website_news:2019111206

ពលរដ្ឋវៀតណាម ច្រើនជាង ១៣២.០០០នាក់ ទៅធ្វើពលករ ក្រៅប្រទេស នៅឆ្នាំ២០១៩

https://www.dap-news.com/ ByTR110 Posted on December 10, 2019

ហាណូយ៖ ប្រជាជនវៀតណាម ច្រើនជាង ១៣២.៨០០នាក់ បានទៅធ្វើការ នៅក្រៅប្រទេស ក្នុងកំឡុងរយៈពេល ១១ខែ ឆ្នាំ២០១៩ នេះ លើសពីគោលដៅ ដែលបានគ្រោងទុក ក្នុងឆ្នាំនេះចំនួន ១២០.០០០ នាក់។ នេះបើយោងតាម តួលេខពីសមាគម ផ្គត់ផ្គង់កម្លាំង ពលកម្មវៀតណាម (VAMAS) ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា គ្រាន់តែក្នុងខែវិច្ឆិកាតែមួយ ជនជាតិវៀតណាម ជិត ១៤.៨០០ នាក់បានទៅធ្វើការ នៅក្រៅប្រទេស គឺកើនឡើងជិត ២,៦ ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានចំនួន ៩៦,៩ ភាគរយ នៃទីផ្សារនាំចេញកម្លាំងពលកម្ម របស់ប្រទេសវៀតណាម ដែលមានកម្មករចំនួន ១២៨.៦៨៥ នាក់។ ចំនួនពលករទៅជប៉ុន បានកើនឡើង ១៦,៦៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ចាប់តាំងពីដើមឆ្នាំមក កូរ៉េខាងត្បូង បានទទួលពលករ វៀតណាមចំនួន ៦៣២នាក់ ជារៀងរាល់ខែ។ ទន្ទឹមនឹងនេះដែរ ចំនួនពលករទៅប្រទេស អាស៊ីអាគ្នេយ៍ ដូចជាម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ថៃនិងកម្ពុជា មានចំនួនត្រឹមតែ ៥៨៤នាក់ប៉ុណ្ណោះ គឺបានធ្លាក់ចុះ ៤៦,៧២ ភាគរយ។ ពលករធ្វើការនៅមជ្ឈឹមបូព៌ា មានចំនួនតែ ១ ភាគរយនៃចំនួនសរុប៕ ប្រែសម្រួលៈ ណៃ តុលា

website_news/2019111206.txt · Last modified: 2019/12/11 13:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki