website_news:2019140301

ឧទ្ធរណ៍បន្ថយទោសស្ត្រីម្នាក់ រឿងឲ្យសាច់ញាតិដើរសុំទាន

https://www.postkhmer.com/ គឹម សារុំ | Publication date 13 March 2019 | 14:41 ICT

ភ្នំពេញៈ ចៅក្រមសាលាឧទ្ធរណ៍កាលពីម្សិលមិញបានប្រកាសសាលដីកាដោយបន្ថយទោសស្ត្រីចំណាស់ម្នាក់ពីជាប់ពន្ធនាគារ ៨ ឆ្នាំមកនៅ ១ ឆ្នាំវិញ បន្ទាប់ពីបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៩ ពាក់ព័ន្ធនឹងការបង្ខំឲ្យក្មួយនិងចៅប្រុសស្រីរបស់ខ្លួនដើរសុំទាននៅតាមផ្លូវនៅក្នុងក្រុងភ្នំពេញកាលពីឆ្នាំ ២០១៧។ ខណៈមានវត្តមានរបស់ជនជាប់ចោទនៅក្នុងបន្ទប់សវនាការដែរនោះលោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ បានអានសាលដីកានៅចំពោះមុខស្ត្រីជាប់ចោទថា សំណុំរឿងនេះមានស្ត្រីជាប់ចោទឈ្មោះ ភួងចាន់នី អាយុ ៥៣ ឆ្នាំ ដែលកាលពីថ្ងៃបើកសវនាការស្ត្រីជាប់ចោទរូបនេះថា គាត់បានឲ្យចៅប្រុស-ស្រី របស់គាត់ដើរសុំទានអស់រយៈពេល ៧ ឆ្នាំមកហើយមុនសមត្ថកិច្ចចាប់ខ្លួន។ ស្ត្រីជាប់ចោទថាគាត់មានគំនិតឲ្យក្មួយនិងចៅដើរសុំទានគេនោះគឺដើម្បីយកលុយមកទិញទឹកដោះគោឲ្យចៅគាត់បៅ និងយកមកទិញបាយទឹកហូបប្រចាំថ្ងៃ ពីព្រោះម្តាយរបស់ពួកគេទៅរកស៊ីឆ្ងាយ។

លោកចៅក្រម បានអានសាលដីកាបន្តថា រឿងនេះស្ត្រីជាប់ចោទត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ ៨ ឆ្នាំ និងចោទពីបទជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចតាមបញ្ញត្តិមាត្រា ១២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស។ បើយោងតាមមាត្រា ១២ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនេះបានចែងថា ជនណាជ្រើសរើសជនដទៃដោយមិនស្របច្បាប់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ឆ្នាំទៅ ១៥ ឆ្នាំ។

ប៉ុន្តែទោះជាយ៉ាងណា លោកចៅក្រមបានថ្លែងថា៖ «អ៊ុំស្រីជាប់ចោទគាត់មិនមែនជ្រើសរើសអ្នកដទៃមកឲ្យដើរសុំទានទេ តែក្មេងៗទាំងនោះជាក្មួយ និងជាចៅរបស់គាត់។ ដូច្នេះការដែលតុលាការថ្នាក់ក្រោមយកមាត្រា ១២ មកផ្តន្ទាទោសគាត់ គឺមិនត្រឹមត្រូវតាមច្បាប់ទេ។ សាលាឧទ្ធរណ៍សម្រេចបន្ថយទោសគាត់ពីជាប់ពន្ធនាគារ ៨ ឆ្នាំមកជាប់ពន្ធនាគារ ១ឆ្នាំវិញ ហើយកែប្រែបទចោទពីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចមកជាបទញុះញង់អនីតិជនឲ្យសុំទានតាមបញ្ញត្តិមាត្រា ៣៤៤ នៃក្រមព្រហ្មទណ្ឌវិញ»។ បើយោងតាមមាត្រា ៣៤៤ នៃក្រមព្រហ្មទណ្ឌនេះចែងថាជនណាញុះញង់ឲ្យអនីតិជនសុំទានត្រូវផន្ទាទោសដាក់ពន្ធនាគារពី ១ ខែទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនរៀលទៅ ២ លានរៀល។

តាមអង្គហេតុស្ត្រីជាប់ចោទឈ្មោះភួង ចាន់នី បានប្រើក្មួយនិងចៅប្រុសស្រីរបស់គាត់ដែលមានអាយុចន្លោះពី ៦ ឆ្នាំទៅ ១២ ឆ្នាំចំនួន ៧ នាក់ឲ្យដើរសុំទានចាប់ពីម្តុំវត្តភ្នំទៅដល់វត្តដំដែកក្នុងសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។ បន្ទាប់មកគាត់ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញចាប់ខ្លួននៅក្នុងអំឡុងឆ្នាំ ២០១៧៕

website_news/2019140301.txt · Last modified: 2019/03/14 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki