website_news:2019131202

អំពើជួញដូរមនុស្ស ជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន, កម្ពុជាប្ដេជ្ញាបន្ដប្រយុទ្ធប្រឆាំងការពារ និងលើកកម្ពស់សុវត្ថិភាពមនុស្ស

http://www.cen.com.kh/archives/ December 13, 2019

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានគ្រោះថ្នាក់ចំពោះមនុស្សគ្រប់វ័យ-ភេទក្នុងសង្គម ហើយគ្រោះថ្នាក់ជាញឹកញាប់ ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្ដរប្រវេសន៍ ដែលស្វែងរកការងារ និងប្រាក់ចំណូល នៅទីឆ្ងាយដែលខ្លួនរស់នៅ ។ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៣ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំមនុស្សរាប់សែន រាប់លាននាក់ ត្រូវបានបំផ្លាញដោយឧក្រិដ្ឋជនជួញដូរមនុស្ស នៅគ្រប់ទីកន្លែងក្នុងពិភពលោក ។

សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានអះអាងទៀតថា នៅពេលនេះជនល្មើសបានរកគ្រប់ល្បិចកលដ៏ស្មោគគ្រោក ពង្រាយបណ្ដាញធ្វើសកម្មភាពកេងប្រវ័ញ្ចជនរងគ្រោះនៅគ្រប់ដំណាក់កាល ទាំងដោយផ្ទាល់ និងប្រយោលតាមរយៈបណ្ដាញទំនាក់ទំនងអនឡាញ ឬតាមបច្ចេកវិទ្យាទំនើបដែលប្រជាពលរដ្ឋ ជាពិសេសយុវវ័យ កុមារ និងមនុស្សពេញវ័យនិយមប្រើប្រាស់ គឺទូរស័ព្ទដៃ និងប្រព័ន្ធអ៊ិនធើណេត។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តបន្ដប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលដៅការពារ និងលើកកម្ពស់សុវត្ថិភាពរបស់មនុស្សគ្រប់រូប និងសន្ដិសុខសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍របស់មនុស្សគ្រប់រូប ដែលត្រូវបានបំផ្លាញដោយជនល្មើសនៃអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បេសកកម្មរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺត្រូវតែបន្ដធ្វើឲ្យកាន់តែសកម្ម អនុវត្តនូវវិធានការច្បាប់ឲ្យកាន់តែងម៉ឺងម៉ាត់ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់ឆ្នាំ២០១៩-២០២៣ ឲ្យបានសម្រេចតាមគោលដៅគ្រោងទុក ។ រាជរដ្ឋាភិបាលត្រូវការការចូលរួមពីក្រសួង ស្ថាប័នជាសមាជិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកិច្ចសហការល្អជាមួយប្រទេសពាក់ព័ន្ធ នៅក្នុងតំបន់ និងក្នុងពិភពលោក ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កម្ពុជាបាននិងកំពុងខិតខំជំរុញ អនុវត្ដគោលការណ៍ទាំងឡាយដែលមានចែងក្នុងកតិកាសញ្ញាពិភពលោក «ស្ដីពីទេសន្ដរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់» ដែលហៅកាត់ថា GCM និងជំរុញបន្ថែមទៀតនូវការអនុវត្តអនុសញ្ញាអន្ដរជាតិ «ស្ដីពីការប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង» និងពិធីសារបន្ថែម «ស្ដីពីការដាក់ទោសទណ្ឌអំពើជួញដូរមនុស្ស» អនុញ្ញាអាស៊ាន និងផែនការសកម្មភាពស្ដីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស-អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ដែលកម្ពុជាជាហត្ថលេខី និងច្បាប់ជាតិ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឲ្យម៉ឺងម៉ាត់ ៕ បញ្ញាស័ក្តិ

website_news/2019131202.txt · Last modified: 2019/12/13 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki