website_news:2019130603

លីកាដូ ស្នើយ៉ាងទទូច មិនឲ្យមានពលកម្ម កុមារនៅកម្ពុជា , ក្មេងមិនគ្រប់អាយុ មិនត្រូវឲ្យរបួស ឬស្លាប់នៅកន្លែងធ្វើការ

https://www.dap-news.com/archives/ ByID:112 Posted on 12 June 2019 | 16:50

ភ្នំពេញ ៖ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានស្នើសុំដោយទទូច ដល់ភាគីពាក់ព័ន្ធជួយទប់ស្កាត់ ដោយមិនគួរបណ្តោយ ឲ្យមានពលកម្មកុមារ នៅក្នុងប្រទេសកម្ពុជា ហើយជាពិសេសក្មេងមិនទាន់គ្រប់អាយុ មិនគួរត្រូវបានរងរបួស ឬស្លាប់បាត់បង់ជីវិតនៅកន្លែង ធ្វើការក្នុងវិស័យណាមួយនោះទេ។

ក្នុងទិវាពិភពលោកប្រឆាំង នឹងពលកម្មកុមារនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ អង្គការលីកាដូបានលើកឡើងថា ការចូលរួមរបស់ភាគី ពាក់ព័ន្ធទាំងអស់រួមមាន អាជ្ញាធរ ម្ចាស់សិប្បកម្មផលិតឥដ្ឋ កម្មករ-កម្មការិនី និងកូនៗរបស់អ្នកទាំងនោះ គឺជាមធ្យោបាយមួយប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ ការយល់ដឹងស្ដីពី ការបម្រើពលកម្មដើម្បីដោះបំណុល និងកម្មករជាអនីតិជនដែលត្រូវបានប្រទះឃើញជារឿយៗក្នុងសិប្បកម្មផលិតឥដ្ឋ។

លីកាដូបន្តថា “ជាថ្មីម្ដងទៀត សូមស្នើសុំដោយទទូចថា មិនគួរមានពលកម្មកុមារនៅក្នុងប្រទេសកម្ពុជា ហើយក្មេងមិនទាន់គ្រប់អាយុ មិនគួរត្រូវបានរងរបួស ឬស្លាប់បាត់បង់ជីវិតនៅកន្លែងធ្វើការក្នុងវិស័យណាមួយនោះទេ។ អាជ្ញាធរកម្ពុជាគួរចាត់វិធានការឲ្យមានប្រសិទ្ធភាព ដើម្បីប្រឆាំងរាល់ទម្រង់នៃការប្រើប្រាស់ពលកម្មកុមារ និងទាសភាពបំណុល។ ប្រសិនបើចំណាត់ការទាំងនេះ មិនត្រូវបានធ្វើឡើងនោះទេ ទម្រង់អាក្រក់នៃទាសភាពសម័យទំនើបនេះ នឹងបន្តរីករាលដាលនៅក្នុងប្រទេសកម្ពុជា” ។

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សបន្ថែមថា ធនធាន និងថវិកាគ្រប់គ្រាន់គួរត្រូវបានផ្ដល់សម្រាប់អាជ្ញាធរ ដើម្បីឃ្លាំមើល និងស៊ើបអង្កេតទៅលើករណីពលកម្មកុមារ និងអនុវត្តមានប្រសិទ្ធភាពនូវការដាក់ទោសប្រឆាំងនឹងជនប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងច្បាប់ស្ដីពីការងារ និងសេចក្ដីណែនាំផ្សេងៗ។ ដូចគ្នាផងដែរ រាជរដ្ឋាភិបាល និងម្ចាស់សិប្បកម្មគួរមានទំនួលខុសត្រូវ និងគណនេយ្យភាពចំពោះភាពខ្វះចន្លោះក្នុងការបញ្ឈប់ទម្រង់ណាមួយ ឬទាំងអស់នៃពលកម្មកុមារ។

លីកាដូក៏បានឲ្យដឹងទៀតថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការងារបានចេញសេចក្ដីណែនាំដោយមានវិធានការ៥ចំណុចក្នុងការហាមក្មេងចូលទៅក្នុងបរិវេណខ្សែសង្វាក់ផលិតកម្មនៃសិប្បកម្មផលិតឥដ្ឋ។ វិធានការទាំងនេះរួមមាន៖ ការធ្វើស្លាកសញ្ញាហាមឃាត់ ការហាមឃាត់ជាដាច់ខាតនូវការប្រើប្រាស់ទាសភាពបំណុល ការឃ្លាំមើលជាប្រចាំនៃខ្សែសង្វាក់ ផលិតកម្ម ការរៀបចំកន្លែងស្នាក់នៅឲ្យឃ្លាតឆ្ងាយពីខ្សែសង្វាក់ផលិតកម្ម និងការហាមឃាត់ជាដាច់ខាតនូវរាល់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មលើកុមារ។

សម្ព័ន្ធខ្មែរជំរឿន សង្កត់ធ្ងន់ថា អ្វីដែលសំខាន់ជាងការចេញសេចក្ដីណែនាំទៅទៀតនោះគឺ អាជ្ញាធរគួរតែអនុវត្តវិធានការផ្លូវច្បាប់ឲ្យបានហ្មត់ចត់រួមមាន៖ ការធ្វើអធិការកិច្ចបានតឹងរឹង និងទៀងទាត់ ការធ្វើការជាមួយម្ចាស់សិប្បកម្មផលិតឥដ្ឋ ការអប់រំកម្មករអំពីហានិភ័យ និងបទល្មើសព្រហ្មទណ្ឌនៃពលកម្មកុមារ និងទាសភាពបំណុល៕ ដោយ នឿត សម្ផស្ស

website_news/2019130603.txt · Last modified: 2019/06/13 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki