website_news:2019130302

ស្នងការ៖ ករណីក្មេងដាច់ដៃនៅឡឥដ្ឋ មិនមែនការជួញដូរពលកម្មកុមារទេ

https://m.postkhmer.com/ 12 March 2019 | 12:00 ICT

កណ្ដាលៈ ខណៈមានក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ បានដាច់ដៃ ដោយសារម៉ាស៊ីនធ្វើឥដ្ឋ នៅក្នុងសិប្បកម្មធ្វើឥដ្ឋមួយនៅក្នុងស្រុកខ្សាច់កណ្តាល ស្នងការខេត្តកណ្តាល បានអះអាងថា នេះពុំមែនជាករណីជួញដូរពលកម្មកុមារ ឲ្យមកធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋនោះទេ។ កាលពីថ្ងៃទី ០៩ មីនា ម៉ាស៊ីនធ្វើឥដ្ឋ នៅក្នុងសិប្បកម្មផលិតឥដ្ឋមួយកន្លែង ស្ថិតនៅក្នុងខេត្តកណ្ដាល បានធ្វើឱ្យកុមារីអាយុ ៩ ឆ្នាំម្នាក់ ឈ្មោះ ឆេង ស្រីភ័ក្រ បានរងគ្រោះថ្នាក់ដាច់ដៃខាងស្ដាំ ហើយក្រោយកើតហេតុ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ កុមារីរងគ្រោះ ឆេង ស្រីភ័ក្របានចាកចេញពីស្រុកកំណើត នៅឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមតាមឪពុកឈ្មោះ ឆេង ប៊ុនហំ និងម្ដាយឈ្មោះ ឃឹម ចាន់ណា បានមករស់នៅ និងធ្វើជាកម្មករស៊ីឈ្នួលនៅក្នុងសិប្បកម្មឡឥដ្ឋមួយកន្លែងដែលមានថៅកែឈ្មោះ លាង ស្រ៊ុន ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល អស់រយៈពេល ៦ ឆ្នាំមកហើយ។ នេះបើតាមការលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅថ្ងៃទី ១០ មីនា។

ស្នងការដ្ឋានខេត្តកណ្ដាលបន្តថា នៅថ្ងៃទី ០៩ មីនា ឪពុកឈ្មោះ ឆេង ប៊ុនហំ បានធ្វើការជាអ្នកចាក់ដីចូលម៉ាស៊ីនហើយកុមារី ឆេង ស្រីភ័ក្រ និងម្ដាយរបស់នាង មានតួនាទីជាអ្នកចាំកាត់ឥដ្ឋចេញពីម៉ាស៊ីន និងរៀបចំដាក់លើរទេះសម្រាប់ឱ្យឪពុកអូសយកទៅហាលថ្ងៃ សម្រាប់សម្ងួត។ នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក នៅពេលលោក ប៊ុនហំ កំពុងលើកដុំឥដ្ឋចេញពីរទះដាក់ហាល ក៏ស្រាប់តែឃើញកូនស្រីចូលដៃនៅក្នុងម៉ាស៊ីនហើយក៏បានរត់ស្ទុះស្ទាទៅបិទម៉ាស៊ីនដើម្បីជួយសង្គ្រោះ ប៉ុន្តែកូនស្រីបានដាច់ដៃខាងស្ដាំរួចទៅហើយ ហើយភ្លាមៗនោះ ក្រុមគ្រួសារក៏បានបញ្ជូននាងទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុក តែត្រូវគេបញ្ជូនបន្តមកព្យាបាលនៅរាជធានីភ្នំពេញ។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា តាមការស៊ើបអង្កេតបឋមពីអាជ្ញាធរ មូលហេតុនាំឱ្យកុមារីមានគ្រោះថ្នាក់នៅកន្លែងឡឥដ្ឋបែបនេះ ព្រោះជាទម្លាប់កូនៗ តែងទៅតាមនិងលេងនៅកន្លែងការងារឪពុក ម្ដាយនិងមិនមែនជាករណីជួលពលកម្មកុមារឡើយ។ លោកថ្លែងថា៖ «យើងនៅតែស៊ើបអង្កេតអ៊ីចឹង ប៉ុន្តែយើងមិនទាន់រកឃើញថា វាជាការជួលពលកម្មកុមារ គឺវាមិនមែន វាជាទម្លាប់នៅតាមឡឥដ្ឋជាទូទៅណា៎ ឪពុកម្ដាយទៅណា កូនវានៅតាមនៅហ្នឹង ដល់ហើយក្មេងៗអត់មានអីលេង ពេលម៉ែឪធ្វើការ មិនមកតាមម៉ែតាមឪ»។លោក ចំរើន អះអាងថា ប្រសិនការស៊ើបអង្កេតបន្ត ហើយរកឃើញមានករណីរំលោភពលកម្មកុមារ អាជ្ញាធរនឹងប្រើវិធានការច្បាប់។ ទោះយ៉ាងណានៅក្នុងរបាយការណ៍ស្ដីពី «ការអភិវឌ្ឍលើទាសភាព៖ ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា» របស់អង្គការលីកាដូ កាលពីឆ្នាំ ២០១៦ បានឲ្យដឹងថា ម្ចាស់សិប្បកម្មផលិតឥដ្ឋ បានប្រើមធ្យោបាយជ្រើសរើសកម្មករ ដោយផ្ដល់ប្រាក់កម្ចី និងផ្តល់កន្លែងស្នាក់នៅ សម្រាប់គ្រួសារទីទាល់ក្រហើយតម្រូវឱ្យគ្រួសារទាំងនោះ ត្រូវធ្វើការជាកម្មករឡឥដ្ឋរហូតអាចទូទាត់សងបំណុលវិញគ្រប់ចំនួន។ ប៉ុន្តែយ៉ាងណាក្តីក្រុមគ្រួសារទីទាល់ក្រមិនអាចមានលទ្ធភាពសងបំណុលរួចឡើយ ទោះជាត្រូវសងអស់ ៣ជំនាន់ក្ដី និងមានតែជំពាក់បំណុលជំនាន់បន្ថែមទៀត ដោយសារប្រាក់ឈ្នួលទទួលបាន ក្នុងសិប្បកម្មឡឥដ្ឋ មានចំនួនទាបពេក។ របាយការណ៍នេះបានចេញ បន្ទាប់ពីអង្គការលីកាដូ បានចុះទៅស្រាវជ្រាវសិប្បកម្មផលិតឥដ្ឋជាង ១០០ មានកម្មកររាប់ពាន់នាក់ ដែលមានទីតាំងនៅក្បែររាជធានីភ្នំពេញ ហើយបានសម្ភាសកម្មករផ្ទាល់ចំនួន ៥០ នាក់ ដែលជាមនុស្សពេញវ័យ និងកុមារ។ អង្គការលីកាដូបញ្ជាក់ថា ឪពុក ម្ដាយស្ទើរតែទាំងអស់ បាននិយាយថា កូនៗពួកគេ ដែលជាកុមារ បានជួយធ្វើការងារនៅឡឥដ្ឋ ព្រោះការចូលរួមជួយធ្វើការងារពីសមាជិកគ្រួសារ នឹងធ្វើឱ្យចំនួនផលិតឥដ្ឋកើនឡើងហើយនឹងធ្វើឱ្យប្រាក់ចំណូលសម្រាប់គ្រួសារពួកគេ ក៏កើនឡើងដែរ។ ប៉ុន្តែកាលនោះ ក្រសួងការងារ បានបដិសេធការរកឃើញនេះនិងបញ្ជាក់ថា ក្រសួងមិនអនុញ្ញាតឲ្យកុមារធ្វើការងារនៅឡឥដ្ឋទេ។

លោក អំ សំអាត អ្នកគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា តាមអ្វីដែលអង្គការលីកាដូរកឃើញកន្លងមក គឺករណីគ្រោះថ្នាក់នៅឡឥដ្ឋមានខ្លះធ្វើឱ្យកុមារដាច់ដៃ និងខ្លះទៀតធ្វើឱ្យកុមារបាត់បង់ជីវិតតែម្ដង។ លោកបន្តថា បើអាជ្ញាធរ បានចុះធ្វើអធិការកិច្ចផ្ទាល់ជាមួយម្ចាស់ឡឥដ្ឋ ហើយបានដាក់ចេញលក្ខខណ្ឌតឹងរ៊ឹង ឬកិច្ចសន្យាជាមួយថៅកែឡឥដ្ឋ កុំឱ្យទទួលយកកុមារមកធ្វើការនៅឡឥដ្ឋ ឬមានការតម្រូវណាមួយឱ្យម្ចាស់ឡឥដ្ឋ ព្រមានបញ្ឈប់កម្មករដែលនាំកូនៗមកជួយកម្លាំងពលកម្មនៅឡឥដ្ឋ ហើយនៅតែមានករណីគ្រោះថ្នាក់បែបនេះ គឺម្ចាស់ឡឥដ្ឋត្រូវប្រឈមនឹងច្បាប់។ លោកថា៖ «ដើម្បីចៀសវាង បើសិនក្មេងអត់កន្លែងលេង ត្រូវបង្កើតកន្លែងមួយសម្រាប់ក្មេងលេងនៅអំឡុងពេលឪពុកម្ដាយកំពុងធ្វើការ ដើម្បីកុំឱ្យក្មេងទៅជិតកន្លែងឡឥដ្ឋហ្នឹង ប៉ុន្តែកន្លងមកយើងឃើញថា ឪពុកម្ដាយខ្លះដើម្បីឱ្យបានកម្រៃច្រើនបានយកកូនឱ្យជួយធ្វើនេះធ្វើនោះ ហើយទាំងអស់នេះ បើថៅកែឡឥដ្ឋឆ្លើយថា អត់ដឹង វាអត់ត្រូវទេ ព្រោះវាជាការគ្រប់គ្រងរបស់គាត់ ហើយត្រូវតែមានវិធានការ ហើយបើនៅតែឆ្លើយអ៊ីចឹងទៀត កុមារនឹងកាន់តែបន្តរងគ្រោះបន្ថែមទៀតហើយ»។ ភ្នំពេញប៉ុស្ដិ៍ មិនអាចសុំការបកស្រាយ ពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទេកាលពីម្សិលមិញដោយទូរស័ព្ទលោកពុំមានអ្នកទទួល។

ចំណែកលោក លឹម សារ៉ុម ប្រធានមន្ទីរការងារខេត្តកណ្ដាលថ្លែងថា លោកជាប់ប្រជុំមិនអាចធ្វើអធិប្បាយលើបញ្ហានេះបានទេ៕

website_news/2019130302.txt · Last modified: 2019/03/13 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki