website_news:2019120405

បុរសម្នាក់ត្រូវឃាត់ខ្លួន ពីបទទារលុយពលករមកពីថៃនៅច្រកទ្វារប៉ោយប៉ែត

https://www.postkhmer.com/ ខន សាវិ | Publication date 12 April 2019 | 10:50 ICT

បន្ទាយមានជ័យៈ មន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតម្សិលមិញបានឃាត់ខ្លួនបុរសម្នាក់ដោយចោទពីបទជំរិតទារប្រាក់ពីពលករ ដែលការឃាត់នេះធ្វើឡើងស្របពេលមានការចោទប្រកាន់ថា មន្ត្រីប៉ូលិសព្រំដែនខ្មែរនៅប៉ោយប៉ែត បានឆក់ឱកាសឱ្យមានសេវាក្រៅផ្លូវការវីអាយភី ដើម្បីយកប្រាក់ពីពលករឆ្លងដែនពីថៃចូលមកលេងស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំ។

ទំព័រហ្វេសប៊ុករបស់ប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតពីម្សិលមិញ បានបង្ហាញមុខបុរសម្នាក់ និងរៀបរាប់យ៉ាងខ្លីថា គឺជាអ្នកជំរិតទារប្រាក់ពីពលករ «ការឃាត់ខ្លួនមេខ្យល់ជំរិតទារប្រាក់ពីបងប្អូនពលករ នៅតែបន្តដូចភ្លៀងរលឹម។ សូមបងប្អូនមកទាក់ទងមន្ត្រីដោយផ្ទាល់ ចៀសវាងការចាញ់បោក និងខាតបង់ប្រាក់កាស»។

ភ្នំពេញប៉ុស្ដិ៍បានផ្ញើសារតាមរយៈទំព័រហ្វេសប៊ុករបស់ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីសុំការបកស្រាយបន្ថែមពីលោក ខឹម ចិត្រា ប្រធានប៉ុស្ដិ៍នគរបាលច្រកទ្វារនេះ ប៉ុន្តែអ្នកកាន់ទំព័រហ្វេសប៊ុកនោះបានឆ្លើយតបថា មន្ត្រីកំពុងរៀបចំឯកសារជុំវិញការឃាត់ខ្លួនបុរសម្នាក់នេះ ហើយនឹងផ្ញើឯកសារនោះមកភ្នំពេញប៉ុស្ដិ៍តាមក្រោយ។

លោក សេម មករា នាយផ្នែកសេនាធិការនគរបាលប៉ុស្ដិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មិនលើកទូរស័ព្ទនោះទេពីម្សិលមិញ។ ឯលោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា លោកមិនបានដឹងករណីឃាត់ខ្លួនអ្នកជំរិតទារប្រាក់ពីពលករនេះទេ។ ការឃាត់ខ្លួនមេខ្យល់ប្រមូលប្រាក់ពីពលករនេះ កើតឡើងស្របពេលមានការលើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំដែលពលករខ្មែរនៅថៃកំពុងនាំគ្នាសម្រុកមកលេងស្រុកកំណើត គឺប៉ូលិសច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាន ឃុបឃិតជាមួយភ្នាក់ងារអ្នករត់ការដើម្បីលក់សំបុត្រវីអាយភីតម្លៃ ៣៥០ បាតឬស្មើប្រហែល៤ម៉ឺនរៀល ចំពោះពលករណាដែលចង់ឆាប់ឆ្លងដែនបានរហ័ស ហើយមិនចាំបាច់ទៅតម្រង់ជួរ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា៖ «មន្ត្រីនគរបាលគ្រប់ច្រកទ្វារព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលជាប្រចាំដល់ពលរដ្ឋខ្មែរនិងបរទេសដែលធ្វើដំណើរឆ្លងកាត់ព្រំដែនជាពិសេសពលករដែលធ្វើការនៅប្រទេស ថៃ ក្នុងរដូវចូលឆ្នាំខ្មែរខាងមុខឆាប់ៗនេះ ដោយមិនត្រូវទទួលប្រាក់កាសឡើយ»។

លោក ស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា អ្នកដែលរត់ការចាំលក់សំបុត្រវីអាយភីទៅពលករនៅតាមច្រកទ្វារឆ្លងដែន ប្រាកដជាពួកគេបានផ្ដល់ផលប្រយោជន៍ទៅអាជ្ញាធរប្រចាំការនៅទីនោះ បើមិនដូច្នោះទេ ពួកគេក៏មិនហ៊ានធ្វើសកម្មភាពបែបនេះដែរ៕

website_news/2019120405.txt · Last modified: 2019/04/12 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki