website_news:2019130804

ជប៉ុនសន្យានៅតែបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់កម្ពុជា

http://www.rasmeinews.com/ August 13, 2019, 11:32 AM

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាដែលបញ្ចប់អាណត្តិបាន បង្ហាញនូវកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងនេះថា នៅតែបន្តក្នុងការជួយបណ្តុះបណ្តាលផ្នែកជំនាញវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាបន្ថែមទៀត។ ការលើកឡើងបែបនេះធ្វើឡើងដោយលោក HORINOUCHI ឯក អគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាចប់អាណត្តិដែលបានជួបសំណេះសំណាលនិងជម្រាបលា លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាទីស្ដីការក្រសួងការងារ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩កន្លងមក។

បញ្ជាក់ប្រាប់ លោករដ្ឋមន្ត្រីក្រសួងការងារក្នុងពិធីនេះ លោក HORINOUCHI បាន ឲ្យដឹងថា ប្រទេសជប៉ុននៅតែរីករាយក្នុងការផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាបន្ថែមទៀត។ ព្រមជាមួយគ្នានេះលោកអគ្គរាជទូតបានរំលឹកដែរថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបញ្ជូនកម្មសិក្សាការី-ពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ២ រួមមាន៖ ទី១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស បានចុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ និងទី២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពីក្របខណ្ឌសម្រាប់ភាពជាដៃគូព័ត៌មាន សម្រាប់ប្រតិបត្តិការសមស្របនៃប្រព័ន្ធទទួលយកធនធានមនុស្សបរទេស ដោយមានឋានៈនៃការស្នាក់នៅនៃពលករជំនាញ បានចុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

បញ្ជាក់ក្នុងពិធីនេះដែរ លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានទទួល និងបណ្ដុះបណ្ដាលកម្មសិក្សាការីកម្ពុជា ឲ្យទទួលបានប្រាក់បៀរវត្សខ្ពស់ និងចំណេះជំនាញយ៉ាងល្អប្រសើរ ដែលបានរួមចំណែកជួយជំរុញជីវភាពរបស់ពួកគេឱ្យមានភាពរីកចម្រើនបានមួយកម្រិត។ សម្រាប់កិច្ចប្រតិបត្តិការក្នុងប្រទេស ជប៉ុនបានបញ្ជូនគ្រូជំនាញមកបណ្ដុះបណ្ដាលដល់សិក្ខាកាមកម្ពុជានិងក្រៅពីនេះ ក្រុមហ៊ុនវិនិយោគជប៉ុនដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏មានការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតផងដែរ ដូចជាបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ពិសេសជប៉ុនក៏បានជួយជំរុញការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)ជាដើម។ លោក រដ្ឋមន្ត្រីបានលើកឡើងផងថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុន រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ច ដើម្បីធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ និងមានភាពយូរអង្វែងទៅថ្ងៃខាងមុខ។

គួរបញ្ជាក់ ទៀត ថា លោក HORINOUCHI ដែលបញ្ចប់តំណែងជាអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានឹងត្រូវចេញពីប្រទេសកម្ពុជាត្រលប់ទៅប្រទេសជប៉ុនវិញ៕B/

website_news/2019130804.txt · Last modified: 2019/08/13 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki