website_news:2019140201

ឧទ្ធរណ៍ជម្រះក្ដីបុរសជប៉ុន និងស្រ្តីខ្មែរ រឿងនាំនារីទៅបម្រើផ្លូវភេទនៅជប៉ុន

https://www.postkhmer.com/ គឹម សារុំ | Publication date 14 February 2019 | 09:12 ICT

ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានជំនុំជម្រះបុរសជប៉ុនម្នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធនឹងការនាំនារីខ្មែរ ៦ នាក់ទៅបម្រើផ្លូវភេទនៅប្រទេសជប៉ុនប្រព្រឹត្តកាលពីឆ្នាំ ២០១៦ ជាសំណុំរឿងដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំ។ នៅក្នុងបន្ទប់សវនាការកាលពីម្សិលមិញបុរសជាប់ចោទឈ្មោះ FUKUI SUSU MU អាយុ ៥២ ឆ្នាំ បានប្រាប់ចៅក្រមថា លោកបានមកកម្ពុជានៅមុនឆ្នាំ ២០១៦ និងបានបើកហាងអាហារមួយនៅម្តុំវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។ រីឯស្ដ្រី ឈ្មោះ លឹម លក្ខិណា អាយុ ២៩ ឆ្នាំជាអ្នកធ្វើការក្នុងហាងនោះហើយក៏ជាមិត្តស្រីរបស់លោកដែរ។

លោក FUKUI SUSU MU ប្រាប់ចៅក្រមបន្តថា ជាមួយគ្នានេះ លោកបានស្គាល់នារីជប៉ុនម្នាក់ឈ្មោះ ណាហ្គារិ នៅជប៉ុនហើយឈ្មោះនេះក៏ធ្លាប់បានស្គាល់ស្រ្តីខ្មែរម្នាក់ ឈ្មោះ ឡាំ សាត នៅកម្ពុជាផងដែរ។ បន្ទាប់មក ស្រ្តីជនជាតិជប៉ុនរូបនេះបានណែនាំលោកឲ្យស្គាល់ស្រ្តីខ្មែរឈ្មោះ ឡាំ សាត នេះ។ ក្រោយពីស្គាល់គ្នា ស្រ្តីឈ្មោះឡាំ សាត ឧស្សាហ៍ទៅហាងរបស់លោកញឹកញាប់ ហើយក៏បានស្គាល់ឈ្មោះ លឹម លក្ខិណា ដែរទៅ។ លុះដល់ខែសីហា ឆ្នាំ ២០១៦ ស្រ្តីជនជាតិជប៉ុនឈ្មោះណាហ្គារិ បានឲ្យឈ្មោះ ឡាំ សាត រើសនារីខ្មែរមួយចំនួនយកទៅហាត់ការពីរបៀបបម្រើការក្នុងភោជនីយដ្ឋានមួយនៅប្រទេសជប៉ុនដោយសន្យាថា ពេលរៀនចេះនឹងឲ្យនារីខ្មែរទាំងនោះមកបម្រើការនៅភោជនីយដ្ឋាននៅភ្នំពេញវិញ ព្រោះស្រ្តីជប៉ុននោះក៏មានបំណងមកបើកហាងអាហារនៅភ្នំពេញដែរ។ លោក FUKUI SUSU MU បន្តថា បន្ទាប់មកឈ្មោះ ឡាំសាត រកបាននារីខ្មែរពេញវ័យ ៦ នាក់ ដោយឲ្យលោកជាអ្នករត់ឯកសារលិខិតឆ្លងដែននិងវីសាឲ្យនារីទាំងនោះ រីឯការចំណាយគឺស្រ្តីជប៉ុនឈ្មោះ ណាហ្គារិ ជាអ្នកចេញ ក្នុងនោះលោកត្រូវស្ត្រីជប៉ុនរូបនោះ សន្យាឲ្យឈ្នួល ១៨០០ ដុល្លារ។ បន្ទាប់ពីរត់ការរួច លោកបាននាំនារីខ្មែរទាំង ៦ នាក់នោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីឡើងយន្តហោះទៅជប៉ុន។

ក៏ប៉ុន្តែតាមកំណត់ហេតុតុលាការបង្ហាញថា ពេលនារីរងគ្រោះទាំងនោះទៅដល់ជប៉ុនក្នុងឆ្នាំ ២០១៦ ក៏ត្រូវបានគេឲ្យបម្រើផ្លូវភេទ ហើយក្រោយមកក្រុមនារីរងគ្រោះបានប្តឹងស្ថានទូតកម្ពុជា ទើបត្រូវបានជួយឲ្យត្រឡប់កម្ពុជាវិញ ហើយបន្ទាប់មកសមត្ថកិច្ចកម្ពុជាក៏បានស្រាវជ្រាវចាប់ខ្លួនឈ្មោះ FUKUI SUSU MU និងស្រ្តីខែ្មរឈ្មោះ លឹម លក្ខិណា តែម្ត។ សំណុំរឿងនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨ ផ្តន្ទាទោសជនទាំង ២ នាក់ដាក់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំចោទពីបទការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចតាមមាត្រា ១២ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបានបង្គាប់ឲ្យជនជាប់ចោទទាំង ២ នាក់រួមគ្នាសងទៅក្រុមនារីរងគ្រោះក្នុងម្នាក់ៗ ២ ម៉ឺនដុល្លារ។

ជនជាប់ចោទឈ្មោះ FUKUI SUSU MU បានបញ្ជាក់ប្រាប់ចៅក្រមពីម្សិលមិញថា៖ «រឿងនេះខ្ញុំមិនបាននាំនារីខ្មែរទាំង ៦ នាក់នោះទៅបម្រើផ្លូវភេទទេប៉ុន្តែខ្ញុំបានរត់ការធ្វើឯកសារឲ្យពួកគេមែន រីឯលុយក៏ខ្ញុំមិនទាន់បានទទួលពីស្រ្តីជប៉ុននោះដែរ។ទោះយ៉ាងណាខ្ញុំសុំឲ្យតុលាការបន្ថយទោសដល់ខ្ញុំព្រោះខ្ញុំមានជំងឺសួតហើយមានម្តាយចាស់ជរាកំពុងសម្រាកក្នុងមន្ទីរពេទ្យនៅប្រទេសជប៉ុន»។

ដោយឡែកស្រ្តីជាប់ចោទឈ្មោះ លឹម លក្ខិណា បានប្រាប់ចៅក្រមពីម្សិលមិញដែរថា គាត់គ្រាន់តែជាអ្នកធ្វើការក្នុងហាងលោក FUKUI SUSU MU ប៉ុណ្ណោះ ហើយក៏មិនបានស្គាល់មុខនារីរងគ្រោះឬមានទំនាក់ទំនងគ្នាដែរ។ស្រ្តីរូបនេះបាននិយាយថា៖ «ខ្ញុំស្នើដល់តុលាការឲ្យដោះលែងខ្ញុំវិញព្រោះម្តាយខ្ញុំជាជនពិការគ្មានអ្នកណារកស៊ីចិញ្ចឹមគាត់ទេ ខ្ញុំមិនបានពាក់ព័ន្ធរឿងនេះទេ»។

លោក ជុំ សែនសទ្ធា តំណាងមហាអយ្យការសន្និដ្ឋានថា ក្រោយស្តាប់ចម្លើយរបស់ជនទាំង ២ នាក់ លោកយល់ថា ក្នុងសវនាការជនជាប់ចោទ FUKUI SUSU MU ថា គាត់គ្រាន់តែរត់ការឯកសារឲ្យនារីរងគ្រោះ ប៉ុន្តែពេលទៅដល់ប្រទេសជប៉ុននារីរងគ្រោះត្រូវគេឲ្យបម្រើផ្លូវភេទជាមួយបុរសជាតិជប៉ុន។ លោកថា៖ «ទោះយ៉ាងណាក្រុមជនជាប់ចោទធ្វើការជ្រើសរើសមនុស្សទៅប្រទេសជប៉ុននេះ មិនមែនជាលក្ខណៈក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវទេ។ដូច្នេះខ្ញុំសូមតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោមទុកជាបានការ»។ ក្រោយជំនុំជម្រះ លោក សំរិទ្ធិ សុផល ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកាសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី ៧ ខែមីនា ខាងមុខ៕

website_news/2019140201.txt · Last modified: 2019/02/14 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki