website_news:2019131205

សម្តេច ស ខេង៖ ជនល្មើសប្រើអនឡាញទាក់ទាញជនរងគ្រោះឱ្យចូលអន្ទាក់

http://kleykley.sabay.com.kh/ 13-12-2019

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ បានលើកឡើងថា ជនល្មើស បានរកគ្រប់ល្បិចកលដ៏ស្មោកគ្រោក ពង្រាយបណ្ដាញធ្វើសកម្មភាពកេងប្រវ័ញ្ចជនរងគ្រោះនៅគ្រប់ដំណាក់កាល ទាំងដោយផ្ទាល់ និងប្រយោលតាមរយៈបណ្តាញទំនាក់ទំនង អនឡាញ (Online) ឬតាមបច្ចេកវិទ្យាទំនើបដែលប្រជាពលរដ្ឋ ជាពិសេសយុវវ័យ កុមារ និងមនុស្សពេញវ័យនិយមប្រើប្រាស់ គឺទូរសព្ទដៃ និងប្រព័ន្ធអិនធើណេត។ ការថ្លែងនេះ ធ្វើឡើងនៅក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហាស្រពកោះពេជ្រ។

សម្តេចក្រឡាហោមបញ្ជាក់ថា ទំនោរនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ បានធ្វើឲ្យឧក្រិដ្ឋជន បានឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងគេចវេសពីសមត្ថកិច្ច ដែលបច្ចុប្បន្ននេះ ប្រព័ន្ធអនឡាញនិងបណ្តាញផ្សព្វផ្សាយសង្គម ក៏បានបង្កើតជាបញ្ហាថ្មី គឺ «ការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ជាពិសេស លើអនីតិជនតាមប្រព័ន្ធអនឡាញ»។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្សគ្រប់វ័យ គ្រប់ភេទ ក្នុងសង្គម គ្រោះថ្នាក់ជាញឹកញាប់ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែលស្វែងរកការងារនិងប្រាក់ចំណូល ដែលនៅឆ្ងាយពីទីកន្លែងដែលខ្លួនរស់នៅ ។ រៀងរាល់ឆ្នាំមនុស្សរាប់សែន រាប់លាននាក់ ត្រូវបានបំផ្លាញដោយឧក្រិដ្ឋជនជួញដូរមនុស្ស នៅគ្រប់ទីកន្លែង ក្នុងពិភពលោក។

ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់ភាគីប្រទេសជាមិត្តទាំងអស់ ចូលរួមសហការ ជួយជ្រោមជ្រែងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យកាន់តែខ្លាំងក្លាថែមទៀត និងសូមអំពាវនាវភាគីប្រទេសគោលដៅពាក់ព័ន្ធចូលរួមពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផ្ទៀងផ្ទាត់ និង ផ្តល់ឯកសារត្រឹមត្រូវជូនពលករកម្ពុជា ដែលមានឯកសារផុតសុពលភាព ជៀសវាងការប្រើប្រាស់ឯកសារអ្នកដទៃ ដែលខុសអត្តសញ្ញាណ និងការចេញឯកសារ ជាឯកត្តោភាគី ដោយខ្វះព័ត៌មានអំពីអត្តសញ្ញាណពិត និងខ្វះការត្រួតពិនិត្យ ពីសមត្ថកិច្ចប្រទេសដើម៕អត្ថបទ៖ សោភា

website_news/2019131205.txt · Last modified: 2019/12/13 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki