website_news:2019130601

រដ្ឋមន្រ្តីមហាផ្ទៃ ស្នើម៉ាឡេស៊ីពង្រឹង កិច្ចសហប្រតិបត្តិលើការ ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនបន្ថែមទៀត

https://www.dap-news.com/archives/ ByID:030 Posted on 12 June 2019 | 18:18

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបានស្នើឲ្យរដ្ឋាភិបាលនៃ ប្រទេសម៉ាឡេស៊ី ឲ្យពិនិត្យមើលលទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ ។ ក្នុងជំនួបជាមួយលោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស ម៉ាឡេស៊ីប្រចាំ នៅកម្ពុជា សម្ដេចបានថ្លែងថា នឹងបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ម៉ាឡេស៊ី ដែលជាសមាជិកគ្រួសារ អាស៊ានតែមួយ ។ សម្ដេចបន្តថា ម៉ាឡេស៊ី ជាប្រទេសមួយដែលមានភាព លេចធ្លោរនៅក្នុងតំបន់អាស៊ាន ។ ការរីកចម្រើន របស់ម៉ាឡេស៊ី បានផ្ដល់ផលវិជ្ជមាន ដល់ប្រទេសនានានៅក្នុងតំបន់។ សម្ដេចបន្តទៀតថា ទំនាក់ទំងរវាងកម្ពុជា-ម៉ាឡេស៊ី ពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងជាលំដាប់ ។ហើយរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ីនៅតែបន្ត យកចិត្តទុកដាក់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការពង្រីកនូវទំហំពាណិជ្ជកម្ម ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងការស្វែងរកការងារធ្វើ រវាងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរផងដែរ។ សម្ដេច បន្ថែមថា “ខ្ញុំនឹងស្នើម៉ាឡេស៊ីឲ្យពិនិត្យ មើលលទ្ធភាព ទៅលើការកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដូចជា កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងទៅ នឹងឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ”។ សម្ដេចសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជា កំពុងតែខិតខំយកចិត្តទុកដាក់ ក្នុងការបង្រ្កាបការជួញដូរគ្រឿងញៀន ។ ដែលនេះក៏ជាផ្នែកមួយក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្លាំងអនុវត្តន៍ នៃប្រទេសទាំងពីរ។ ដើម្បីធ្វើយ៉ាងណា បង្កើននូវជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ ក៏ដូចជាការវិនិយោគ ទៅវិញទៅមក រវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ក៏បានឯកភាពចំពោះសំណើរបស់សម្ដេចផងដែរ។ លោកក៏បានកោតសរសើរ ចំពោះសុខដុមរមនា នៅក្នុងសង្គមដែលកម្ពុជាសម្រេចបាន ជាពិសេសការរស់នៅចម្រុះសាសនាប្រកបដោយភាពសុខដុមរមនា នៅក្នុងសង្គម ។

សម្ដេចថា ថ្វីត្បិតតែរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា សាសនាព្រះពុទ្ធជាសាសនា របស់រដ្ឋ។ ប៉ុន្តែកម្ពុជាបានគោរព នូវសិទ្ធិសាសនា របស់ប្រជាពលរដ្ឋ ដែលកាន់សាសនាផ្សេងទៀត ដែលតែងតែធ្វើយ៉ាងណា ឲ្យសាសនាទាំងអស់ រស់នៅជាមួយគ្នា ប្រកបដោយភាព សុខដុមរមនា៕ ដោយ៖ធី លីថូ

website_news/2019130601.txt · Last modified: 2019/06/13 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki