website_news:2019130808

ពលករខ្មែរប្រមាណ ១០០នាក់ចូលរួមបូជាសពពលករម្នាក់ស្លាប់នៅប្រទេសថៃ

https://www.rfa.org/khmer/ ដោយ មួង ណារ៉េត 2019-08-12

ពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ ១០០នាក់ នៅរសៀលថ្ងៃទី១១ សីហា នាំគ្នាចូលរួមបូជាសពពលករខ្មែរម្នាក់ ដែលស្លាប់នៅខេត្តប្រាក់ធុមថានី (Phrathumthani) ជាប់ទីក្រុងបាងកក។

ពលករម្នាក់ឈ្មោះ ជឹម ផាត ដែលបានចូលរួមបូជាសព ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១១ សីហាថា ពលករដែលស្លាប់នោះមានឈ្មោះ វែង សំណាង អាយុ ៣៦ឆ្នាំ ស្លាប់ដោយជំងឺគាំងបេះដូង កាលពីយប់ម៉ោង ១២យប់ថ្ងៃទ១០ សីហា។ សព លោកវែង សំណាង មានស្រុកកំណើតនៅភូមិបុស្សស្បូវឃុំភ្នំដីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាពលករធ្វើការនៅក្រុមហ៊ុនប្រមូលទិញអេតចាយនៅខេត្តប្រាក់ធុមថានី (Phrathumthani)។សពរបស់លោកត្រូវបានបូជានៅរសៀលថ្ងៃទី១១ សីហា៖ «បងប្អូនពលករថ្ងៃណេះគាត់សម្រាកធ្វើការងារទាំងអស់គ្នា សូម្បីតែជាថ្ងៃដែលធ្វើការក៏ដោយ ព្រោះទាំងខ្ញុំទាំងគេពេលដឹងបងណាងដេកស្លាប់ធ្វើឱ្យខ្ញុំស្លុតចិត្ត ព្រោះលោកធ្លាប់រួមការងារជាមួយគ្នា ទើបពួកគាត់សម្រាកពីការហើយនាំគ្នាជិះឡានទៅចូលរួមបូជាសពនៅក្នុងវត្តនៅខេត្តប៉្រាក់ធុមធានីនេះតែម្ដង»។

ពលកររូបនេះបន្តថា មូលហេតុដែលប្រញាប់បូជាសពដោយសារសាច់ញាតិក្រីក្រ ហើយមិនមានប្រាក់ ដើម្បីដឹកសពយកទៅធ្វើទៅបុណ្យនៅស្រុកកំណើតបានទេ ទើបបូជាសពនៅប្រទេសថៃ រួចយកធាតុទៅធ្វើបុណ្យនៅកម្ពុជាតាមក្រោយ៕

website_news/2019130808.txt · Last modified: 2019/08/13 16:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki