website_news:2019120304

ក្រសួងការងារប្ដឹងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មឡឥដ្ឋ ករណីកុមារីជួបគ្រោះថ្នាក់ដាច់ដៃ

https://thmeythmey.com/ 12, Mar 2019 , 10:31 am ដោយ: ញ៉ុង ហេង

ភ្នំពេញ៖ ក្រសួងការងារកំពុងកសាងសំណុំរឿងបណ្ដឹងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មផលិតឥដ្ឋ នៅខេត្តកណ្ដាល ចំពោះករណីកុមារីម្នាក់ជួបគ្រោះថ្នាក់ដាច់ដៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី១១ខែមីនានេះ។ កាលពីថ្ងៃទី៩ខែមីនា កុមារីអាយុ១០ឆ្នាំម្នាក់ ដែលជាកូនរបស់កម្មករឡឥដ្ឋ បានជួបគ្រោះថ្នាក់នៅសិប្បកម្មផលិតឥដ្ឋរបស់ម្ចាស់ឈ្នោះ លាង ស្រ៊ុន ក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលកុមារីរូបនោះបានដាច់ដៃចូលក្នុងម៉ាស៊ីនផលិតឥដ្ឋ។

ក្រោយការចុះអង្កេត ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានសម្រេចពិន័យសិប្បកម្មផលិតឥដ្ឋមួយនេះស្របតាមមាត្រា ៣៦៨នៃច្បាប់ការងារ និងកសាងសំណុំរឿងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មនេះ អំពីករណីប្រើប្រាស់ពលកម្មកុមារ និងខ្វះវិធានការការពារសុវត្ថិភាពកុមារ មិនឲ្យចូលកៀកទៅកន្លែងខ្សែសង្វាក់ផលិតកម្ម។ ក្រសួងបញ្ជាក់ថា កុមារីរងគ្រោះទទួលបានការគាំទ្រពីរបបសន្តិសុខសង្គម ដូចជាការព្យាបាលរបួស សេវាស្ដារនីតិសម្បទាឡើងវិញ ប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពអចិន្រៃ្តយ៍មួយជីវិត និងប្រាក់ឧបត្ថម្ភអំឡុងពេលព្យាបាលរបួស។

ក្រសួងក្រើនរំលឹកដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ សហគ្រាស គ្រឹះស្ថានទាំងអស់យ៉ាងដូច្នេះថា៖ «ការប្រើប្រាស់កម្លាំងពលកម្មកុមារ គឺត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមប្រកាសលេខ៣០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៧ ស្ដីពីលក្ខខណ្ឌការងារ និងជីវភាពរស់នៅក្នុងសហគ្រាសឡឥដ្ឋ។ ការប្រើប្រាស់កុមារអាយុក្រោម១២ឆ្នាំ គឺជាបទល្មើសព្រហ្មទណ្ឌ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ពលកម្មកុមារអាយុក្រោម១៨ឆ្នាំនៅតាមមណ្ឌលហប់ ទីខ្ពស់ និងកន្លែងដែលមានប្រើប្រាស់សាធាតុគីមីត្រូវហាមឃាត់។ ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌចំពោះសិប្បកម្មឡឥដ្ឋ សហគ្រាស គ្រឹះស្ថានដែលល្មើសនឹងករណីខាងលើ»៕

website_news/2019120304.txt · Last modified: 2019/03/12 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki