website_news:2019130903

មន្ត្រីចុះពិនិត្យសិប្បកម្មឡឥដ្ឋប្រមាណ ១០០ រកឃើញទីតាំង ១ ប្រើកម្លាំងកេ្មង

https://www.postkhmer.com/ ឡុង គីមម៉ារីតា Publication date 12 September 2019 10:57 ICT

ភ្នំពេញៈ មន្ត្រីក្រសួងការងារអះអាងថា ក្រុមការងារបានចុះត្រួតពិនិត្យសិប្បកម្មឡឥដ្ឋបានប្រមាណ ១០០ ទីតាំងក្នុងខេត្តចំនួន ៦ កាលពីខែមុន ដោយក្នុងនោះបានពិន័យម្ចាស់ឡឥដ្ឋ ១ កន្លែង ដែលប្រើប្រាស់កម្លាំងពលកម្មក្មេង ខណៈសិប្បកម្មឡឥដ្ឋដទៃទៀតត្រូវបានណែនាំ។ ការចុះពិនិត្យសិប្បកម្មឡឥដ្ឋទាំងនេះធ្វើឡើងក្នុងយុទ្ធនាការចុះទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ដែលចាប់ផ្តើមឡើងតាំងពីថ្ងៃទី ១២ សីហា ឆ្នាំ ២០១៩ ដើម្បីសម្រេចឲ្យបាននូវការលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការងារ និងយុទ្ធនាការសហគមន៍ផលិតឥដ្ឋគ្មានពលកម្មកុមារឆ្នាំ ២០២០។

លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានដឹកនាំក្រុមការងារធ្វើយុទ្ធនាការនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ១០ កញ្ញា ថា ការចុះត្រួតពិនិត្យនេះនឹងត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីពិនិត្យជុំវិញលក្ខខណ្ឌការងារ និងទម្រង់ការងារជាទាសភាព ឬទម្រង់ការងារដោយបង្ខំពាក់ព័ន្ធបំណុលក្នុងសិប្បកម្មឡឥដ្ឋទាំងអស់។ លោកបន្តថា ការងារនេះក៏មានបំណងចង់ផ្សព្វផ្សាយ និងការហាមប្រាមការប្រើប្រាស់ពលកម្មកុមារនៅតាមឡឥដ្ឋ ដើម្បីឲ្យម្ចាស់សិប្បកម្មទាំងនោះត្រូវអនុវត្តឲ្យបានត្រឹមត្រូវផងដែរ ។លោកនិយាយថា រហូតមកទល់ពេលនេះក្រុមការងារបានចុះត្រួតពិនិត្យសិប្បកម្មឡឥដ្ឋក្នុងខេត្ត-ក្រុងចំនួន ៦ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តព្រៃវែង។ ការចុះពិនិត្យខេត្តនីមួយៗបានធ្វើឡើងក្នុងចន្លោះពី ១០ ទៅ ២០ ទីតាំង។ ក្នុងនោះសិប្បកម្មជាលក្ខណៈគ្រួសារត្រូវបានរកឃើញថាមានភាពមិនប្រក្រតី និងអនុវត្តលក្ខខណ្ឌការងារមិនល្អដោយត្រូវបានណែនាំច្រើនជាងគេ។

លោក វ៉េង ហៀង បញ្ជាក់ថា៖ «ឥឡូវនេះ យើងចុះពិនិត្យប្រហែលជា ១០០ សិប្បកម្មផលិតឥដ្ឋតាមរយៈថ្នាក់ជាតិអ្នកចុះពិនិត្យផ្ទាល់។ ចំណែកថ្នាក់ខេត្ត នឹងចុះពិនិត្យបន្តទៀតនៅឡឥដ្ឋណាដែលយើងមិនទាន់បានចុះពិនិត្យ ហើយប្រធានមន្ទីរបន្តចុះពិនិត្យទាល់តែអស់ (ទីតាំងឡឥដ្ឋ)»។ លោកបន្តថា៖ «ការចុះនេះ ប្រសិនបើធ្ងន់ធ្ងរគឺផាកពិន័យយកតែម្តង ហើយកន្លងមក យើងផាកពិន័យបាន ១ ទីតាំងហើយ។ យើងពិន័យប្រមាណ ៥ លានរៀល គឺ (សិប្បកម្ម) នៅខេត្តកណ្តាលដោយសារតែសិប្បកម្មនេះ មានប្រើប្រាស់ក្មេង។ នៅខេត្តផ្សេងទៀតអត់មានប្រើប្រាស់ក្មេងទេ ប៉ុន្តែយើងហាមឃាត់ការងារប្រកបដោយគ្រោះថ្នាក់» ។ បើតាមលោក វ៉េង ហៀង សិប្បកម្មឡឥដ្ឋសរុបទូទាំងប្រទេសមានប្រមាណ ៤០០ ទីតាំង ក្នុងនោះមានកម្មករបម្រើការងារចន្លោះពី ៥ ទៅ ៦ ពាន់នាក់ ខណៈសិប្បកម្មឡឥដ្ឋប្រមាណ ៣១ ភាគរយ បានប្រើប្រាស់បច្ចេកទេសទំនើប ភាគច្រើននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

អ្នកស្រី សឿង រ៉ានី ម្ចាស់សិប្បកម្មឡឥដ្ឋ ១ កន្លែង ដែលមានកម្មករប្រមាណ ២០ នាក់ ស្ថិតក្នុងភូមិអូរឫស្សី ក្រុងសំរោង ខេត្តឧត្តរមានជ័យ និយាយថា អ្នកស្រីមិនបារម្ភពីការចុះត្រួតពិនិត្យរបស់ក្រុមការងារទាំងនេះនោះទេ។ ការអះអាងដូច្នេះព្រោះតែអ្នកស្រីយល់ថាសិប្បកម្មរបស់អ្នកស្រីបានគោរពតាមលក្ខណៈបច្ចេកទេស និងច្បាប់ត្រឹមត្រូវដោយក្នុងនោះក៏មិនមានការប្រើប្រាស់កម្លាំងពលកម្មកុមារដែរ។ ម្ចាស់សិប្បកម្មរូបនេះអះអាងថា៖ «គេចុះមកពិនិត្យជាប្រចាំដែរពេលខ្លះ ខ្ញុំអត់នៅក៏មានអ្នកចុះមកពិនិត្យដែរ។ ខ្ញុំអត់បញ្ហាទេ គាត់ចុះមកខ្ញុំអនុញ្ញាត ព្រោះខ្ញុំធ្វើត្រឹមត្រូវតាមច្បាប់ទាំងអស់ ហើយខ្ញុំនិយាយអ្វីដែលជាការពិត គាត់ចុះមកថ្មើរណាក៏បានដែរ»។ អ្នកស្រី សឿង រ៉ានី អះអាងថាសិប្បកម្មរបស់អ្នកស្រីមិនធ្លាប់ប្រើប្រាស់កុមារអាយុក្រោម ១៦ ឆ្នាំនោះទេ។ ប៉ុន្តែអ្នកស្រីក៏មិនហ៊ានសន្និដ្ឋានដែរថា រាល់សិប្បកម្មទាំងអស់បានអនុវត្តត្រឹមត្រូវតាមច្បាប់ឬអត់នោះទេ ។

លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការសិទ្ធិមនុស្ស (លីកាដូ) សាទរចំពោះយុទ្ធនាការនេះ ខណៈកន្លងទៅអង្គការលីកាដូក៏ធ្លាប់ស្នើឲ្យមានការចុះធ្វើអធិការកិច្ចលើសិប្បកម្មទាំងនេះផងដែរ។ លោកថា ការចុះត្រួតពិ និត្យនឹងធ្វើឲ្យបានទៀងទាត់ ដោយមិនគួរប្រកាសជូនដំណឹងទៅដល់ម្ចាស់សិប្បកម្មទាំងនោះឲ្យបានដឹងខ្លួនមុននោះទេ ព្រោះអាចឲ្យពួកគេមានពេលវេលាក្នុងការរៀបចំទុកជាមុន។ លោកបញ្ជាក់ថា៖ «ចុះជាប្រចាំ ដើម្បីធានាថាឡឥដ្ឋនីមួយៗ មិនមានការប្រើប្រាស់ពលកម្មកុមារទេ។ ការពិនិត្យទៅលើការជំពាក់បំណុលជារឿងចាំបាច់ដែរ ព្រោះគ្រួសារស្ទើរតែទាំងអស់ហើយនៅក្នុងឡឥដ្ឋមានការជំពាក់បំណុល។ ព្រោះការជំពាក់បំណុលពីថៅកែពីអីហ្នឹងគឺជាការបង្ខំមួយដែរ ដែលនាំឲ្យមានការប្រើប្រាស់ក្មេងដើម្បីបានលុយកាក់ច្រើន»។ ទោះយ៉ាងណាលោក អំ សំអាត ចង់ឲ្យក្រសួងការងារធានាទៅដល់កុមារដែលរស់នៅក្នុងសិប្បកម្មឡឥដ្ឋជាមួយឪពុកម្តាយទាំងអស់បានទទួលការសិក្សាត្រឹមត្រូវពេញលេញគ្រប់ៗគ្នា៕

website_news/2019130903.txt · Last modified: 2019/09/13 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki