website_news:2019131107

ស្ត្រីបង់ក្លាដែសបម្រើតាមផ្ទះម្នាក់ ត្រូវថៅកែចាប់រំលោភ និងចងចាក់ប្រេងដុតដៃ

https://kbn.news/archives/ November 12, 2019

អារ៉ាប់ប៊ីសាអូឌីត៖ ថ្មីៗនេះស្ត្រីបង់ក្លាដែសម្នាក់ដែលជាអ្នកបម្រើការងារតាមផ្ទះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត បានបញ្ចេញវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលនាងនិយាយអំពីការរំលោភបំពានផ្លូវភេទពីសំណាក់ថៅកែរបស់នាង។ស្ត្រីរងគ្រោះ មានអាយុ២៥ឆ្នាំ បានលួចទៅវីដេអូខលទៅក្រុមគ្រួសារដោយសម្ងាត់កាលពីដើមខែវិច្ឆិកានេះ នាងនិយាយទាំងទឹកភ្នែក ប្រាប់អំពីការរំលោភបំពានផ្លូវភេទ និងរងទារុណកម្មពីសំណាក់ថៅកែ ហើយនាងទទូចអង្វរសុំអនុញ្ញាតិឱ្យបានត្រឡប់ទៅប្រទេសបង់ក្លាដែសវិញ បន្ទាប់ពីត្រូវបានគេចាប់ឃុំឃាំងអស់រយៈពេលជាង២សប្តាហ៍មកហើយ នាងគឺជាស្ត្រីម្នាក់ ក្នុងចំណោមស្ត្រី៣០០,០០០នាក់ ដែលបានធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេស តាមរយៈក្រុមហ៊ុនមួយ ។

តាមរយៈវីដេអូដែលអង្គការ BRAC ទទួលបាន គឺនាងរៀបរាប់ថា «ខ្ញុំប្រហែលជារស់មិនបានយូរទេ សូមជួយសង្គ្រោះខ្ញុំផង ! ពួកគេបានចាក់សោខ្ញុំ រយៈពេល១៥ថ្ងៃហើយ ហើយពួកគេមិនបានផ្តល់អាហារអ្វីទេ ពួកគេគំរាមចាប់រំលោភ ដោយដុតដៃរបស់ខ្ញុំដោយប្រេងឆៅ ហើយចងខ្ញុំ ។ ពួកគេបាននាំខ្ញុំ ពីផ្ទះមួយទៅផ្ទះមួយទៀត នៅក្នុងផ្ទះដំបូង ពួកគេបានធ្វើទារុណកម្មរំលោភបំពានផ្លូវភេទខ្ញុំ ហើយវាយខ្ញុំម្តងហើយម្តងទៀត បន្ទាប់មកបញ្ជូនខ្ញុំទៅកន្លែងមួយទៀត ដែលខ្ញុំទទួលរងដូចគ្នា ។ ខ្ញុំមិនគិតថាខ្ញុំនៅរស់ទេ ខ្ញុំគិតថាខ្ញុំស្លាប់ហើយ ពួកគេបានធ្វើទារុណកម្មវាយដំ និងរំលោភខ្ញុំ សូមជួយសង្គ្រោះខ្ញុំផង យកខ្ញុំទៅឆ្ងាយពីទីនេះ» ។

ក្រោយវីដេអូឃ្លីបនេះបែកធ្លាយលើបណ្តាញសង្គមធ្វើអោយមានការតវ៉ាជាច្រើននៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស ហើយប្រជាជនបង់ក្លាដែសបានអំពាវនាវឱ្យអាជ្ញាធរប្រទេសទាំង២ ធ្វើមាតុភូមិនិវត្តន៍រូបនាង មកប្រទេសកំណើតវិញ ។ កាលពីខែមុន សាកសពរបស់ជនចំណាកស្រុកម្នាក់ឈ្មោះ Nazma Begum អាយុ៤២ឆ្នាំ ជាអ្នកបម្រើការងារតាមផ្ទះ ត្រូវបានប្រទេសអារ៉ាប់ប៊ីសាអូឌីត បញ្ជូនមកវិញ បន្ទាប់ពីនាងបានទូរស័ព្ទទៅប្រាប់កូនប្រុសរបស់នាង ម្តងហើយម្តងទៀត ដើម្បីឲ្យជួយសង្គ្រោះនាង ។ នាងនិយាយប្រាប់កូនថា រូបនាងត្រូវបានគេធ្វើទារុណកម្ម ហើយប៉ូលិសរកឃើញថា នាងបានស្លាប់ ដោយសារជំងឺ ដែលមិនបានព្យាបាល ។

អង្គការ BRAC ដែលមានមូលដ្ឋាននៅទីក្រុងដាកា ដែលជាអង្គការសប្បុរសធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក បានធ្វើការសម្ភាសន៍ទៅលើក្រុមស្ត្រីជាជនចំណាកស្រុកបង់ក្លាដែស អោយដឹងថា មានស្រ្តីប្រមាណជា៦១ភាគរយ និយាយថា ពួកនាងត្រូវបានរំលោភបំពានលើរាងកាយ ។ ហើយ១៤ភាគរយទៀត ប្រាប់ថា ពួកនាងត្រូវបានរំលោភបំពានផ្លូវភេទ ។ ហើយបើតាមរបាយការណ៍អង្គការដដែលនេះថា នៅឆ្នាំ២០១៩នេះ សាកសពពលការិនីចំនួន៤៨នាក់ ត្រូវបានបញ្ជូនមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតវិញ ៕

website_news/2019131107.txt · Last modified: 2019/11/13 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki