website_news:2019130303

សមត្ថកិច្ចថៃចាប់កម្មករខ្មែរ៣នាក់ ក្រុមគ្រួសារមកសុំឲ្យអាជ្ញាធរខេត្តជួយ

https://news.kohsantepheapdaily.com.kh/ By mony koh March 12, 2019

ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មានពលរដ្ឋប្រមាណ៣០នាក់ បានមកជួបជុំគ្នា នៅមុខសាលាខត្តកោះកុង ក្នុងបំណងទទូចសុំឲ្យអាជ្ញាធរខេត្ត ធ្វើការសម្របសម្រួលជាមួយសមត្ថកិច្ចថៃ ខេត្តត្រាត ឲ្យមានការដោះលែងកូនក្មួយរបស់ពួកគាត់ចំនួន៣នាក់ ដែលចេញទៅនេសាទលក្ខណៈ គ្រួសារ ក្នុងដែនសមុទ្រកោះកុង ហើយត្រូវបានកងទាហានជើងទឹកថៃ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ ប៉ុន្តែការទន្ទឹងរង់ចាំនេះវាបានអូសបន្លាយពេលអស់ជាច្រើនខែកន្លងមក ហើយអាជ្ញាខេត្តក៏មិនព្រងើយកន្តើយក្នុងការជួយរកដំណោះស្រាយលើករណីនេះដែរ និងកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់ថែមទៀតផង។ ពួកគាត់បានរៀបរាប់ថា បន្ទាប់ពីសមត្ថកិច្ចថៃចាប់ខ្លួនទាំងទូកទាំងមនុស្សចំនួន៣នាក់នោះភ្លាម ពួកគាត់បានមករាយការណ៍ និងសុំឲ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ឲ្យមានការដោះលែង។

ប៉ុន្តែបន្ទាប់ពីអាជ្ញាធរខេត្ត បានចាត់តាំង លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម ចូលទៅធ្វើការសម្របសម្រួល ជាមួយភាគីថៃ សំណុំរឿងខាងលើនេះត្រូវបានសមត្ថកិច្ចថៃបញ្ជូនឡើងតុលាការបាត់ទៅហើយ ជាហេតុធ្វើឲ្យដំណោះស្រាយត្រូវអូសបន្លាយពេលដើម្បីរង់ចាំនីតិវិធីតុលាការថៃទៅវិញ។ លោក សុវណ្ណ ប៊ុនធឿន បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ មីនាថា កម្មករទូកនេសាទទាំង៣នាក់ នោះគឺ១-ឈ្មោះ ហេង លេងប្រុស អាយុ២៥ឆ្នាំ ជាកម្មករ ២-ឈ្មោះ សេង ម៉េងឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករ ៣-ឈ្មោះ អ៊ូច ណាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាតៃកុងទូក ទាំង៣នាក់ មានទីលំនៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ លោក សុវណ្ណ ប៊ុនធឿន បានបញ្ជាក់ទៀតថា បន្ទាប់ពីសមត្ថកិច្ចថៃចាប់ខ្លួនបាន កម្មករនេសាទទាំង៣នាក់ ត្រូវបានចោទប្រកាន់ លើកំហុសឆ្គងផ្លូវច្បាប់ជាច្រើនអន្លើ ដូចជាការប្រើឧបករណ៍ត្រីវិស័យ ភ្លើងហ្វាបំភ្លឺ រំលោភបូរណៈភាព ទឹកដី និងកំហុសផ្សេងៗទៀតជាច្រើន និងត្រូវបានសាម៉ីខ្លួនផ្តិតស្នាមមេដៃទទួលកំហុសទាំងអស់នោះ។

ប៉ុន្តែក្រោយពីមានការសម្របសម្រួលរវាងអាជ្ញាធរខេត្តទាំង២រួចមក តុលាការខេត្តត្រាតបានទម្លាក់ចោល ការចោទប្រកាន់ស្ទើរតែទាំងអស់ នៅមានកំហុសឆ្គងតែ១គត់គឺរំលោភបូរណៈភាពទឹកដី ហើយត្រូវបាន តុលាការវិនិច្ឆ័យទោសកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ពិន័យជាប្រាក់ចំពោះកម្មករទូកម្នាក់ៗ ចំនួន៥ម៉ឺនបាត រីឯតៃកុងទូកត្រូវពិន័យជាប្រាក់ ចំនួន១០ម៉ឺនបាត។ ក្នុងករណីមិនមានប្រាក់ បង់ថ្លៃផាកពិន័យនេះទេ សាម៉ីខ្លួនត្រូវជាប់ទោសសងក្នុង១ថ្ងៃ៥០០បាត ចាប់ពីថ្ងៃប្រកាសសាលក្រម នេះតទៅ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩) រហូតទាល់តែគ្រប់ចំនួនប្រាក់ដែលសាម៉ីខ្លួនត្រូវបង់ទើបអាចរួចទោសហើយត្រូវបានដោះលែង។ លោក សុវណ្ណ ប៊ុនធឿន បានបញ្ជាក់ទៀតថា ពេលនេះអាជ្ញាធរខេត្តកំពុងរិះរកដំណោះស្រាយ ឲ្យអស់ពី លទ្ធភាពសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីបន្ធូបន្ថយរាល់ការចំណាយទាំងនេះ អោយមានកម្រិតទាបបំផុត។ ក្រុមគ្រួសារកម្មករនេសាទទាំង៣រូប បានរៀបរាប់ថា ពួកគាត់សុទ្ធតែមានជីវភាពក្រីក្រ ហេតុនេះទើបសុខចិត្តប្រើកូនក្មួយឲ្យចេញទៅនេសាទកាត់ព្យុះ កាត់រលកប្តូរជិវិតនឹងគ្រោះថ្នាក់ មិនបានរៀនសូត្រជ្រៅជ្រះព្រោះតែជីវភាពខ្វះខាត ឥឡូវត្រូវសមត្ថកិច្ចថៃចាប់ខ្លួនរាប់ខែបែបនេះ ពួកគាត់ពិតជារងទុក្ខវេទនាខ្លាំងណាស់ ពួកគាត់ធ្វើនេសាទលក្ខណៈគ្រួសារតែប៉ុណ្ណោះចេញនេសាទតែក្នុងដែនសមុទ្រកោះកុង ក្បែរៗកោះយ៉នេះឯង តែគេចោទថារំលោភចូលដែនសមុទ្រថៃ ចុះទូកនេសាទថៃខ្នាតយក្ស រាប់សិបគ្រឿងក្នុងមួយថ្ងៃៗចូលមកដល់ក្បែរៗកោះស្តេច ម្តេចក៏សមត្ថកិច្ចខ្មែរមិនចាប់។ ពេលនេះពួកគាត់សំណូមពរដល់សម្តេចប្រមុខរាជរដ្ឋាភិបាលមេត្តាជួយរកយុត្តិធម៌ឲ្យពួកគាត់ដែលត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកយ៉ាងអយុត្តិធម៌នេះផង៕ ដោយ ៖ ម៉ៅ គឹមហេង

website_news/2019130303.txt · Last modified: 2019/03/13 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki