website_news:2019120601

ឃាត់ខ្លួនជនសង្ស័យ បង្ខំឲ្យក្មេងៗដើរសុំទានគេនៅម្តុំផាប់ស្ត្រីត ថែមទាំងឲ្យដេកជាមួយភ្ញៀវបរទេសហើយយកលុយពីគ្នា

https://khmernote.com/news/ June 11, 2019

ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបករណីអំពើអូសទាញពេស្យាចារកុមារ និងករណីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច ដោយឃាត់ខ្លួនជនសង្ស័យក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ ពេត ម៉ៅ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ចំណែកជនរងគ្រោះទាំង៥មានដូចតទៅ ១.ឈ្មោះ រិទ្ធ ស្រីភ័ណ្ឌ ភេទស្រី អាយុ ១៥ឆ្នាំ, ២.ឈ្មោះ រិទ្ធ ស្រីពេជ្រ ភេទស្រី អាយុ ១៣ឆ្នាំ, ៣.ឈ្មោះ វណ្ណ: ស្រីភ័ស្ស ភេទស្រី អាយុ ១៤ឆ្នាំ, ៤.ឈ្មោះ វណ្ណ: ស្រីភាង ភេទស្រី អាយុ ១០ឆ្នាំ និង ៥.ឈ្មោះ ទូច ស្រីនិង ភេទស្រី អាយុ ១៤ឆ្នាំ។

ជនសង្ស័យបានអោយកុមារីទាំង៥ ដើរសុំទាននៅផ្សារចាស់តំបន់ផាប់ស្ត្រីត ចាប់ពីពេលល្ងាចម៉ោងប្រហែល ៧ រហូតដល់ម៉ោង៣ទៀបភ្លឺ ទើបហៅក្មេងស្រីទាំងអស់ទៅជួបជុំគ្នា នៅស្ពានឈើមុខសណ្ឋាគារតាព្រហ្ម និងតម្រូវអោយក្មេងៗទាំងអស់បង់ប្រាក់ម្នាក់ ១ម៉ឺន ទៅ២ម៉ឺនរៀលក្នុង១យប់។ ហើយបើក្មេងទាំងអស់នោះមិនស្តាប់តាម ជនសង្ស័យគំរាមវាយធ្វើបាប ព្រមទាំងបង្ខំអោយក្មេងជក់គ្រឿងញៀន ហើយបើមានភ្ញៀវបរទេសណាត្រូវការយកក្មេងទៅដេកជាមួយ ជនសង្ស័យជាអ្នកជំរុញអោយទៅជាមួយជនបរទេសហើយបកប្រែភាសាអោយក្មេងៗ រួចដកយកភាគរយដែលជនបរទេសអោយលុយទៅក្មេងៗថែមទៀត។

លោកបន្តទៀតថា ក្នុងករណីនេះជនសង្ស័យដែលមានឈ្មោះខាងលើនេះត្រូវបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង២០នាទី ហើយបន្តរៀបចំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

website_news/2019120601.txt · Last modified: 2019/06/12 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki