website_news:2019141101

ក្រុមមេដឹកនាំអាស៊ាន ដាក់ចេញវិធានការអាទិភាពលប់បំបាត់គ្រប់ទម្រង់នៃអំពើកេងប្រវ័ញ្ច និងរំលោភបំពានកុមារនៅលើអ៊ីនធឹណិត

https://www.rfa.org/khmer/ ដោយ មាន ឫទ្ធិ 2019-11-04

ក្រុមមេដឹកនាំអាស៊ាន ប្រកាសដាក់ចេញវិធានការអាទិភាព ដើម្បីរួមគ្នាលប់បំបាត់គ្រប់ទម្រង់នៃអំពើកេងប្រវ័ញ្ច និងរំលោភបំពានកុមារនៅលើបណ្តាញអ៊ីនធឹណិត។ វិធានការជាអាទិភាពទាំងនោះ រួមមានការបង្កើតក្របខណ្ឌច្បាប់ថ្នាក់ជាតិនៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ដើម្បីកែលម្អស្តង់ដារ និងគោលនយោបាយគាំពារកុមារ ពីអំពើកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់នៅលើបណ្តាញអ៊ីនធឹណិត ការពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការជំរុញឲ្យមានឡើងនូវការបង្កើតអង្គភាពជំនាញថ្នាក់ជាតិ ដើម្បីដឹកនាំ និងសហការស៊ើបអង្កេតសំណុំរឿង ទាក់ទងនឹងករណីបទល្មើសទាំងនេះ។

ការប្រកាសដាក់ចេញជាវិធានការអាទិភាព ដើម្បីទប់ស្កាត់បញ្ហាកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទគ្រប់ទម្រង់ ចំពោះកុមារនៅលើបណ្តាញអ៊ីនធឹណិតនេះធ្វើឡើងខណៈក្រុមមេដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមមេដឹកនាំអាស៊ានទាំង ១០ប្រទេស ជំរុញឲ្យមានការពង្រឹងយន្តការប្រមូលទិន្នន័យតាមដាន និងរាយការណ៍ពាក់ព័ន្ធនឹងសម្ភារៈនានា ដែលចាត់ទុកថា ចូលរួមរំលោភបំពានផ្លូវភេទកុមារនៅលើបណ្តាញអ៊ីនធឹណិត។ ពួកគេក៏ចង់ឃើញឲ្យមានការកែលម្អកម្មវិធីសិក្សាថ្នាក់ជាតិ និងតាមសាលារៀន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ ក្នុងគ្រប់ទម្រង់នៅលើបណ្តាញអ៊ីនធឹណិត។ក្រុមមេដឹកនាំអាស៊ាន កត់សម្គាល់ថា ភាពជឿនលឿនយ៉ាងឆាប់រហ័ស និងការរីកសាយភាយនៃវិស័យអ៊ីនធឹណិត និងបច្ចេកវិជ្ជានៃការប្រាស្រ័យទាក់ទង កំពុងធ្វើឲ្យកុមារកាន់តែច្រើនឡើងៗ ប្រឈមនឹងភាពងាយរងគ្រោះទៅនឹងទម្រង់នៃការផលិត និងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទកុមារ និងទម្រង់ដទៃទៀត នៃអំពើកេងប្រវ័ញ្ចលើកុមារនៅតាមបណ្តាញអ៊ីនធឹណិត ដែលគ្មានព្រំដែនកំណត់៕

website_news/2019141101.txt · Last modified: 2019/11/14 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki