website_news:2019140101

ឈប់ចំណាកស្រុកទៅថៃ! អ្នកស្រី ចាន់ធឿន ងាកមកដាំបន្លែ និងចិញ្ចឹមមាន់ រកចំណូលបានច្រើនជាង

https://thmeythmey.com/ 13, Jan 2019 , 8:59 am

ភ្នំពេញ៖ អ្នកស្រី អួន ចាន់ធឿន បានវិលត្រឡប់មកស្រុកកំណើតដាំបន្លែ និងចិញ្ចឹមមាន់វិញ បន្ទាប់ពីចំណាកស្រុកទៅប្រទេសថៃ រយៈពេល២ឆ្នាំ។ អ្នកស្រី ចាន់ធឿន ជាកសិករដាំបន្លែ និងចិញ្ចឹមមាន់លក្ខណៈគ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។ បើតាមអ្នកស្រី ចាន់ធឿន របរដាំបន្លែ និងចិញ្ចឹមមាន់ បានធ្វើឲ្យជីវភាពគ្រួសារអ្នកស្រីធូរធារជាងធ្វើកម្មករចំណាកស្រុកនៅថៃ ដោយមួយខែអ្នកស្រី អាចរកចំណូលបាន ៨០ម៉ឺនរៀល។ មានវ័យ៣៤ឆ្នាំ អ្នកស្រី អួន ចាន់ធឿន និងស្វាមី បានសម្រេចចិត្តត្រឡប់មកធ្វើការនៅស្រុកកំណើតវិញ ក្រោយពេលចំណាកស្រុកនៅប្រទេសថៃ រយៈពេល២ឆ្នាំ។ អ្នកស្រី ចាន់ធឿន និងស្វាមី បានចំណាកស្រុកទៅថៃ បន្ទាប់ពីឃើញអ្នកជិតខាងរកចំណូលបានច្រើនពីការងារធ្វើជាកម្មករនៃក្រុមហ៊ុនមួយនៅប្រទេសថៃ។ ការចំណាកស្រុកនេះ មិនបានធ្វើឲ្យអ្នកស្រី ចាន់ធឿន រកប្រាក់ចំណូលបានច្រើនដូចអ្នកជិតខាងនោះទេ។ ផ្ទុយទៅវិញ អ្នកស្រី ចាន់ធឿន ដាំបន្លែ និងចិញ្ចឹមមាន់នៅផ្ទះ រកចំណូលបាន៨០ម៉ឺន បូកនឹងចំណូលស្វាមីរបស់អ្នកស្រីដែលរកបានជាង៨០ម៉ឺនរៀលក្នុងមួយខែ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី អួន ចាន់ធឿន បានរៀបរាប់យ៉ាងដូច្នេះ៖ «ដោយសារអ្នកភូមិរកចំណូលបានច្រើនពីការចំណាកស្រុកនេះ ទើបទៅតាមគេដែរ។ គេទៅចំកន្លែងល្អ តែយើងទៅមិនត្រូវកន្លែងដូចគេ»។ អ្នកស្រី ចាន់ធឿន ហាក់មានអារម្មណ៍អន់ចិត្ត ដែលសម្រេចចិត្តចំណាកស្រុកនៅថៃ។ ស្ត្រីរស់នៅខេត្តកំពង់ធំរូបនេះ បានមកដាំបន្លែ និងចិញ្ចឹមមាន់វិញ ដែលទទួលបានបណ្ដុះបណ្ដាលពីអង្គការសេដាក។ បើតាមអ្នកស្រី ចាន់ធឿន កសិកម្មមានសារៈសំខាន់សម្រាប់អ្នកស្រី ជាពិសេសបញ្ហាសុខភាព។ ក្រៅពីដាំបន្លែ និងចិញ្ចឹមមាន់ អ្នកស្រី ចាន់ធឿន បានស្រែបន្ថែម រួមទាំងបង្កើតក្រុមសន្សំមួយនៅក្នុងភូមិផងដែរ៕

website_news/2019140101.txt · Last modified: 2019/01/14 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki