website_news:2019120804

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូតទាំងអស់ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរចំនួនជាង ៦០០នាក់ ដែលកំពុងបម្រើការងារនៅលើកោះឆាង ខេត្តត្រាត ប្រទេសថៃ

https://www.facebook.com Royal Embassy of Cambodia in Bangkok 12-08-2019

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូតទាំងអស់ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរចំនួនជាង ៦០០នាក់ ដែលកំពុងបម្រើការងារនៅលើកោះឆាង ខេត្តត្រាត ប្រទេសថៃ ដែលកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពស្និតស្នាលនិងរីករាយ។ ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានពាំនាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជាប់ជានិច្ច។

ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះក្នុងគោលបំណងដើម្បីបង្ខិតសេវាកម្មឱ្យកៀកជិតបងប្អូនប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកកាត់បន្ថយចំណាយ និងពេលវេលាធ្វើដំណើររបស់ពលរដ្ឋដែលរស់នៅឆ្ងាយពីទីក្រុងបាងកក ស្ថានទូតបានរៀបចំកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលកររៀងរាល់ចុងសប្តាហ៍ ដោយនៅក្នុងកម្មវិធីនោះក៏មានក្រុមការងារចល័តផ្តល់សេវាកម្មប្រឹក្សាយោបល់លើបញ្ហាការងារ និងសេវាកុងស៊ុលដូចជា ការពន្យាសុពលភាពលិខិតឆ្លងដែន និងបញ្ជាក់ឯកសារផ្សេងៗ។ល។ ក្រុមកាងារស្ថានទូតបានចេញឯកសារចំនួន ១០០ ដល់បងប្អូន ដោយឥតគិតលុយដល់ទីកន្លែង។

ជាចុងក្រោយឯកឧត្តមឯកអគ្គរាជទូត ក៍បានផ្តាំផ្ញើឱ្យបងប្អូនពលករទាំងអស់ខិតខំធ្វើការងារ សន្សំប្រាក់ផ្ញើទៅស្រុក ខំរៀនជំនាញដើម្បីអនាគតពេលត្រឡប់ទៅធ្វើការនៅប្រទេសកម្ពុជាវិញ ព្រមទាំងមើលថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ។

website_news/2019120804.txt · Last modified: 2019/08/12 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki