website_news:2019130202

លើកអំពូលភ្លើងបង្វិល…ឆក់យកជីវិតពលករម្នាក់លើទឹកដីថៃ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ម៉ោង ១៤:៣៦ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ សពពលករម្នាក់ត្រូវបានភាគីថៃធ្វើការបញ្ជូនមកឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ជនរងគ្រោះស្លាប់នៅក្រុងបាងកកលើទឹកដីថៃ ។ ជនរងគ្រោះដែលស្លាប់ឈ្មោះឆេត ឆាវ ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករសំណង់ធ្វើការនៅក្រុងបាងកក និងមានស្រុកកំណើតនៅភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់កាលពីម៉ោង៧យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈជនរងគ្រោះឡើងបង្វិលអំពូលភ្លើងធំមួយនៅកន្លែងធ្វើការទាំងសម្លៀកបំពាក់សើម ។ ក្រោយពីបញ្ជូនសពជនរងគ្រោះមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សាច់ញាតិបានជួលរថយន្តដឹកបន្តទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

website_news/2019130202.txt · Last modified: 2019/02/13 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki