website_news:2019130602

រយៈពេល៥ឆ្នាំ កុមារជិត៣ម៉ឺននាក់ ត្រូវបានដកហូតពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ

http://bayontv.com.kh/ 12/06/2019

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ កុមារចំនួនជិត០៣ម៉ឺននាក់ ត្រូវបានដកហូតពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងចំនួនជិត១៨ម៉ឺននាក់ទៀត ត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំ បំណិនជីវិត និងបណ្តុះបណ្តាលជំនាញ។

លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រោយបញ្ចប់ទិវាពិភពលោកប្រឆាំងពលកម្មកុមារ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានថា តាមរយៈគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារជាសេនាធិការ បាននឹងកំពុងបន្តយកចិត្តទុកដាក់ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំតាមរយៈការកសាងសមត្ថភាព មន្ត្រីអធិការកិច្ចការងារ ស្តីពីការប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ និងពង្រឹងយន្តការប្រឆាំងពលកម្មកុមារ ជាពិសេសលើវិស័យមុខរបរ និងភូមិសាស្ត្រដែលមានហានិភ័យខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម វ៉េង ហៀង អគ្គលេខាធិការ និងជាប្រធាននាយកដ្ឋានការងារកុមារ បានឲ្យដឹងថាបច្ចុប្បន្ននេះ ក្រសួងការងារបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខភាព សុវត្ថិភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីសមធម៌ កំណើនសេដ្ឋកិច្ច និងការងារសមរម្យសម្រាប់យុវជន លើសពីនេះដើម្បីពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ។

សូមបញ្ជាក់ថា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារ ឆ្នាំនេះ ក្រោមប្រធានបទ កុមារត្រូវសម្រេចសុបិនរបស់ខ្លួន ដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្ម និងទប់ស្កាត់ ភាពគ្រោះថ្នាក់ការងារ ជាពិសេសការផ្តល់ឱកាសឱ្យកម្មករនិយោជិតវ័យក្មេងទទួលបានជំនាញ និងមុខរបរសមស្របសម្រាប់ការបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕

website_news/2019130602.txt · Last modified: 2019/06/13 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki