website_news:2019120207

ស្វាមីភរិយាសិង្ហបុរីមួយគូត្រូវកាត់ទោសដាក់ពន្ធនាគារ ក្រោយបង្ខំឲ្យអ្នកបម្រើជាជនជាតិមីយ៉ាន់ម៉ា «ផឹកទឹកជូតផ្ទះ» និងប្រព្រឹត្តអំពើឃោឃៅជាច្រើនទៀតលើនាង

http://www.freshnewsasia.com/index.php/en/internationalnews/ 2019-02-11-11

(សិង្ហបុរី)៖ តុលាការសិង្ហបុរីបានផ្តន្ទាទោសគូស្មាមីភរិយាមួយគូ ដែលបានបង្ខំឲ្យស្ត្រីអ្នកបម្រើតាមផ្ទះជាជនជាតិមីយ៉ាន់ម៉ាមួយរូប ងូតទឹកក្តៅស្រោចខ្លួន រួចបោចសក់នាង ហើយបញ្ច្រកទឹកជូតសម្អាតផ្ទះឲ្យនាងផឹកថែមទៀតនោះ ឲ្យជាប់ពន្ធនាគារម្នាក់ ០៣ឆ្នាំ និងម្នាក់ទៀត ០៦សប្តាហ៍ ព្រមទាំងពិន័យជាប្រាក់ ៩ពាន់ដុល្លារសិង្ហបុរី ឬស្មើនឹងជាង ៦.៦ពាន់ដុល្លារអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាល្ងាចថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

គូស្វាមីភរិយាខាងលើនេះ បានទទួលរងការចោទប្រកាន់ដោយតុលាការសិង្ហបុរី ក្រោយពីបានរួមគ្នាប្រព្រឹត្តទង្វើសាហាវព្រៃផ្សៃខាងលើនេះ ចាប់តាំងពីឆ្នាំ២០១៦ ទៅលើអ្នកបម្រើក្នុងផ្ទះរបស់ខ្លួនដែលជាស្ត្រីជនជាតិមីយ៉ាន់ម៉ា មានឈ្មោះថា ព្យូព្យូ ម៉ា (Phyu Phyu Mar ដែលបានធ្វើឲ្យនាងបន្សល់ទុកស្លាកស្នាមរបួសពាសពេញខ្លួនជាភស្តុតាងជាក់ស្តែង។

គួរបញ្ជាក់ថា នៅចំពោះមុខតុលាការសិង្ហបុរី គូស្វាមីភរិយាមួយគូនេះបានសារភាពថា ពួកគេពិតជាមិនពេញចិត្តនោះឡើយ ចំពោះការបំពេញការងារយឺតយ៉ាវរបស់ Mar ប៉ុន្តែសម្រាប់អ្នកដែលបង្កហិង្សាខ្លាំងជាងគេទៅលើ Mar នោះគឺស្ត្រីជាភរិយាអាយុ ៣៩ឆ្នាំ ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ០៣ឆ្នាំ ខណៈប្តីនាងដែលមានអាយុ ៤៤ឆ្នាំ ត្រូវជាប់គុកតែ ០៦សប្តាហ៍ប៉ុណ្ណោះ។

តុលាការសិង្ហបុរីបានកាត់សេចក្តីថា ទោះបីជា Mar មានភាពយឺតយ៉ាវក្នុងបំពេញការងារក្តី ក៏ប្តីប្រពន្ធទាំងពីរនាក់នេះ គ្មានសិទ្ធិក្នុងការធ្វើទារុណ្ឌកម្មលើរូបរាងកាយនាងនោះដែរ។ ក្រៅពីទារុណ្ឌកម្ម Mar ក៏ត្រូវបានគេបង្អត់អាហារ និងមិនបើកប្រាក់ខែឲ្យថែមទៀត។ ដោយឡែករឿងរ៉ាវនៃទារុណ្ឌកម្មនេះត្រូវបានបែកធ្លាយ ក៏ព្រោះស្ត្រីជាប្រពន្ធបាននាំអ្នកបម្រើឈ្មោះ Mar ទៅកាន់ហាងសាឡនរបស់ខ្លួន ហើយអ្នកបម្រើក្នុងហាងសាឡននោះបានសួរនាំ ពីអការៈរបស់ Mar រួចសម្រេចក៏ប្តឹងទៅសមត្ថកិច្ចសង្ហបុរីតែម្តង ពីអំពើឃោឃៅដែលចៅហ្វាយស្រីខ្លួន បានប្រព្រឹត្តលើអ្នកបម្រើជនជាតិមីយ៉ាន់ម៉ានោះ៕

website_news/2019120207.txt · Last modified: 2019/02/13 12:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki