website_news:2019120602

កម្ពុជាស្នើម៉ាឡេស៊ី បន្តគាំទ្រនិង ការពារពលករខ្មែរ នៅទីនោះ

https://www.dap-news.com/archives/ ByID:112 Posted on 11 June 2019 | 14:10

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានស្នើសុំភាគីម៉ាឡេស៊ី ឲ្យបន្តជួយគាំទ្រយកចិត្តទុកដាក់ ហើយគាំពារឲ្យបាន សមរម្យដល់ពលករកម្ពុជា ទាំងអស់ដែលកំពុងបម្រើការងារ នៅក្នុងប្រទេសរបស់ខ្លួន។

តាមរយៈលោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភាគីម៉ាឡេស៊ី បានសហការធ្វើការជាមួយស្ថានទូតកម្ពុជា នៅទីក្រុងកូឡាឡាំពួ និងអង្គការអន្តរជាតិ អង្គការអន្តោប្រវេសន៍ ក្នុងការសហការ ដោះស្រាយទាន់ពេលវេលាជួយពលករមានបញ្ហា ហើយក៏បានរួមចំណែកក្នុងការបញ្ជូន ពួកគេមកប្រទេសវិញផងដែរ ។ លោកបន្តថា “ស្នើសុំភាគីម៉ាឡេ បន្តការជួយគាំទ្រយកចិត្តទុកដាក់ ហើយនិងផ្ដល់ប្រព្រឹត្តិកម្ម ឲ្យបានសមរម្យដល់ពលករកម្ពុជា ដែលធ្វើការនៅម៉ាឡេទាំងអស់” ។

ជាការឆ្លើយតបលោក Eldeen Husaini BIN MOHD HASHIM ថា រដ្ឋាភិបាលរបស់ម៉ាឡេស៊ី បានគិតគូរពីបញ្ហាពលករបរទេស ព្រោះនេះជាបញ្ហាអាទិភាពមួយរបស់រដ្ឋាភិបាល។ លោកសន្យាថា នឹងខិតខំផ្ដល់កិច្ចសហប្រតិបត្តិការថែមទៀត ជាមួយភាគីកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហារបស់ពលករ ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចំពោះពាណិជ្ជកម្មរវាងប្រទេស នៅឆ្នាំ២០១៧ មានប្រហែល៤១១លានដុល្លារ ខណៈឆ្នាំ២០១៨ បានកើនឡើងទៅដល់ ៤៧៤លានដុល្លារ ។ ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យកម្ពុជា-ម៉ាឡេស៊ី ជម្រុញការចរចាលើកិច្ចព្រមព្រៀង ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា ដែលមកដល់ពេលនេះ មិនទាន់បានចប់នៅឡើយទេ ។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅម៉ាឡេស៊ី កាលពីចុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅម៉ាឡេស៊ី។ គិតត្រឹម ខែតុលា ឆ្នាំ២០១៨ មានក្រុមហ៊ុនចំនួន ៦៩ នាំពលករខ្មែរទៅម៉ាឡេស៊ី។

ជាមួយគ្នានេះ ម៉ាឡេស៊ីក៏បានផ្លាស់ប្តូរលក្ខខណ្ឌការងារថ្មីផងដែរ ក្រោយពីកម្ពុជាផ្អាកបញ្ជូនពលករទៅ។ លក្ខខណ្ឌផ្លាស់ប្តូរនោះរួមមា៖ នីតិវិធីក្នុងការជ្រើសរើសពលករ និងការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជាឲ្យទៅធ្វើការនៅប្រទេស របស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត ៕ ដោយ នឿត សម្ផស្ស

website_news/2019120602.txt · Last modified: 2019/06/12 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki