website_news:2019140102

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថិភាពដល់នគរបាលរាជធានី-ខេត្ត ចំនួន៥ថ្ងៃ

http://cambodiapolice.com/policekh/ 10:25 am 14 មករា 2019

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តការ និងការប្រើប្រាស់អាវុធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ប្រធានស្តីទី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាង លោកជំទាវនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង ប្រធានស្តីទី នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មានប្រសាសន៍ ក្នុពិធីបើកវគ្គបណ្តុះបណ្តាលថា ស្ថានភាពបទល្មើសពាក់ព័ន្ធការជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទលើស្រ្តី និងកុមារនៅកម្ពុជា នៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់រួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ឆ្លងតាមកិច្ចសហប្រតិបត្តការណ៍រវាងនគរបាលជាតិកម្ពុជាជាមួយ និងអង្គការមេត្រីអន្តរជាតិ និងសេចក្តីអំណរអន្តរជាតិកន្លងមកទទួលបានលទ្ធផលជាច្រើនក្នុងការស៊ើបអង្កេត បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើអនីតិជនជាបន្តបន្ទាប់។ ឯកឧត្តម បន្តទៀតថា លទ្ធផលទាំងនេះបញ្ជាក់អោយឃើញច្បាស់ពីការខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជាក្នុងការស្រាវជ្រាវស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង បញ្ជាក់ថា “បើទោះបីជាកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយការប្រើប្រាស់អាវុធត្រូវបានកាត់បន្ថយយ៉ាងច្រើន ប៉ុន្តែចំពោះមន្ត្រីនគរបាលជំនាញដែលជាអ្នកអនុវត្តច្បាប់បាននិងកំពុងបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើស ចាប់ជនសង្ស័យ និងសង្គ្រោះជនរងគ្រោះ ចាំបាច់ត្រូវតែមានការស្វែងយល់បន្ថែមនូវវិធីសាស្ត្រការពារខ្លួន និងការប្រើប្រាស់អាវុធពេលប្រតិបត្តការបង្ក្រាបបទល្មើស ក្នុងការចាប់ខ្លួនជនសង្ស័យ និងសង្គ្រោះជនរងគ្រោះប្រកបដោយសុវត្ថិភាព ព្រមទាំងការសង្គ្រោះបឋមពេលមានរបួសនៅកំឡុងពេលប្រតិបត្តិការនេះផងដែរ”។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ មានការចូលរួមពីសំណាក់អង្គការចំនួនពីរ គឺអង្គការមេត្រីអន្តរជាតិ (AIM SWAT) និងសេចក្តីអំណរអន្តរជាតិ (JOY INTERNATIONAL) ដែលមានគ្រូឧទ្ទេសនាមដែលមានបទពិសោធខ្ពស់មកពីសហរដ្ឋអាមេរិក និងមានគ្រូជំនួយជានគរបាលស្ត្រីចំនួន ០២រូប ព្រមទាំងមានការចូលរួមពីសិក្ខាកាមជា នាយ នាយរងនគរបាលពីតាមរាជធានី-ខេត្តចំនួន៧គឺ៖ ភ្នំពេញ កំពត ពោធិសាត់ តាកែវ កំពង់ចាម កំពង់ឆ្នាំង និងកំពង់ស្ពឺ៕

website_news/2019140102.txt · Last modified: 2019/01/14 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki