website_news:2019131109

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់មកជួបជុំគ្រួសារវិញ ក្រោយរងការរំលោភបំពានពីប្ដីជនជាតិចិន

https://www.rfa.org/khmer/news/ ដោយ អូន ភាព 2019-11-13

ជនរងគ្រោះនៃការជួញដូរផ្លូវភេទ នៅប្រទេសចិនបានវិលត្រឡប់មកជួបជុំគ្រួសាររបស់នាងវិញហើយ បន្ទាប់ពីនាងបានស៊ូទ្រាំនឹងការរំលោភបំពានពីសំណាក់ជនជាតិចិនពីរនាក់។ សង្គមស៊ីវិលបញ្ជាក់ថា សព្វថ្ងៃមានស្ត្រីខ្មែរច្រើននាក់បានចាញ់បោកមេខ្យល់យកទៅប្រទេសចិន ក្រោមរូបភាពអាពាហ៍ពិពាហ៍ ប៉ុន្តែរដ្ឋាភិបាលយឺតយ៉ាងក្នុងការសង្គ្រោះពួកគេ។

ក្មេងស្រីជំទង់ជនជាតិខ្មែរអាយុ ១៣ឆ្នាំ បានវិលត្រឡប់មកជួបជុំគ្រួសាររបស់នាងវិញកាលពីសប្ដាហ៍មុន បន្ទាប់ពីនាងត្រូវបានរំលោភបំពាន និងធ្វើទុក្ខទោសពីសំណាក់ប្ដីពីរនាក់របស់នាងអស់រយ:ពេល៨ខែ។ សារព័ត៌មានប្រចាំថ្ងៃរបស់ចិន South Morning Post បានដកស្រង់ព័ត៌មានចិនក្នុងស្រុក បានចេញផ្សាយកាលពីថ្ងៃទី១១ វិច្ឆិកាថា ក្មេងស្រី ជាជនរងគ្រោះរូបនេះ បានភៀសខ្លួនចេញពីផ្ទះរបស់បុរសទី២ នៅក្នុងស្រុក យ៉ាងស៊ីន ខេត្តហ៊ូប៉ី កាលពីដើមខែតុលាឆ្នាំនេះ ហើយបានអំពាវនាវដល់អ្នកធ្វើដំណើរឆ្លងកាត់ឱ្យជួយសង្គ្រោះនាង។ កាសែតបន្តថា បន្ទាប់មកនាងត្រូវបានប៉ូលិសក្នុងស្រុក និងមន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងប៉េកាំង បានជួយនាងឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានជួបជុំគ្រួសាររបស់នាងកាលពីសប្ដាហ៍មុន។

ក្មេងស្រីបានប្រាប់ប៉ូលិសតាមរយៈអ្នកបកប្រែថា មេខ្យល់ម្នាក់បាននាំនាងទៅប្រទេសចិននៅខែកុម្ភៈ ដោយសន្យាថា នាងអាចរៀបការជាមួយបុរសល្អម្នាក់ និងបង្រៀនភាសាចិនដល់នាង និងជួយនាងរកការងារធ្វើ ប៉ុន្តែនាងត្រូវប្តីនាងធ្វើបាបវិញ។ ក្មេងស្រីបានឆ្លងកាត់ព្រំដែនក្នុងប្រទេសចិនហើយ បានទៅដល់ផ្ទះបុរសម្នាក់នៅក្នុងស្រុកយ៉ាងស៊ីន ជាកន្លែងដែលនាងបានទទួលរងនូវការរំលោភបំពានលើរាងកាយ និងពាក្យសំដីរយៈពេល ៦ខែ ពីបុរសនោះ និងក្រុមគ្រួសាររបស់គាត់។ នាងបាននិយាយថា នាងបានចាកចេញពីបុរសទីមួយនោះ ហើយបានជួបបុរសម្នាក់ទៀតជាប្តីទី២នៅក្នុងស្រុកតែមួយ តាមរយៈអ្នកដែលនាងបានជួបតាមអ៊ីនធឺណិត ប៉ុន្តែនាងត្រូវបានគេរំលោភបំពានម្ដងទៀត។

អនុប្រធានផ្នែកស្ត្រី និងកុមារនៃសមាគមអាដហុក (Adhoc) អ្នកស្រី មាស សាអ៊ីម ធ្លាប់បានប្រាប់អាស៊ីសេរីថា មានស្ត្រីខ្មែរជាច្រើននាក់ត្រូវបានចាញ់បោកមេខ្យល់ទៅរៀបការនៅប្រទេសចិន ប៉ុន្តែរដ្ឋាភិបាលមិនមានចំណាត់ការក្នុងការសង្គ្រោះស្ត្រីដែលកំពុងរងគ្រោះនៅឡើយទេ។ អ្នកស្រីថា ស្ត្រីរងគ្រោះមួយចំនួនត្រូវបានបាត់បង់ព័ត៌មានក្នុងការទាក់ទងនៅក្នុងប្រទេសចិន បើទោះបីដឹងទីតាំងស្នាក់នៅរបស់ជនរងគ្រោះក៏ដោយ គឺមិនអាចសង្គ្រោះបានទាន់ពេលនៅឡើយ។ អ្នកស្រីបញ្ជាក់ថា មេខ្យល់បានប្រើល្បិចកលច្រើននៅក្នុងការនាំស្រី្តខ្មែរទៅប្រទេសចិន ដូចជាតាមផ្លូវគោកជាដើម ហើយច្រករបៀងមួយចំនួនមានអំពើពុករលួយកើតឡើងផងដែរ ទើបធ្វើឱ្យមេខ្យល់អាចនាំស្ត្រីខ្មែរទៅប្រទេសចិនបាន៖ «ខ្ញុំគិតថា រដ្ឋាភិបាលមិនមែនមិនដឹងទេ លោកដឹង ប៉ុន្តែបញ្ហាត្រង់ថា ច្បាប់នៅស្រុកចិន និងច្បាប់នៅស្រុកខ្មែរ ការបកស្រាយរបស់គាត់ផ្សេងគ្នា ហើយយន្តការពិតប្រាកដនៅក្នុងការការពារស្ត្រីរងគ្រោះដែលត្រូវបានគេជួញដូរពិតប្រាកដនៅស្រុកចិននោះ គឺអត់ត្រូវបានដោះស្រាយពេញលេញនៅឡើយ»។ អ្នកស្រីបន្តថា យន្តការរបស់កម្ពុជានៅមានកំរិតក្រោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ហើយចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះមានកម្ពុជា ឡាវ និងភូមា គឺជាប្រទេសដែលងាយរងគ្រោះជាងគេនៅក្នុងការបញ្ជូនពលករទៅខាងក្រៅប្រទេស៖ «រូបភាពពីខ្មែរទៅគឺឆបោក និងជួញដូរ ប៉ុន្តែច្បាប់មិនគិតថា ជាការរៀបអាពាហ៍ពិពាហ៍ នៅមានស្ត្រីច្រើនដែលកំពុងរងគ្រោះហើយកំពុងបាត់ដំណឹងទាក់ទងអត់បាន ព្រោះយើងអត់ដឹងច្បាស់ ហើយជនរងគ្រោះមួយភាគតូចដែលយើងនៅទាក់ទងបាននោះ ក៏មិនទាន់បានសង្គ្រោះទាន់ពេលនៅឡើយ»។ អ្នកស្រី មាស សាអ៊ីម បន្តថា សព្វថ្ងៃមានស្ត្រីខ្មែរប្រមាណ ១០នាក់ ជាជនរងគ្រោះនៃការជួញដូរមនុស្សដែលកំពុងរងគ្រោះនៅប្រទេសចិន ហើយមិនទាន់មានការសង្គ្រោះនៅឡើយ។

របាយការណ៍ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ប៉ូលិសបានជួយសង្គ្រោះជនរងគ្រោះ ២៦៣នាក់ ពីការរំលោភផ្លូវភេទ ដែលមានការកើនឡើង ១៥០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមករណីទាំងនោះមានកុមារចំនួន ៧០នាក់ដែលមានអាយុក្រោម១៥ឆ្នាំ មានជនរងគ្រោះចំនួន ៣១នាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ១៨ឆ្នាំ៕

website_news/2019131109.txt · Last modified: 2019/11/13 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki