website_news:2019140306

កូរ៉េខាងត្បូង បានសន្យាបង្កើនកូតា ការងារសម្រាប់ពលករកម្ពុជា ទៅធ្វើការក្នុងប្រទេសរបស់ខ្លួន

http://bayontv.com.kh/ 14/03/2019

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានសន្យាបង្កើនកូតាការងារដល់ពលករកម្ពុជា ដែលនឹងចាកចេញទៅបម្រើការងារ ដោយ អះអាងថា ពលករកម្ពុជា មិនបង្ករផលលំបាកពេលបំពេញការងារ។ ឯកឧត្តម ឡង់ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយBTV បានបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជា ប្រទេសកូរ៉េខាងត្បូង បានសន្យា នឹងទទួលយកចំនួនពលករកម្ពុជាចូលទៅបម្រើការបន្ថែមទៀត ទោះបីជាសព្វថ្ងៃមានពលករកើនដល់ ១៦ជាតិសាសន៍ កំពុងបម្រើការក្នុងប្រទេសកូរ៉េខាងត្បូងក្ដី។ ឯកឧត្តម ឡង់ ឌីម៉ង់ បញ្ជាក់ថា សព្វថ្ងៃពលករកម្ពុជាប្រមាណ ជាង ៥ម៉ឺននាក់កំពុងបម្រើការងារ ក្នុងប្រទេសកូរ៉េខាងត្បូង។ការងារសំខាន់ៗដែលពលករកម្ពុជា បម្រើការ រួមមាន ៣វិស័យសំខាន់ៗ គឺវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសំណង់។

ឯកឧត្តម បន្តថា សម្រាប់ពលករកម្ពុជាដែលចេញទៅបម្រើការក្នុងប្រទេសកូរ៉េខាង ទទួលបានប្រាក់ខែខ្ពស់ជាងគេ ធៀបនឹងពលករកម្ពុជាដែលចេញទៅបំពេញការងារនៅប្រទេសដទៃ។ ក្នុងនោះ សម្រាប់ពលករបំពេញការងារក្នុងវិស័យ កសិកម្ម អាចទទួលបានប្រាក់ចន្លោះពី ១៥០០ ដុល្លារទៅ ១៨០០ ដុល្លារ រីឯពលករបំពេញការងារក្នុងវិស័យឧស្សាហកម្ម អាចទទួលបានប្រាក់ចន្លោះពី ១៨០០ ទៅ២៥០០ ដុល្លារ និងពលករដែលបំពេញកិច្ចការក្នុងវិស័យសំណង់ អាចទទួលបានចំណូលខ្ពស់ជាងគេ ដោយពួកគេអាចទទួលបានចន្លោះពី ២៨០០ ដុល្លារទៅដល់ ៣០០០ដុល្លារ។សម្រាប់ពលករធ្វើការក្នុងវិស័យសំណង់ដែលមានលទ្ធភាព ម៉ៅការធ្វើដោយខ្លួនឯង អាចរកចំណូលបានរហូតដល់ប្រមាណ ៤០០០ ដុល្លារ ទៅ ៥០០០ដុល្លារក្នុងមួយខែ។ សព្វថ្ងៃមានពលករកម្ពុជាជាង ៥ម៉ឺននាក់កំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែល ពលករកម្ពុជាចេញទៅបម្រើការនៅប្រទេស កូរ៉េខាងត្បូងប្រមាណ ៧ពាន់ទៅ៨ពាន់ នាក់ក្នុងមួយឆ្នាំ និង បានផ្ញើថវិកាមកកម្ពុជាវិញ មិនតិចជាង៦០០លានដុល្លារក្នុងមួយឆ្នាំនោះទេ៕

website_news/2019140306.txt · Last modified: 2019/03/14 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki