website_news:2019131204

លោក ស ខេង អំពាវនាវឲ្យប្រទេសជាមិត្ត ពង្រឹងកិច្ចសហការប្រឆាំងការជួញដូរមនុស្ស

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 13 December 2019 | 11:06 ICT

ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅពេលធ្វើជាអធិបតីក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្សដោយបានអំពាវនាវដល់ប្រទេសជាមិត្ដទាំងអស់ឲ្យពង្រឹងកិច្ចសហការ ជ្រោមជ្រែងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លា ខណៈអំពើជួញដូរមនុស្សនៅតែកើតឡើងតាមរូបភាពផ្សេងៗគ្នា។ ក្នុងពិធីពីម្សិលមិញនេះលោក ស ខេង បានកត់សម្គាល់ឃើញថា អំពើជួញដូរមនុស្សនៅតែមានការកើតឡើងតាមរយៈការនាំមនុស្សឆ្លងដែនដោយជនល្មើសបានប្រើវិធីផ្សេងៗ បន្លំភ្នែកសមត្ថកិច្ចក្នុងគោលដៅធ្វើអាជីវកម្មតាមរូបភាពដូចជា អាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ការជួញដូរទារក ការស្វែងរកការងារ ដោយគេចវេះពីគោលការណ៍ច្បាប់ជាដើម។ លោកថ្លែងថា៖ «ខ្ញុំក៏សូមអំពាវនាវដល់ភាគីប្រទេសគោលដៅពាក់ព័ន្ធ សូមចូលរួមពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងផ្ដល់ឯកសារត្រឹមត្រូវ ជូនពលករកម្ពុជាដែលមានឯកសារផុតសុពលភាព»។

លោក ស ខេង ក៏អំពាវនាវដល់វិស័យឯកជនដែលមានកម្មករ ឬពលករបម្រើការងារក្នុងរោងចក្រ សហគ្រាស និងសេវាកម្មរបស់ខ្លួន ត្រូវពង្រឹងការតាមដានគ្រប់គ្រង និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីមានវិធានការបង្ក្រាប និងផ្ដន្ទាទោសឲ្យបានទាន់ពេលវេលា លើជនខិលខូចដែលបង្កការលំបាក និងការកេងប្រវ័ញ្ចដោយធ្វើអាជីវកម្មលើកម្មករ និងពលករនៅក្រៅប្រទេសយ៉ាងអមនុស្សធម៌។

ក្នុងគោលដៅប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោក ស ខេង បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយជូនសិស្ស-និស្សិត ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីកលល្បិចរបស់ជនល្មើស និងផលប៉ះពាល់នៃការធ្វើទេសន្តរប្រវេសន៍ ដោយប្រថុយប្រថានដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុក្នុងនោះក្រសួងពាក់ព័ន្ធរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយលើបញ្ហានេះ។ លោកបញ្ជាក់ថា ជនរងគ្រោះនៃអំពើជួញដូរមនុស្សភាគច្រើន គឺជាពលករទេសន្តរប្រវេសន៍ដែលរៀងរាល់ឆ្នាំមានជនរងគ្រោះរាប់សែនលាននាក់ត្រូវបានបំផ្លាញដោយក្រុមឧក្រិដ្ឋជននៃអំពើជួញដូរមនុស្សដោយជនល្មើសបានរកគ្រប់ល្បិចស្មោកគ្រោក បង្កើតបណ្ដាញធ្វើសកម្មភាពកេងប្រវ័ញ្ចជនរងគ្រោះគ្រប់ដំណាក់កាលទាំងដោយផ្ទាល់ និងដោយប្រយោលតាមរយៈបណ្ដាញទំនាក់ទំនងអនឡាញ ឬតាមបច្ចេកវិទ្យាទំនើបដែលកំពុងប្រើប្រាស់ពេញនិយមទាំងនៅទីក្រុងនិងជនបទ។ លោកថា៖ «ក្នុងនាមរដ្ឋាភិបាលខ្ញុំសូមគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ដបន្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងគោលដៅការពារ និងលើកកម្ពស់សុវត្ថិភាពរបស់មនុស្សគ្រប់រូប និងសន្ដិសុខសង្គមក៏ដូចជាលើកកម្ពស់ ការគោរពសិទ្ធិសេចក្ដីថ្លៃថ្នូរ និងផលប្រយោជន៍របស់មនុស្សគ្រប់ប្រភេទ គ្រប់វ័យ ដែលត្រូវបានបំផ្លាញដោយជនល្មើសនៃអំពើជួញដូរមនុស្សដោយការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាព…»។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក៏បានថ្លែងក្នុងទិវានេះដែរថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទជាបញ្ហាប្រឈមសកលដែលនៅតែបន្តកើតមានអាស្រ័យដោយកត្ដាសំខាន់ចំនួន ៣ គឺបណ្ដាលមកពីការអប់រំសង្គមការអនុវត្ដច្បាប់ និងការឆក់ឱកាសពីជនល្មើស។ លោកស្រីថ្លែងថា៖ «រូបភាពនៃការជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ច កម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀតដែលមានទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសជួញដូរទារកឆ្លងដែនក្រោមរូបភាពអំពើជួលពពោះជំនួស»។ លោកស្រីបន្ថែមថា នេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាននិងកំពុងដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបជាបណ្ដើរៗឲ្យបានទាន់ពេល និងសិក្សាអំពីបរិបទច្បាប់ បទដ្ឋានគតិយុត្ត ពាក់ព័ន្ធបន្ថែមទៀតដើម្បីចៀសវាងការរីកដុះដាលនៃបទល្មើសដែលបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់សង្គម និងមនុស្សគ្រប់វ័យ។

ក្នុងពិធីនៅកោះពេជ្រនេះលោក ស ខេង ជំរុញឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សត្រូវតែបន្តធ្វើឲ្យកាន់តែសកម្មអនុវត្ដនូវវិធានការច្បាប់ឲ្យបានកាន់តែម៉ឺងម៉ាត់ និងជំរុញការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ ឆ្នាំ ២០១៩-២០២៣ ឲ្យបានសម្រេចតាមគោលដៅដែលគ្រោងទុក៕

website_news/2019131204.txt · Last modified: 2019/12/13 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki