website_news:2019141002

តុលាការកំពុងបន្តសាកសួរជនប្រុស-ស្រី ៦ នាក់ រឿងជួញដូរផ្លូវភេទ

https://www.postkhmer.com/ គឹម សារុំ | Publication date 14 October 2019 | 10:30 ICT

ប៉ៃលិន/សៀមរាបៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិនកាលពីម្សិលមិញនៅកំពុងបន្តសាកសួរជនប្រុស-ស្រី ៦ នាក់ បន្ទាប់ពីចាប់ខ្លួននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅកាលពីថ្ងៃទី ១០ ខែតុលា ពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សាបង្កប់សេវាផ្លូវភេទ ខណៈស្ត្រី ២ នាក់ ត្រូវតុលាការឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាបពាក់ព័ន្ធពីបទសច្ចារកម្ម ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៩ ខែតុលា នៅសង្កាត់ ក្រុង-ខេត្តសៀមរាប។

លោក យឹម រដ្ឋា នាយផ្នែកការិយាល័យជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិនបានថ្លែងកាលពីម្សិលមិញថា ជនសង្ស័យក្នុងរឿងនេះមាន ៦ នាក់ ដែល ទី១- ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ ឆ្នាំ ទី២- វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ ឆ្នាំ ទី៣- ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ ឆ្នាំ ទី៤- ថៃ នីតៃលិន ភេទស្រី អាយុ ២៧ ឆ្នាំ ទាំង ៤ នាក់ ជាជនជាតិវៀតណាម។ ទី៥- ម៉ៃទ្រី ថាណាផា សាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ និង ទី៦- ឆាត ឡុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរជាសន្តិសុខមានលំនៅនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។លោក រដ្ឋា បន្តថាជនសង្ស័យទាំង ៦ នាក់នេះ សមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងខេត្ត ប៉ៃលិនតាំងពីថ្ងៃទី ១១ ខែតុលា បន្ទាប់ពីចាប់ខ្លួនពួកគេបាន ១ ថ្ងៃ ប៉ុន្តែដោយខាងតុលាការសួរពួកគេមិនទាន់អស់គ្នាទើបបញ្ជូនពួកគេ ផ្ញើនៅស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន ១ យប់ ហើយថ្ងៃម្សិលមិញទើបតុលាការបន្តសួរពួកគេទៀត។

លោកបញ្ជាក់ថា៖ «ពួកគេមិនទាន់ត្រូវតុលាការចោទពីបទអ្វីនៅឡើយទេ ព្រោះតុលាការកំពុងសាកសួរបន្តទៀត។ ប៉ុន្តែពួកគេជាប់ពាក់ព័ន្ធនឹងជួញដូរផ្លូវភេទ»។ បើតាមលោក រដ្ឋា ក្រុមជនសង្ស័យត្រូវកម្លាំងចម្រុះខេត្តប៉ៃលិនចុះបង្ក្រាបកាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ខែតុលាឆ្នាំនេះ ពាក់ព័ន្ធជួញដូរផ្លូវភេទខុសច្បាប់ស្ថិតនៅផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ដែលជាជនជាតិវៀតណាមនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រតិបត្តិការនោះសមត្ថកិច្ចបានឆែកឆេរក្នុងផ្ទះដោយបានរកឃើញ ស្រោមអនាម័យចំនួន ៤ នៅក្នុងកាបូបដៃរបស់ជនសង្ស័យម្នាក់ និងស្រោមអនាម័យដែលប្រើរួចនៅក្នុងធុងសំរាម។

ករណីជួញដូរផ្លូវភេទនេះដែរស្ត្រីខ្មែរ ២ នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាបចោទប្រកាន់កាលពីថ្ងៃទី ១១ តុលា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១០ តុលា ក្នុងទីតាំង ២ ផ្សេងគ្នា។ ទីតាំងទី ១ នៅផ្ទះម៉ាស្សា យីហោ លីលី ១៦៨ និងទីតាំងទី ២ ផ្ទះម៉ាស្សា សំណាងល្អ ស្ថិតនៅភូមិត្រៀក សង្កាត់ សៀមរាប ក្រុង-ខេត្តសៀមរាប ។

លោក ស្រី ដួង ថាវរី ស្នងការរងទទួលផែនជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងពីម្សិលមិញថា ស្ត្រីដែលតុលាការឃុំខ្លួននោះឈ្មោះ ហ៊ន់ សុខលី អាយុ ៣៦ ឆ្នាំ ជាថៅកែហាងម៉ាស្សាយីហោលីលី ១៦៨ និង ២ សឿន ធីតា អាយុ ៣៦ ឆ្នាំ ថៅកែម៉ាស្សាសំណាងល្អ។ «ពួកគេត្រូវបានចោទប្រកាន់ពីបទសច្ចារកម្ម» ដោយក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទចំនួន ៥ នាក់នោះ គឺមានអនីតិជន ២ នាក់ និងឃាត់ខ្លួនថៅកែ ២ នាក់។ បើតាមលោក ស្រី ថាវរី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់តាមបញ្ជារបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅវេលាម៉ោង ២៣:៣០ នាទីយប់ ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៩ និងសង្គ្រោះជនរងគ្រោះបាន ៥ នាក់ ។ ចំណែកឯជនរងគ្រោះទាំង ៥ នាក់នោះ សមត្ថកិច្ចបានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្ត៕

website_news/2019141002.txt · Last modified: 2019/10/14 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki