website_news:2019140602

បុរសបានបញ្ចប់ជីវិតដោយអាថ៌កំបាំង គ្មានអ្នកដឹងមូលហេតុ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៧ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ សពពលករម្នាក់ត្រូវភាគីថៃបញ្ជូនត្រឡប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី13 ខែមិថុនា ឆ្នាំ2019 ក្រោយបញ្ចប់ជីវិតដ៏សែនអាថ៌កំបាំង គឺស្លាប់ដោយចង.កក្នុងប្រឡោះខ្សែខាងលើការ៉ុងខ្សាច់ដែលចងទុកសម្រាប់ទាត់លេង ហើយក៏គ្មានអ្នកណាម្នាក់ដឹងពីមូលហេតុឡើយ បានត្រឹមបង្កឱ្យភ្ញាក់ផ្អើលលើទឹកដីថៃ។

ជនរងគ្រោះខាងលើឈ្មោះទុយ បុត្រា ភេទប្រុស អាយុ26ឆ្នាំ ជាកម្មករប្រមូលលាមកមាន់នៅខេត្តនគររាជសីម៉ា ប្រទេសថៃ និងមានស្រុកកំណើតនៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាមកម្មកររួមអាជីពមួយក្រុម និងជាសាច់ញាតិផងនោះប្រាប់កោះសន្តិភាពថា ជនរងគ្រោះខាងលើជាមនុស្សនៅលីវ ហើយមុនស្លាប់បានអង្គុយផឹកស្រាថៃ (ឡាវខាវ) 1ដបគ្នា4នាក់ កាលពីព្រលប់ថ្ងៃទី11 មិថុនា លុះម៉ោងជាង10យប់ថ្ងៃដដែល ក្រោយពីផឹកស៊ីរួច ក៏បែកគ្នាទៅសម្រាករៀងៗខ្លួន។

បើតាមឈ្មោះ ស៊ឹម សែន ភេទប្រុស អាយុ22ឆ្នាំ ដែលប្រទះឃើញសពជនរងគ្រោះមុនគេនិយាយថា ដំបូងគេឃើញជនរងគ្រោះអង្គុយមុខបន្ទប់ដេក លុះម៉ោងប្រហែល10កន្លះយប់ថ្ងៃដដែល ខ្លួនបានចេញពីបន្ទប់រកបត់ជើងតូច ស្រាប់តែប្រទះឃើញជនរងគ្រោះស្លាប់ព្យួរ.កនៅចំណុចប្រឡោះខ្សែដែលចងការ៉ុងខ្សាច់ទុកសម្រាប់នាំគ្នាទាត់លេងដើម្បីហាត់ប្រាណនោះតែម្តង។

យ៉ាងណាក៏ដោយ ក្រុមកម្មករ រួមអ្នកអាជីពនិយាយថា ជនរងគ្រោះមុនស្លាប់តែងតែនិយាយផ្តេសផ្តាស់ខុសពីធម្មតា។ ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានញ្ជូនដល់វត្តបាលិលេយ្យក្នុងសង្កាត់ប៉ោយប៉ែត ហើយត្រូវសាច់ញាតិជួលរថយន្តដឹកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ បុប្ផា)

website_news/2019140602.txt · Last modified: 2019/06/14 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki