website_news:2019130304

អ្នកជំនាញថា ពលករខ្មែរនៅតែធ្វើចំណាកស្រុកទៅក្រៅប្រទេសដោយភាពប្រថុយប្រថាននៅឡើយ

https://www.rfa.org/khmer/ ដោយ សុ ជីវី 2019-03-12

កម្ពុជាជាប្រទេសសម្បូរដោយកម្លាំងពលកម្ម ដែលពលរដ្ឋគ្រប់អាយុធ្វើការមានប្រមាណជិត ១០ លាននាក់។ ក្រសួងការងារអះអាង ថា ក្នុងចំណោមកម្លាំងពលកម្មទាំងនេះ ប្រមាណជា ជាង ១ លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស និងបានផ្ញើប្រាក់មកឱ្យគ្រួសាររបស់ពួកគេជាង ២ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ អ្នកការពារសិទ្ធិពលករចំណាកស្រុកអះអាងថា ថវិកាទាំងនេះមិនមែនជារឿងគួរឱ្យមានមោទនភាពនោះឡើយ ពីព្រោះពលករចំណាកស្រុកនៅតែប្រឈមបញ្ហាជាច្រើន ដែលតម្រូវឱ្យរបបក្រុងភ្នំពេញជួយដល់ពួកគេបន្ថែមទៀត។ អ្នកជំនាញផ្នែកសិទ្ធិការងារអះអាងថា ពលរដ្ឋខ្មែរនៅតែធ្វើចំណាកស្រុកដោយភាពប្រថុយប្រថាននៅឡើយ ពោលគឺមានន័យថា បើពួកគេធ្វើការចំកន្លែងដែលនិយោជកគោរពសិទ្ធិការងារ ពួកគេទទួលបានអត្ថប្រយោជន៍ច្រើន ប៉ុន្តែបើប៉ះចំនិយោជកមិនល្អ ពួកគេត្រូវរងការរំលោភបំពានសិទ្ធិ និងទទួលបានផលប្រយោជន៍តិចតួចពីការងាររបស់ខ្លួន។

មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែងថា បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ ដូចជា វៀតណាម ថៃ និងហ្វីលីពីន ជាដើម ពលករចំណាកស្រុកខ្មែរមានជំនាញទាបជាងគេ។ លោកប៉ាន់ស្មានថា ចន្លោះពី ៨០% ទៅ ៩០% នៃកម្មករចំណាកស្រុករបស់កម្ពុជា គឺជាប្រភេទកម្មករគ្មានជំនាញ និងមានជំនាញតិចតួច ដែលធ្វើឱ្យពួកគេងាយប្រឈមនឹងការរំលោភសិទ្ធិការងារ និងការជួញដូរកម្លាំងពលកម្ម។ លោកមើលឃើញថា មូលហេតុដែលពលករខ្មែរភាគច្រើន មិនមានជំនាញ និងមានជំនាញទាបបែបនេះ ដោយសារតែពួកគេមិនទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ មុននឹងចេញទៅធ្វើការនៅបរទេស៖ «ដោយសារអត់មានការងារធ្វើនៅកន្លែងនេះ អ៊ីចឹងគាត់ទៅរកការងារធ្វើដោយប្រើប្រាស់កម្លាំងសុទ្ធសាធ ដែលមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ឬមានសាលាវិជ្ជាជីវៈដូចនៅស្រុកគេទេ។ ដូច្នេះហើយកម្មករដែលគ្មានជំនាញនេះ មានបញ្ហាច្រើន បើប្រៀបធៀបនឹងកម្មករជំនាញ។ ទីមួយគាត់ចំណាកស្រុកដោយមិនមានឯកសារ ទៅច្រកដែលមិនផ្លូវការ។ គាត់ប្រឈមនឹងការចាញ់បោកគេ។ គាត់ទៅដល់កន្លែងធ្វើការហើយ គេធ្វើបាបគាត់ គាបសង្កត់គាត់ មិនបើកប្រាក់ខែឱ្យគាត់ ឬមួយគាត់អាចប្រឈមនឹងការលក់ដូរ ជួញដូរចុះទូក (នេសាទ) ជាដើម»។

តួលេខរបស់ក្រសួងការងារបង្ហាញថា ពលករចំណាកស្រុកដែលកំពុងធ្វើការនៅបរទេសមានជាង ១ លាន ២ សែននាក់ ក្នុងនោះស្រីមានជិត ៥០ ម៉ឺននាក់។ ប្រទេសថៃមានពលករខ្មែរធ្វើការច្រើនជាងគេ គឺជាង ១ លាន ១ សែននាក់ ខណៈកូរ៉េខាងត្បូង មានប្រមាណជាជិត ៥ ម៉ឺននាក់។ ចំណែកនៅប្រទេសម៉ាឡេស៊ីវិញ ពលករខ្មែរមានចំនួនជាង ៣ ម៉ឺននាក់ ខណៈប្រទេសជប៉ុនមានជិត ១ ម៉ឺននាក់ និងសិង្ហបុរីជាង ៨ រយនាក់។ រីឯនៅហុងកុងវិញ ពលករខ្មែរមានជាង ៥០ នាក់ និងនៅអារ៉ាប់ប៊ីសាអូឌីតចំនួន ១៦ នាក់។ ក្រៅពីនេះ របបក្រុងភ្នំពេញក៏គ្រោងបញ្ជូនពលកររាប់ពាន់នាក់ផ្សេងទៀតទៅប្រទេសប នៅតំបន់មជ្ឈិមបូព៌ាផងដែរ រួមមានប្រទេសកាតា (Qatar) គុយវ៉ែត (Kuwait) និងប្រទេសលីបង់ (Lebanon)។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងថ្មីៗនេះថា ពលករខ្មែរនៅបរទេសទទួលបានកិច្ចគាំពារតាមផ្លូវច្បាប់ និងការអន្តរាគមន៍ជួយសង្គ្រោះ នៅពេលមានបញ្ហាកើតឡើង ជាពិសេសពួកគេទទួលបានការអនុគ្រោះ មិនបង់ថ្លៃលើលិខិតធ្វើដំណើរ។ លោកឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៨ កន្លងទៅ ពលរដ្ឋខ្មែរដែលធ្វើការនៅបរទេស បានផ្ញើថវិកាមកឱ្យក្រុមគ្រួសាររបស់ពួកគេ បានជាង ២ ពាន់ ៣ រយលានដុល្លារអាមេរិក និងទទួលបានមុខជំនាញវិជ្ជាជីវៈបន្ថែម ដើម្បីរួមចំណែកអភិវឌ្ឍជាតិ នៅពេលពួកគេត្រឡប់មកវិញផងដែរ។ ទោះជាយ៉ាងណា អ្នកការពារសិទ្ធិពលករចំណាកស្រុកអះអាងថា ក្នុងចំណោមពលករចំណាកស្រុក មានតែកម្មករនៅប្រទេសកូរ៉េខាងត្បូងមួយប៉ុណ្ណោះ ដែលទទួលបានការបំពាក់បំប៉នជំនាញបន្ថែម និងបានធ្វើការក្នុងរោងចក្រឧស្សាហកម្ម ក្រៅពីនេះពលករខ្មែរបន្តធ្វើការដោយប្រើកម្លាំងសុទ្ធសាធ។ លើសពីនេះ ពលករខ្មែរត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនជាច្រើន ទៅឱ្យភា្នក់ងារបញ្ជូនពលករ និងការចំណាយលើឯកសារផ្លូវច្បាប់នានា ទម្រាំបានចេញទៅធ្វើការនៅក្រៅប្រទេស។

យុវជន ឯក ចេស្តា អាយុ២៦ ឆ្នាំ គឺជាពលករចំណាកស្រុកម្នាក់ដែលកំពុងធ្វើការឱ្យរោងចក្រឧស្សាហកម្មមួយនៅប្រទេសកូរ៉េខាងត្បូង។ លោកថ្លែងប្រាប់អាស៊ីសេរីថា មុននឹងបានមកធ្វើការនេះ លោកត្រូវចំណាយថវិកាអស់ជាង ៣ពាន់ដុល្លារអាមេរិក ចំណែកមិត្តភ័ក្ដិរបស់លោកវិញ ចំណាយអស់ចន្លោះពី ៧ ទៅ ៨ ពាន់ដុល្លារ ដោយសារពួកគេឱ្យភ្នាក់ងារបញ្ជូនពលករជាអ្នករៀបចំឱ្យ។ លោកឱ្យដឹងទៀតថា ពលករម្នាក់ៗជាអ្នករ៉ាប់រងការចំណាយដោយខ្លួនឯង ហើយពួកគាត់ត្រូវខ្ចីបុលគេដើម្បីបង្គ្រប់ការចំណាយ។ លោកថ្លែងទៀតថា មុនចាកចេញពីកម្ពុជា ពួកលោកបានទទួលការអប់រំពីមន្ត្រីខ្មែរតែទៅលើរឿងរបៀបរបប និងសីលធម៌រស់នៅក្នុងប្រទេសគេប៉ុណ្ណោះ ដោយឡែកខាងជំនាញបច្ចេកទេសវិញ គ្មានការបង្រៀននោះឡើយ ទាល់តែពូកលោក ទៅដល់ប្រទេសកូរ៉េខាងត្បូង ទើបភាគីក្រុមហ៊ុនបានបណ្ដុះបណ្ដាលពួកលោក។ ពលកររូបនេះបញ្ជាក់ថា រយៈពេលជិតពីរឆ្នាំដែលលោកបានធ្វើការនៅប្រទេសកូរ៉េខាងត្បូង មិនដែលឃើញមន្ត្រីខ្មែរណាម្នាក់ចុះទៅសួរសុខទុក្ខពួកលោកឡើយ លុះត្រាណាតែមានកម្មវិធីរបស់បក្ស ទើបមានការកៀរគរឱ្យពលករចូលរួម៖ «ធ្វើការនៅស្រុកខ្មែរបានប្រាក់ខែតិច មិនអាចទូទាត់ថ្លៃការចំណាយផ្សេងៗប្រចាំថ្ងៃ សរុបដល់ខែក៏អស់លុយ។ ទាំងគេ ទាំងខ្ញុំទទួលយកមិនបាន ដោយសារប្រាក់ខែវាតិចពេក ហើយតម្លៃទីផ្សារវាឡើងថ្លៃជារៀងរាល់ឆ្នាំ។ មិនដឹងថាដល់កុងត្រា ឬមួយក៏អត់នោះទេ ព្រោះខ្ញុំត្រូវចាកចេញទៅមាតុភូមិវិញ ព្រោះអត់ដែលមានគិតថា ចង់នៅធ្វើអន្តោប្រវេសន៍នៅប្រទេសគេទេ។ យើងចង់ទៅរស់នៅប្រទេសកំណើតរបស់យើង យកចំណេះជំនាញដែលយើងធ្លាប់ទទួលបានបទពិសោធន៍នៅប្រទេសកូរ៉េទៅអភិវឌ្ឍខ្លួននៅប្រទេសកំណើតវិញ»។ ពលករចំណាកស្រុកដែលធ្វើនៅប្រទេសកូរ៉េខាងត្បូងទទួលបានប្រាក់ខែអប្បបរមាជាង ១ ពាន់ ៣ រយដុល្លារអាមេរិក ក្នុងមួយខែ ខណៈប្រទេសថៃដែលមានពលករខ្មែរច្រើនជាងគេនោះវិញ ទទួលបានចំណូល ប្រមាណ ៣ រយដុល្លារអាមេរិក ក្នុងមួយខែ។ អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ជាច្រើនដង តាំងពីថ្ងៃទី០៦ មីនា ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះ ក៏ប៉ុន្តែលោកមិនដែលទទួលទូរស័ព្ទ។ អាស៊ីសេរីក៏ព្យាយាមសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ដែរ នៅថ្ងៃទី១១ និង ១២ មីនា តែលោកមិនលើកទូរស័ព្ទដូចគ្នា។

ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន វិញ ថ្លែងដោយមោទនភាពថា ចំនួនពលរដ្ឋខ្មែរដែលចេញទៅធ្វើការនៅបរទេសនេះ គឺដោយសារតែស្រុកទេសមានសន្តិភាព។ លោកបន្តថា ការធ្វើចំណាកស្រុក ផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងដល់ពលករខ្លួនឯងផ្ទាល់។ លោកថា ផលប្រយោជន៍នោះ គឺពលករបានប្រាក់ចំណូលផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពគ្រួសារ ដែលនេះជាការរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ លោកបន្ថែមថា ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសនេះ គឺជាគោលនយោបាយជួយរកការងារធ្វើឱ្យប្រជាពលរដ្ឋ ក៏ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបកស្រាយឡើយពីបញ្ហាប្រឈមទាំងឡាយរបស់ពលករចំណាកស្រុក និងថាតើកម្ពុជាគូរធ្វើយ៉ាងណាបង្កើតការងារដែលមានប្រាក់ខែសមរម្យឱ្យបានច្រើនដើម្បីកាត់បន្ថយពលករចំណាកស្រុកនោះទេ។

ចំណែកអ្នកការពារសិទ្ធិពលករចំណាកស្រុក លោក ឌី ថេហូយ៉ា វិញថ្លែងថា មិនមែនជារឿងដែលរដ្ឋាភិបាលគួរមានមោទនភាពនោះទេ នៅពេលពលរដ្ឋរបស់ខ្លួន ក្លាយជាកម្មករចំណាកស្រុកដែលគ្មានជំនាញ និងមានជំនាញទាបបែបនេះ។ ផ្ទុយទៅវិញ នេះជារឿងដែលរដ្ឋាភិបាលត្រូវគិតគូរដោះស្រាយ។ ម្យ៉ាងវិញទៀត លោកថា រដ្ឋាភិបាលត្រូវពង្រឹងយន្តការជួយការពារសិទ្ធិពលករចំណាកស្រុក ដោយកុំរង់ចាំពួកគេមករាយការណ៍ប្រាប់ដល់ទីកន្លែង៖ «បើគាត់ចំណាកស្រុកក្នុងន័យប្រថុយប្រថានទៅទេ គាត់ជួបមនុស្សល្អ ក៏ល្អ គាត់ជួបមនុស្សអាក្រក់ គេធ្វើបាបគាត់ អត់មានយន្តការរដ្ឋណាធានាទេ អាហ្នឹងវាមិនមែនជារឿងដែលគួរមោទនភាពទេ។ ប្រាក់ចំណូលជាផ្នែកមួយហើយ ប៉ុន្តែបើយើងឱ្យស៊ីជម្រៅ មោទនភាពរបស់យើង គឺពលរដ្ឋយើងទៅបម្រើការងារគេដោយសេចក្ដីថ្លៃថ្នូរ មិនត្រូវបានគេរំលោភសិទ្ធិ ហើយពលករខ្មែរយើងត្រូវបានគ្រប់គ្រង ការពារដោយរដ្ឋ មានបញ្ហាអ្វី រដ្ឋចុះជួយទប់ស្កាត់បានទាន់ពេលវេលា»។ តាមការប៉ាន់ស្មានក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ចំនួនពលករខ្មែរដែលកំពុងធ្វើការនៅបរទេស មានជាង២ លាននាក់ ដែលក្នុងនោះចន្លោះពី ១ លាន ៨ សែន ទៅ ២ លាននាក់ កំពុងធ្វើការងារនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់។ អ្នកសិក្សាស្រាវជ្រាវអះអាងថា កត្តាដែលធ្វើឱ្យពលរដ្ឋខ្មែរបន្តធ្វើចំណាកស្រុក គឺការទៅធ្វើការងារតាមគ្នា កង្វះខាតព័ត៌មានទីផ្សារការងារនៅក្នុងស្រុក ការរំពឹងថានឹងទទួលបានប្រាក់ចំណូលខ្ពស់ បញ្ហាបំណុល និងភាពក្រីក្រ ជាដើម។

អ្នកជំនាញខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែងថា ជាច្រើនឆ្នាំមកនេះ ពលករខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេស នៅតែជាកម្លាំងពលកម្មដែលគ្មានជំនាញ ឬមានជំនាញទាបដដែល ដោយមិនទាន់ឃើញមានការផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងនៅឡើយ។ ហេតុដូច្នេះលោកថា ក្តីរំពឹងដែលថា កម្លាំងពលកម្មទាំងនោះនឹងត្រឡប់មកវិញជាមួយនឹងជំនាញបច្ចេកទេសក្នុងការជួយអភិវឌ្ឍជាតិនោះ ទំនងជាមិនអាចទៅរួចឡើយ។ លោកកត់សម្គាល់ថា នៅពេលផុតកិច្ចសន្យាការងារ កម្មករចំណាកស្រុកបានត្រឡប់មកកម្ពុជាវិញ រួចអ្នកខ្លះក៏រកការងារធ្វើនៅក្នុងស្រុក ក៏ប៉ុន្តែមួយចំនួនធំបានត្រឡប់ទៅធ្វើការជាពលករនៅក្រៅប្រទេសវិញដដែល៖ «ធម្មតាយើងទៅបំពាក់ជំនាញដែលនឹងអាចជួយអភិវឌ្ឍប្រទេសជាតិបាន លុះត្រាតែមុននឹងចេញទៅ យើងមានវគ្គបំពាក់បំប៉នជំនាញមូលដ្ឋានសិន។ ជារួមយើងអត់មានទេ។

បើគាត់ត្រូវទៅថៃ គាត់ទៅឆៅតែម្ដង អត់មានការបណ្ដុះបណ្ដាល អត់មានអីទេ។ ទៅកូរ៉េអ៊ីចឹង យើងរៀនភាសាកូរ៉េតិចតួច ហើយយើងទៅធ្វើការដូចជាកម្មករខាងវេចខ្ចប់ ផ្នែកខាងកសិកម្ម ផ្នែកឧស្សាហកម្មមានដូចជា ការលើកដាក់ វាយកេះ ជាដើម។ អ៊ីចឹងវាមិនមែនជាជំនាញបច្ចេកទេសដែលអាចត្រឡប់មកវិញ ជួយកសាងសង្គមជាតិឱ្យបានដូចអ្វីដែលជាអ្នកជំនាញបច្ចេកទេសរឹងមាំនោះ គឺអត់ទេ»។ អ្នកជំនាញរូបនេះបន្តថា អនាគតកូនចៅពលករចំណាកស្រុកក៏ជារឿងសំខាន់ដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ផងដែរ។ លោកថា ក្រៅតែពីប្រព័ន្ធអប់រំនៅសាលារដ្ឋ មិនឃើញមានការដាក់ចេញនូវគោលនយោបាយគាំពារថ្នាក់ជាតិដល់កូនចៅជនចំណាកស្រុកឡើយ ខណៈពួកគេខ្លះបានបោះបង់ចោលការសិក្សា និងខ្លះទៀតធ្វើចំណាកស្រុកទៅតាមឪពុកម្ដាយ។ លោកបន្ថែមថា បើបញ្ហានេះមិនត្រូវបានគិតគូរទេ វានឹងក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់រដ្ឋាភិបាលទៅថ្ងៃអនាគត ដោយសារកូនចៅជនចំណាកស្រុកទាំងនោះ នឹងក្លាយជាកម្លាំងពលកម្មដែលខ្វះជំនាញ ក្នុងបរិបទនៃការប្រកួតប្រជែងខាងសេដ្ឋកិច្ច និងការអភិវឌ្ឍតាមបែបបច្ចេកវិទ្យា៖ «ការផ្ទេរសាច់ប្រាក់ក្នុងមួយឆ្នាំជាង ២ ពាន់លាននេះ បើយើងមើលទៅ គឺស្មើនឹង ១០% នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា ២០ ពាន់លាន អ៊ីចឹងវាធំដែរ យើងទទួលស្គាល់។ ប៉ុន្តែមិនមែនជាមធ្យោបាយ និងជាដំណោះស្រាយដែលអាចឱ្យកម្ពុជាមានភាពប្រកួតប្រជែងនៅក្នុងតំបន់នាពេលអនាគតនោះទេ ពីព្រោះរយៈពេលវែង គឺយើងមានការខាតបង់សេដ្ឋកិច្ចច្រើន។

កម្លាំងពលកម្មរបស់គេ គេធ្វើការងារដែលមានតម្លៃខ្ពស់ ចំណែកឯយើងគ្រាន់តែជាអ្នកជួយការងារដែលមានតម្លៃទាប អ៊ីចឹងយើងហាក់បីដូចជា រុញច្រានសមត្ថភាពប្រកួតប្រជែងរបស់គេឱ្យកាន់តែឡើងខ្ពស់ ហើយសមត្ថភាពប្រកួតប្រជែងរបស់យើងហ្នឹងមិនសូវខ្ពស់នោះទេ»។ អ្នកជំនាញផ្តល់យោបល់ថា ក្នុងរយៈពេលខ្លី រដ្ឋាភិបាលត្រូវពង្រឹងយន្តការគាំពារ និងជំនួយផ្នែកច្បាប់បន្ថែមទៀតដល់ពលករចំណាកស្រុកនៅគ្រប់ប្រទេសទាំងអស់ចំណែកក្នុងរយៈពេលវែងវិញរដ្ឋាភិបាលត្រូវខិតខំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ពលរដ្ឋ និងបង្កើតការងារក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀត ដើម្បីស្រូបយកកម្លាំងពលកម្មដែលបន្តកើនឡើងជាលំដាប់៕

website_news/2019130304.txt · Last modified: 2019/03/13 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki