website_news:2019120205

១រយកោដិសំឡេង៖ អំពើហិង្សាលើស្ត្រីកំពុងកើតមានក្នុងទម្រង់បែបថ្មីនៃសម័យបច្ចេកវិទ្យាទំនើប

http://km.rfi.fr/ ដោយ អេង គីមហុង10/02/2019

បណ្ដាអង្គការសង្គមស៊ីវិលនៅរសៀលនេះនឹងរៀបចំយុទ្ធនាការ ១រយកោដិសំឡេងលើកទី៦ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី។ អំពើហិង្សាលើស្ត្រីត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា កំពុងកើតមានឡើងនៅក្នុងទម្រង់បែបថ្មីនៃសម័យបច្ចេកវិទ្យាទំនើប ខណៈអំពើហិង្សាដោយកម្លាំងមានការថយចុះ។ នេះបើតាមអង្គការយេឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា។

អំពើហិង្សាលើស្ត្រីនៅក្នុងវង្វង់គ្រួសារបានធ្លាក់ចុះ ប៉ុន្តែអំពើហិង្សាលើស្ត្រីបានប្ដូរទម្រង់បែបថ្មី ដែលទម្រង់ថ្មីនេះកំពុងតែកើតមានតាមប្រព័ន្ធអនឡាញ ជាពិសេសបណ្ដាញសង្គមហ្វេសបុកតែម្ដង។ ជាក់ស្ដែង ការបង្ហោះ និងថតរូបស្ត្រីដោយគ្មានការអនុញ្ញាត ហើយធ្វើការចែកចាយបន្តលើបណ្ដាញសង្គមតាមរយៈប្រើប្រាស់ពាក្យសម្ដីលេងសើច មាក់ងាយ ឬគម្រាមកំហែង ជាដើមគឺសុទ្ធតែរាប់បញ្ចូលទៅក្នុងទម្រង់អំពើហិង្សាបែបថ្មី។ ក្នុងនោះ ករណីជួលស្ត្រីឲ្យពពោះជំនួស ក៏ត្រូវបានចាត់ទុកជាទម្រង់បែបថ្មីនៃអំពើហិង្សាដែរ ខណៈសង្គមស៊ីវិលកំពុងធ្វើការស្រាវជ្រាវនិងពិភាក្សាបន្ថែមលើករណីពពោះជំនួសនេះ ថាតើវាស្ថិតនៅក្នុងការជួញដូរស្ត្រីឬយ៉ាងណា។

អ្នកស្រី សុវណ្ណ រដ្ឋវត្តី ប្រធានកម្មវិធីអភិវឌ្ឍន៍សមត្ថភាពនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះថា ការផ្ដល់និយមន័យចំពោះអំពើហិង្សាលើស្ដ្រី តាំងពីអតីតកាលនិងបច្ចុប្បន្ន គ្មានការប្រែប្រួលទៅតាមការវិវត្តនៃសង្គមទេ។ គេចាត់ទុកថាជាអំពើហិង្សាលើស្ត្រី លុះត្រាតែជាការ វាយ ដំ ច្រំ ធាក់។ ហើយនេះគឺជារឿងព្រួយបារម្ភមួយកម្រិតទៀតនៅពេលដែលសង្គមមិនបានចាប់អារម្មណ៍ទម្រង់ថ្មីនៃអំពើហិង្សាដែលកំពុងកើតមាន។ បន្ថែមលើនេះ ការមិនផ្ដល់ឱកាសនិងសិទ្ធិសេរីភាពស្មើគ្នារវាងស្ត្រីនិងបុរស ក៏ត្រូវបានរាប់ជាអំពើហិង្សាដែរ។ ការលើកឡើងពីអំពើហិង្សាទម្រង់ថ្មីដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសង្គមស៊ីវិលកំពុងរៀបចំយុទ្ធការ១កោដិសំឡេង ដើម្បីបញ្ចប់អំពើហិង្សាលើស្ដ្រី។ ជាយុទ្ធនាការលើកទី៦ ដែលរៀបចំឡើងក្រោមប្រធានបទ ពីយុទ្ធនាការ ក្លាយជារស់នៅប្រចាំថ្ងៃដើម្បីក្លាយជាមនុស្សម្នាក់ដែលបញ្ចប់អំពើហិង្សាលើស្ត្រី។ យុទ្ធនាការនេះ បានបង្ហាញពីចាប់ផ្ដើមនៃការផ្លាស់ប្ដូរផ្នត់គំនិតមួយសម្រាប់បុរស ដែលត្រូវសួរខ្លួនឯងថា ទង្វើណាមួយជាអំពើហិង្សា ខណៈស្ត្រីនៅតែជាជនរងគ្រោះទីមួយនៃអំពើហិង្សាបុរស។ នេះបើតាម អ្នកស្រី សុវណ្ណ រដ្ឋវត្តី។

ផ្អែកតាមរបាយការណ៍ដោយឡែករបស់អង្គការលីកាដូ រយៈពេល ១០ខែ ឆ្នាំ២០១៨ ករណីអំពើហិង្សាលើស្ដ្រីមានចំនួន ៥៨ករណី បណ្តាលឱ្យជនរងគ្រោះជាស្ត្រី ១០នាក់ស្លាប់ ហើយការរំលោភសេពន្ថវៈលើស្ត្រី និងកុមារីមានចំនួន ១២៧ករណី បណ្តាលឱ្យជនរងគ្រោះ៨ នាក់ស្លាប់ ក្នុងនោះក្មេងស្រីមានចំនួន៣នាក់៕

website_news/2019120205.txt · Last modified: 2019/02/13 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki