមភាព និងសមធម៌យេនឌ័រ នៅក្នុងសង្គម ប្រកបដោយបរិយាបន្ន ព្រមទាំងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងយេនឌ័រ ដើម្បីកាត់បន្ថយរាល់ទម្រង់ អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ ជាពិសេស សមិទ្ធផលនេះ រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានរួមចំណែកអនុវត្តការប្ដេជ្ញាចិត្ត នាពេលថ្មីៗនេះ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ជាមួយតំណាងប្រទេស ចំនួន១៧០ ក្នុងការសម្រេចឱ្យបានដល់ចំណុចសូន្យ នៃការបញ្ឈប់អំពើហិង្សា លើស្ដ្រី នៅឆ្នាំ២០៣០៕v

website_news/2019111204.txt · Last modified: 2019/12/11 12:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki