website_news:2019130803

ក្រសួងការងារ ព្រមានម្ចាស់សិប្បកម្មឥដ្ឋទាំងឡាយណា ដែលប្រើកុមារឱ្យធ្វើការ នឹងចាត់វិធានការតាមក្រមព្រហ្មទណ្ឌភ្លាម

http://www.freshnewsasia.com/ 2019-08-12

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានព្រមានជាថ្មីថា បើមានករណីណាមួយប្រើប្រាស់ពលកម្មកុមារ ក្រសួងនឹងធ្វើការដាក់កំហិត បើសិនជាកម្រិតធ្ងន់ធ្ងរ ក្រសួងនឹងធ្វើការពិន័យយកតែម្តង បើករណីគ្រោះថ្នាក់អាចបាត់បង់សារពាង្គកាយ ឬឈានដល់ការបាត់បង់អាយុជីវិតណាមួយ ក្រសួងនឹងធ្វើកិច្ចសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ អនុវត្តក្រមព្រហ្មទណ្ឌភ្លាម។

នេះជាការបញ្ជាក់របស់លោក វ៉េង ហៀង អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ និងជាប្រធាននាយកដ្ឋានកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសដែលលោកដឹកនាំក្រុមអធិការរបស់ក្រសួងការងារ ចុះទៅដល់កន្លែងសិប្បកម្មផលិតឥដ្ឋដោយផ្ទាល់ ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ លោកបានលើកឡើងថា យុទ្ធនាការចុះផ្សព្វផ្សាយការលុបបំបាត់ពលកម្មកុមារនៅក្នុងវិស័យផលិតឥដ្ឋនេះ គឺជាប្រសិទ្ធភាពធំធេងមួយនៅក្នុងវិធានការណ៍ទប់ស្កាត់ និងការផ្លាស់ប្តូរឥរិយាបថ របស់កម្មករនិយោជិត និយោជក ព្រមទាំងសហគមន៍ ដើម្បីធានាថាកុមារទាំងអស់បានទទួលការការពារ ហើយកុមារដែលមានអាយុពេញវ័យទទួលបានការងារសមរម្យ មិនប្រកបដោយគ្រោះថ្នាក់។

លោកថា «អ្វីដែលយើងរំពឹងទុកក្នុងកម្រិតប្រសិទ្ធភាពបែបនេះ គឺកម្មករនិយោជិត និយោជកទាំងអស់គ្នាមានការយល់ដឹងពីការប្រើប្រាស់ពលកម្មកុមារ ការទប់ស្កាត់កុមារមិនឱ្យចូលទៅក្នុងសិប្បកម្ម ផលិតឥដ្ឋ និងការសហការល្អជាមួយស្ថាប័ន ដើម្បីឱ្យកុមារទទួលបានការរៀនសូត្រ និងទទួលបានការបណ្តុះបណ្តាលជំនាញដែលជាអនាគត ក្នុងការចូលរួមចំណែកនៅក្នុងការប្រកួត ប្រជែងសេដ្ឋកិច្ចនៅកម្ពុជា»។

លោក វ៉េង ហៀង បានបញ្ជាក់ថា យុទ្ធនាការនេះគឺក្រុមអធិការកិច្ចចុះជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែបើនៅក្នុងកម្រិតថ្នាក់ជាតិ ក្រុមការងារចុះបានចំនួន ៤លើក លើកទីមួយ នៅឆ្នាំ២០០៨ លើកពីរ នៅក្នុងឆ្នាំ ២០១៦ លើកទីបី នៅឆ្នាំ២០១៩ និងយុទ្ធនាការនេះនឹងបន្ត នៅឆ្នាំ២០២០ទៀត ដើម្បីជំរុញការធានា និងការទប់ស្កាត់ពលកម្មកុមារនេះក្នុងកម្រិតមួយនៅក្នុងគ្រោះថ្នាក់សឹងតែគ្មាន ឬអាចនិយាយបានថា គ្មានពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនោះឡើយ។ លោកលើកឡើងបន្តថា យុទ្ធនាការការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនេះ ធ្វើឡើងក្នុងគោលបំណង ទី១.អនុវត្តអធិការកិច្ចនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ដើម្បីធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរលើផលិតកម្ម នៃការប្រើប្រាស់ផលិតផលធ្វើពីឥដ្ឋ ដែលជាគម្រោងមួយដ៏សំខាន់ក្នុងការគាំទ្រដល់វិស័យសំណង់នៅកម្ពុជា ទី២. ផ្សព្វផ្សាយ និងលើកកម្ពស់ឱ្យមានការប្រឆាំងពលកម្មកុមារ តាមរយៈនិយោជក កម្មករនិយោជិត និងក្រុមគ្រួសារសហគមន៍ ដែលនៅជុំវិញបរិវេណសិប្បកម្មផលិតឥដ្ឋ ដើម្បីឱ្យពួកគាត់មានការយល់ដឹងអំពីវិធានការណ៍ និងការហាមប្រាមនៃការប្រើប្រាស់ពលកម្មកុមារ ទី៣.ជួយសង្រ្គោះកុមារដែលមានករណីមានការប្រើប្រាស់ពលកម្មកុមារ គឺយើងនឹងផ្តល់ការស្តារនីតិសម្បទា និងផ្តល់ឱកាសនូវកិច្ចអន្តរាគមន៍ស្នូល ដើម្បីជំរុញឱ្យកុមារទាំងនេះទទួលបានការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះដែរ លោកអគ្គលេខាធិការ ក៏បានជម្រាបទៅដល់ និយោជក កម្មករនិយោជិតថា ការហាមប្រាមពលកម្មកុមារ និងការពង្រឹងលក្ខខណ្ឌការងារល្អ និងពង្រឹងសមត្ថភាពកម្មករនិយោជិតវ័យក្មេងនេះ គឺជាការពង្រីកនូវកាលានុវត្តភាពនៃពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា និងទីផ្សារការងារដ៏ល្អប្រសើរនៅកម្ពុជា ការប្រើប្រាស់ពលកម្មកុមារមិនត្រឹមតែបង្កប៉ះពាល់ដល់អាជីវកម្មទេ ថែមទាំងសង្គមទាំងមូល សូមអាណាព្យាបាលទាំងអស់បញ្ជូនកូនឱ្យបានទៅរៀនគ្រប់ៗគ្នា ហើយរំពឹងទុកថា កុមារទាំងអស់នេះនឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវដែលជាទីផ្សារកម្លាំងពលកម្មដ៏ល្អបំផុតសម្រាប់កម្ពុជានាពេលអនាគត៕

website_news/2019130803.txt · Last modified: 2019/08/13 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki