website_news:2019140203

កម្ពុជា-ថៃ ចេញសេចក្តីថ្លែងការណ៍រួមអំពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី១៤

http://ppd-news.net/ Posted By: admin February 14, 2019

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លើកទី១៤ ដែលបានដឹកនាំដោយសហប្រធាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ នៅនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមពីកិច្ចការព្រំដែនប្រទេសទាំងពីរ។ ប្រមុខការពារជាតិកម្ពុជា-ថៃបានចេញសេចក្តីថ្លែងការណ៍រួម នៅក្នុងកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយយោង ទៅតាមកិច្ចព្រមព្រៀងនៃការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែន ក៏ដូចជាពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងរវាងកងទ័ព និងកងឯកភាពសន្តិសុខពាក់ព័ន្ធដ៏ទៃទៀតរបស់កម្ពុជា និង ថៃ។

កិច្ចប្រជុំនេះបានបញ្ជាក់អំពីសារៈសំខាន់នៃការប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី 14 ដែលបានផ្តល់នូវការណែនាំ និងទិសដៅបដើម្បីជម្រុញឲ្យទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍រវាងកងទ័ពទាំងពីរនៅគ្រប់កំរិតទាំងអស់ឲ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាការលើកកម្ពស់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។ កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះវឌ្ឍនៈភាពនៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ហើយភាគីទាំងពីរបានពិនិត្យឡើងវិញ នូវលទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ដែលដាក់ចេញដោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ លើកទី១៣ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដូចជា ៖ កិច្ចសហប្រតិបត្តិការ លើការឆ្លងកាត់ព្រំដែន បញ្ហាពលករ ការទប់ស្កាត់នឹងបង្ក្រាបការជួញដូរគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង កងទ័ពកម្ពុជា ជាមួយបណ្ដាអង្គភាពសន្តិសុខថៃ ក្នុងតំបន់ព្រំដែន បញ្ហាកសិកម្ម បញ្ហាសុខភាពសាធារណៈ ការអភិវឌ្ឍជីវភាព រស់នៅការអប់រំសាសនា និងវប្បធម៌។

កិច្ចប្រជុំបានឯកភាពជំរុញភាគីទាំងពីរ ឲ្យបន្តនូវភារកិច្ចក្នុងការថែរក្សាសន្តិភាព ស្ថិរភាពតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ដោយស្របតាមគោលការណ៍ និងវិធានការដែលបានកំណត់ក្នុងកំណត់ហេតុព្រមព្រៀងនៃកិច្ចប្រជុំលើកទី១៤ នេះលើគ្រប់ ទិដ្ឋភាពទាំងអស់។ ភាគីថៃនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅ (GBC) កម្ពុជា-ថៃលើកទី១៥ ហើយនឹងធ្វើការជូនដំណឹងទៅភាគីកម្ពុជាអំពីកាលបរិច្ឆេទ និងទីកន្លែងនៅពេលក្រោយ៕

website_news/2019140203.txt · Last modified: 2019/02/14 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki