website_news:2019140605

ថៃចោទប្រកាន់ក្រុមនាវិកដឹកជនរ៉ូហ៊ីងយ៉ាពីបទជួយជនអន្តោប្រវេសន៍ខុសច្បាប់

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 14/06/2019

ថៃ ៖ ប៉ូលីសបាននិយាយកាលពីថ្ងៃពុធថា អាជ្ញាធរថៃបានចោទប្រកាន់មេក្រុម និងនាវិកទូកដែលដឹកជនមូស្លីមភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៦៥ នាក់ពីបទជួយជនអន្តោប្រវេសន៍ខុសច្បាប់បន្ទាប់ពីក្រុមនេះត្រូវបានគេរកឃើញជាប់គាំងនៅលើកោះភាគខាងត្បូងនៃប្រទេសថៃ ។ ប៉ូលីសបាននិយាយកាលពីថ្ងៃអង្គារថា បុរស ២៩ នាក់ ស្ត្រី ៣១ នាក់ និងកុមារ ៥ នាក់ត្រូវបានគេរកឃើញនៅលើកោះ Rawi នៅខេត្ត Satun ជាកន្លែងដែលទូករបស់ពួកគេត្រូវបានកើលឡើងគោកដោយសារតែពីបញ្ហាម៉ាស៊ីន ។ ក្រុមនាវិកដែលជាជនជាតិមីយ៉ាន់ម៉ា ៥ នាក់ និងមេក្រុមជនជាតិថៃត្រូវបានចោទប្រកាន់ពីបទជួយជនបរទេសឲ្យចូលទៅក្នុងប្រទេស ដោយខុសច្បាប់ជាបទល្មើសមួយដែលអាចជាប់គុករហូតដល់១០ ឆ្នាំ ។ លោកឧត្តមសេនីយ៍ Suchart Thirasawat បានប្រាប់រ៉យទ័រថា “យើងបានចោទប្រកាន់ជនសង្ស័យជនជាតិថៃ និងមីយ៉ាន់ម៉ាពីបទជួយដល់ជនអន្តោប្រវេសន៍ចូលមកដោយខុសច្បាប់” ។ លោកបាននិយាយថា ជនរ៉ូហ៊ីងយ៉ាកំពុងត្រូវបានយកចិត្តទុកដាក់ ខណៈអាជ្ញាធរព្យាយាមកំណត់ថាតើពួកគេជាជនរងគ្រោះនៃការជួញដូរមនុស្សឬយ៉ាងណា ។ លោក Suchart បានថ្លែងថា “យើងមិនបានដាក់ការចោទប្រកាន់ប្រឆាំងនឹងអ្នកដំណើររ៉ូហ៊ីងយ៉ានោះទេ ហើយយើងកំពុងធ្វើការ ដើម្បីកំណត់ថាតើពួកគេជាជនរងគ្រោះឬអត់” ។ ជនមូស្លីមរ៉ូហ៊ីងយ៉ាជាច្រើននាក់បានធ្វើដំណើរតាមទូកនៅក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីព្យាយាមទៅដល់ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃអ្វីដែលអាជ្ញាធរបារម្ភថា អាចជារលកថ្មីនៃការរត់ពន្ធមនុស្សតាមសមុទ្រ បន្ទាប់ពីការបង្ក្រាបការជួញដូរមនុស្សនៅឆ្នាំ ២០១៥ ។

លោក Jaruwat Kliangklao អភិបាលខេត្ត Satun បាននិយាយថា “ផ្អែកតាមអ្វីដែលយើងដឹងរហូតមកដល់ពេលនេះជនរ៉ូហ៊ីងយ៉ាទាំងនេះមកពីតំបន់ព្រំដែនរវាងមីយ៉ាន់ម៉ា និងបង់ក្លាដេស ហើយពួកគេកំពុងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី” ។

ប្រទេសមីយ៉ាន់ម៉ាចាត់ទុកជនរ៉ូហ៊ីងយ៉ា ជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីទ្វីបឥណ្ឌា ហើយបានឃុំឃាំងមនុស្សរាប់ម៉ឺននាក់នៅក្នុងជំរុំលាតសន្ធឹងនៅរដ្ឋរ៉ាក់ឃីនចាប់តាំងពីអំពើហឹង្សាវាយប្រហារតំបន់នេះក្នុងឆ្នាំ ២០១២ ។ភាពចលាចលនេះបានជំរុញឲ្យមនុស្សរាប់ម៉ឺននាក់នៃជនរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនទៅប្រទេសមីយ៉ាន់ម៉ាតាមសមុទ្រដែលជាការភៀសខ្លួនមួយឈានដល់កម្រិតកំពូលនៅឆ្នាំ ២០១៥ នៅពេលដែលមនុស្សប្រមាណ ២៥,០០០ នាក់ដែលបានឆ្លងកាត់សមុទ្រអាដាម៉ាន់សម្រាប់ប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានលង់ទឹកជាច្រើននាក់នៅក្នុងទូកដែលគ្មានសុវត្ថិភាព និងការដឹកជញ្ជូនលើសចំណុះ ៕

website_news/2019140605.txt · Last modified: 2019/06/14 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki