website_news:2019120202

ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ៖ សកម្មភាពជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទនៅកម្ពុជា នៅតែជាបញ្ហាត្រូវយកចិត្តទុកដាក់ខ្ពស់

https://kmnnews.com/kmnnews/ ចេញផ្សាយ ថ្ងៃទី 11 ខែ កុម្ភះ ឆ្នាំ 2019

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានលើកឡើងថា សកម្មភាពជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារនៅកម្ពុជានៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងក្នុងនោះរួមមាន បញ្ហាពេស្យាចារ ជួញដូរព្រហ្មចារី អាជីវកម្មផ្លូវភេទ ការពពោះជំនួស និងការជួញដូរសរីរាង្គជាដើម ។ លោកឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានថ្លែងបែបនេះធ្វើឡើងខណៈដែលលោកបានអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធដល់នគរបាលរាជធានី នៅព្រឹកថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បានបន្ថែមថា ការធ្វើចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេសដោយខុសច្បាប់ក៏នៅតែជាបញ្ហាប្រឈមដូចជា សុំទាន នេសាទសមុទ្រ បំរើការងារតាមផ្ទះ និងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។ ក្នុងនោះបុរសត្រូវបានគេនាំចេញទៅធ្វើការងារខុសច្បាប់នៅប្រទេសថៃ ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សឹង្ហបុរី ប៉ាគីស្ថាន សូម៉ាលី ជប៉ុននិង អារ៉ាប់ប៊ីសាអូឌីតជាដើម ។ វគ្គបណ្តុះបណ្តាល នៅពេលនេះមានគោលបំណងសំខាន់គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញបន្ថែមទៀតក្នុងពេលប្រតិបត្តការបង្ក្រាបបទល្មើសលើបច្ចេកទេស ចាប់ជនសង្ស័យ ការកាពារខ្លួន និងការប្រើប្រាស់អាវុធ រួមទាំងការសង្គ្រោះបឋមពេលដែលមានការទទួលរងរបួស ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះនឹងផ្តល់នៅបទពិសោធន៍ និងចំណោះដឹងបន្ថែមទៀតសំដៅរកភាពរីកចម្រើនក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើផ្លូវភេទលើស្ត្រី និងកុមារ ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ដោយមានការចូលរួមពីសំណាក់អង្គការចំនួនពីរ គឺអង្គការមេត្រីអន្តរជាតិ (AIM SWAT) និង(SUMMIT CHURCH) ដែលមានគ្រូឧទ្ទេសនាមដែលមានបទពិសោធខ្ពស់មកពីសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីសិក្ខាកាមជានាយ នាយរងនគរបាល មកពីនាយកដ្ឋាន និងស្នងការដ្ឋានរាជធានីភ្នំពេញ ៕

website_news/2019120202.txt · Last modified: 2019/02/13 12:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki