website_news:2019140104

កម្ពុជា-វៀតណាម ចាត់វិធានម៉ឺងម៉ាត់ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន

http://information.gov.kh/ ចេញផ្សាយ ថ្ងៃទី 14 ខែ មករា ឆ្នាំ 2019 វិទ្យុជាតិកម្ពុជា៖

ដោយ ធីណា ឌីណេ៖ រដ្ឋមន្រី្តក្រសួងមហាផ្ទៃអះអាងថា នឹងបង្កើនវិធានការម៉ឺងម៉ាត់ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមច្រករបៀងព្រំដែនជាមួយប្រទេសជិតខាង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូអញ្ចើញចូលរួមក្នុងកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីចុងសប្តាហ៍នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ភាគីកម្ពុជានិងវៀតណាមបានប្តេជ្ញារួមគ្នាបង្កើនប្រសិទ្ធភាពបង្ក្រាបបទល្មើសឧក្រឹដ្ឋកម្មឆ្លងដែន ដែលជាកង្វល់រួមនៃប្រទសទំាង២។

សម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា ឆ្នាំ២០១៩នេះ ភាគីទំាង២និងបន្តអនុវត្តការងារសំខាន់ៗមួយចំនួនរួមមាន៖ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមច្រករបៀង និងតាមភូមិសាស្ត្រស្មុគស្មាញមួយចំនួន ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗ តាមបណ្ដាខេត្តជាប់ព្រំដែន ដូចជា ខេត្តត្បូងឃ្មុំ ក្រចេះ រតនគិរី និងមណ្ឌលគិរី ។ បន្ថែមពីនេះទៀតជំរុញចាត់វិធានការតឹងរ៉ឹង ទប់ស្កាត់និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់ បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយ សន្តិវិធី ឈរលើគោល ការណ៍គោរពឯករាជ្យ និងអធិបតេយ្យភាពគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា សម្តេចក្រឡាហោមបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នាទីក្រុងហូជីមិញ ប្រទេសវៀតណាម៕

website_news/2019140104.txt · Last modified: 2019/01/14 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki