website_news:2019141003

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំពិធីផ្សព្វផ្សាយ ស្តីពីការស៊ើបអង្កេតការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

http://cambodiapolice.com/policekh/ 10:32 am 14 តុលា 2019

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពីការស៊ើបអង្កេតការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ពិធីនេះ មានការចូលរួមពី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នងការរងទទួលផែនប្រឆាំងការជួញដូរ និងនាយការិយាល័យប្រឆាំងការជួញដូរ ទាំង២៥រាជធានី-ខេត្តផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទទួលបានការផ្សព្វផ្សាយ ស្តីពីការស៊ើបអង្កេតការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយការផ្សព្វផ្សាយនេះ រៀបចំឡើងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ អំពីការងារប្រឆាំងការសម្អាតប្រាក់ ដែលជាសញ្ញាណថ្មីសម្រាប់មន្ត្រីអនុវត្តច្បាប់ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៣៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តច្បាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ឯកឧត្តម បន្តថា ការប្រឆាំងការសម្អាតប្រាក់ ដែលយើងត្រូវការស៊ើបអង្កេតផ្តើមចេញការជួញដូរមនុស្ស ដែលកន្លងទៅយើងដឹងតែករណីពាក់ព័ន្ធនឹងច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ដូច្នេះទាមទារឲ្យយើងទាំងអស់គ្នាជាមន្រ្តីអនុវត្តច្បាប់ត្រូវយល់ដឹងបន្ថែម អំពីនីតិវិធីបើកការស៊ើបអង្កេតទាក់ទងការប្រឆាំងការសម្អាតប្រាក់។

ឯកឧត្តមប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជាក់ថា បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងវិធានការស្រាវជ្រាវស៊ើបអង្កេត ជាសញ្ញាណថ្មីមួយសម្រាប់នគរបាលកម្ពុជា ដែលមិនទាន់មានការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងនៅមានការភ័ន្តច្រឡំអំពីចរិតលក្ខណៈ នៃបទល្មើសនេះនៅឡើយ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ក៏បានស្នើឲ្យមន្រ្តីអនុវត្តច្បាប់ទាំងអស់យកចិត្តទុកស្តាប់គ្រូឧទ្ទេសនាម ហើយសង្ឃឹមថា បន្ទាប់ពីទទួលការផ្សព្វផ្សាយ ស្តីពីការស៊ើបអង្កេតការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម មន្រ្តីអនុវត្តច្បាប់ទាំងអស់នឹងយកចំណេះដឹង និងបទពិសោធន៍ទាំងនេះ ទៅបម្រើក្នុងវិស័យប្រយុទ្ធប្រឆាំងអំពើប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ៕

website_news/2019141003.txt · Last modified: 2019/10/14 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki