website_news:2019120402

អ្នកនាំពាក្យថា ពលករខ្មែរមកពីថៃ បានបង់ប្រាក់នៅទ្វារព្រំដែន ព្រោះមិនចង់ចាំយូរ

https://thmeythmey.com/ 11, Apr 2019 , 5:50 pm ដោយ: អ៊ូ សុខមាន

ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា ករណីដែលមានពលករខ្មែរមកពីប្រទេសថៃ ហើយបានឱ្យប្រាក់ទៅមន្រ្តីអន្តោប្រវេសន៍ នៅតាមព្រំដែនប៉ោយប៉ែត និងបាត់ដំបង ដោយសារតែពួកគេ មិនចង់រង់ចាំតម្រង់ជួរយូរ។ លោក បកស្រាយថា ការឱ្យប្រាក់១០០ឬ២០០បាតដល់មន្រ្តីអន្តោប្រវេសន៍ខ្មែរនោះ ជាលក្ខណៈបុគ្គលតែប៉ុណ្ណោះ ដើម្បីបានចេញលឿន។

ក្នុងបទសម្ភាសតាមទូរសព្ទជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១១មេសា លោក ខៀវ សុភ័គ លើកឡើងថា ពេលជិតបុណ្យចូលឆ្នាំខ្មែរ ពលករដែលធ្វើការនៅប្រទេសថៃជាច្រើន បាននាំគ្នាសម្រុកមកស្រុកកំណើតវិញ ដែលបណ្តាឱ្យមានភាពកក់ស្ទះពេញតាមច្រកព្រំដែន និងមានអ្នកខ្យល់គរជាច្រើននាពេលកំពុងតម្រង់ជួរប្រថាប់ត្រា ដោយសារតែក្តៅនិងហប់ពេក។ លោក បន្តថា ករណីមន្តី្រអន្តោប្រវេសន៍ខ្មែរ បានទារប្រាក់ពីពលករនោះ គឺមិនមានឡើយ។

អ្នកនាំពាក្យរូបនេះ បកស្រាយថា «ការយកលុយពីប្រជាពលរដ្ឋឆ្លងដែនគឺមិនមានទេ។ មានតែជួយណែនាំនិងសម្រួលពីសំណាក់មន្ត្រីតាមព្រំដែនក្នុងការជួយដល់កម្មករ-កម្មការនីយើង។ យើងគ្មានគោលការណ៍ ឬច្បាប់ណាមួយដែលតម្រូវឱ្យមន្តី្រយកប្រាក់ ឬទារប្រាក់ ពីពលករទាំងនោះដែរ»។ លោក ខៀវ សុភ័គ បានបញ្ជាក់ថា បើរកឃើញមន្តី្រអន្តោប្រវេសន៍នៅតាមព្រំដែនណាមួយ បានទារឬគំរាមយកប្រាក់ពីពលករ នឹងទទួលទោសច្បាប់៕

website_news/2019120402.txt · Last modified: 2019/04/12 13:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki