website_news:2019141102

អង្គការសហប្រជាជាតិអំពាវនាវជាថ្មីឲ្យកម្ពុជាលុបចោលទោសឧក្រិដ្ឋសម្រាប់ស្ត្រីពពោះជំនួស

https://khmer.voanews.com/ 13 វិច្ឆិកា 2019

ភ្នំពេញ៖ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជាលុបចោលការសម្រេចរបស់ខ្លួនដែលចាត់ទុកការពពោះជំនួសថាជាបទឧក្រិដ្ឋ និងបានស្នើរដ្ឋាភិបាលកម្ពុជាឲ្យធានាថា សំណើច្បាប់នោះនឹងមិនដាក់ទោសឧក្រិដ្ឋចំពោះស្ត្រីដែលពពោះជំនួសគេនោះទេ។ នៅក្នុងការសង្កេតចុងក្រោយរបស់ខ្លួនដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ សប្ដាហ៍មុន គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកការលុបបំបាត់ការរើសអើងស្ត្រីហៅកាត់ថា CEDAW បានប្រឆាំងទៅនឹងការយាយី និងការរើសអើងស្ត្រីដែលនៅតែកើតមាននៅក្នុងប្រទេសកម្ពុជា។ ក្ដីបារម្ភមួយក្នុងចំណោមក្ដីបារម្ភនានា ដែលរបាយការណ៍របស់គណៈកម្មាធិការអង្គការសហប្រជាជាតិនេះ បានលើកឡើងគឺការណ៍ដែលប្រទេសកម្ពុជាចាត់ទុកការពពោះជំនួសថាជាទោសឧក្រិដ្ឋ។ ការពពោះជំនួសកាលពីប៉ុន្មានឆ្នាំកន្លងមក បានបង្កឲ្យមានការរិះគន់ពីអន្តរជាតិ ដោយកុមារត្រូវបានលក់ឲ្យឪពុកម្ដាយបរទេស។ ស្ត្រីដែលពពោះជំនួសជារឿយៗគឺជាជនរងគ្រោះនៃការកេងប្រវ័ញ្ច។ នេះបើយោងតាមការបញ្ជាក់របស់អ្នកតាមដានស្ថានការណ៍នានា។ តាំងពីការពពោះជំនួសនេះត្រូវបានចាត់ទុកថាខុសច្បាប់កាលពីខែតុលា ឆ្នាំ ២០១៦ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកការលុបបំបាត់ការរើសអើងស្ត្រី បានបញ្ជាក់ថា ស្ត្រីពពោះជំនួសគេជាង ៦០ នាក់ ត្រូវបានចាប់ខ្លួន និងអាចប្រឈមនឹងនីតិវិធីព្រហ្មទណ្ឌ។ ស្ត្រីទាំងនេះត្រូវបានដោះលែងនៅក្រោមលក្ខខណ្ឌដែលតម្រូវឲ្យស្ត្រីទាំងនោះចិញ្ចឹមកូនដែលកើតមករហូតដល់អាយុ ១៨ ឆ្នាំ។

របាយការណ៍នេះបានសរសេរដូច្នេះថា៖ «គណៈកម្មាធិការ [អង្គការសហប្រជាជាតិ] មានការព្រួយបារម្ភជាពិសេសថា កាតព្វកិច្ចដូចនេះបង្កើតឲ្យមានបន្ទុកផ្នែកហិរញ្ញវត្ថុ និងផ្នែកផ្លូវចិត្តបន្ថែមទៀតលើស្ត្រីដែលកំពុងស្ថិតក្នុងស្ថានការណ៍យ៉ាប់យ៉ឺន ដែលបណ្ដាលឲ្យពួកគេពពោះជំនួសគេ‍។ ហើយពួកគេប្រឈមនឹងការរើសអើង និងការមាក់ងាយពីក្រុមគ្រួសារ និងសហគមន៍ដែលពួកគេរស់នៅ ដោយសារតែធ្វើជាស្ត្រីពពោះជំនួសគេនេះ‍»។ អង្គការសហប្រជាជាតិអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលការសម្រេចរបស់ខ្លួនកាលពីខែតុលា ឆ្នាំ ២០១៦ និងបញ្ចប់នូវការអនុវត្តដែលអនុញ្ញាតឲ្យមានការដោះលែងស្ត្រី ប្រសិនបើស្ត្រីទាំងនោះចិញ្ចឹមកូនដែលកើតមកពីការពពោះជំនួសនេះជាកូនរបស់ខ្លួន។

ប៉ុន្តែលោកស្រី ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាបានអះអាងថា សហគមន៍អន្តរជាតិជួនកាលមិនយល់អំពីបរិបទក្នុងប្រទេសនោះទេ។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ពេលខ្លះ អ្នកនៅក្រៅប្រទេសមិនយល់ពីស្ថានភាពនៅក្នុងប្រទេសកម្ពុជាទេ ហើយប្រហែលជាមិនយល់អំពីបទឧក្រិដ្ឋ មូលហេតុដែលនាំឲ្យមានបទឧក្រិដ្ឋកើតឡើង និងផលប៉ះពាល់មកលើប្រជាពលរដ្ឋរបស់យើងនោះទេ‍។ ពេលខ្លះ ពួកគេផ្ដោតតែលើសិទ្ធិរបស់ស្ត្រី ប៉ុន្តែពួកគេមិនផ្ដោតទៅលើសិទ្ធិរបស់កុមារនោះទេ‍»។ លោកស្រីមានប្រសាសន៍ថា ស្ដ្រីពពោះជំនួសគេទាំងអស់ដែលត្រូវបានចាប់ខ្លួន ត្រូវបានដោះលែងពីពន្ធនាគារវិញហើយ ប៉ុន្តែពួកគេនៅស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដោយមិនមានកាលកំណត់។ លោកស្រី ប៊ុនអេង បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវលើកយកមកពិភាក្សាជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់នៅដើមឆ្នាំ២០២០។ ក្រៅពីដាក់ឲ្យការពពោះជំនួស ជារឿងខុសច្បាប់កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលក៏បានធ្វើសេចក្ដីព្រាងច្បាប់មួយដើម្បីដាក់កំណត់ពីការដាក់ពិន័យនិងបង្កើតបទបញ្ញត្តិនៅក្នុងឯកសារច្បាប់ដាច់ដោយឡែកមួយផងដែរ។

គណៈកម្មាធិការ CEDAW បានឲ្យដឹងថា រដ្ឋាភិបាលបានធានាថា ច្បាប់ថ្មីនេះនឹង«មិនដាក់ទោសឧក្រិដ្ឋឬការពិន័យផ្នែករដ្ឋបាលណាមួយទៅលើស្ត្រីដែលពពោះជំនួសនោះទេ។ បន្ថែមពីលើនេះទៀត ច្បាប់គួរតែ«យកចិត្តទុកដាក់ទៅលើវិសមភាពនៃទំនាក់ទំនងរវាងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការពពោះជំនួសនេះ‍»។

លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់សិទ្ធិមនុស្ស បានពន្យល់ថា ស្ត្រីជាច្រើនត្រូវបានបង្ខំឲ្យពពោះជំនួសគេ។ អ្នកស្រី ចក់ សុភាព បានសរសេរនៅក្នុងអ៊ីមែលមួយផ្ញើមកកាន់ VOA ថា៖ «ស្ត្រីដែលពពោះជំនួសនៅក្នុងប្រទេសកម្ពុជា ភាគច្រើនជួបនឹងការលំបាកផ្នែកសេដ្ឋកិច្ចនិងនយោបាយ ដែលធ្វើឲ្យពួកគេសម្រេចចិត្តពពោះជំនួស‍‍។ យើងបានឃើញរយៈពេលមួយឆ្នាំមកនេះ ស្ត្រីដែលពពោះជំនួសត្រូវបានប៉ូលិសវាយឆ្មក់ចាប់ខ្លួន ចោទប្រកាន់ពីបទជួញដូរមនុស្ស និងត្រូវបានឃុំខ្លួនដោយគ្មានតម្លាភាពពីអាជ្ញាធរ មិនមានការគិតគូរពីសុខុមាលភាពរបស់ពួកគេ ឬទារកដែលពួកគេបង្កើតនោះទេ‍»។

លោកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រនិងអភិវឌ្ឍន៍សម្រាប់កម្ពុជា បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នានេះ។ លោកស្រីបានថ្លែងថា ថ្វីត្បិតតែយើងមានការព្រួយបារម្ភអំពីសីលធម៌និងវប្បធម៌ក៏ពិតមែន ក៏ប៉ុន្តែស្ត្រីដែលពពោះជំនួសមិនគួរត្រូវជាប់ពន្ធនាគារនោះទេ។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ ស្ត្រីទាំងអស់នោះមិនមែនជាឧក្រិដ្ឋជននោះទេ។ ពួកគេគ្រាន់តែជាជនរងគ្រោះប៉ុណ្ណោះ‍»។ លោកស្រី រស់ សុភាព បាននិយាយទៀតថា ជាជាងបង្ខំស្ត្រីដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ចរួចទៅហើយឲ្យចិញ្ចឹមបីបាច់កូននោះ រដ្ឋាភិបាលគួរតែធានាដល់សុខុមាលភាពរបស់កុមារ។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ស្ត្រីពពោះជំនួសទាំងនោះមិនមានលទ្ធភាពដើម្បីចិញ្ចឹមកូនៗទាំងនោះទេ។ រដ្ឋាភិបាលគួរតែមានយុទ្ធសាស្ត្រមួយដើម្បីដោះស្រាយបញ្ហានេះ‍»។

ក៏ប៉ុន្តែលោកស្រី ប៊ុនអេង បានថ្លែងថា ចាប់តាំងពីការចាត់ទុកការពពោះជំនួសជារឿងខុសច្បាប់មក ស្ត្រីទាំងឡាយដឹងយ៉ាងច្បាស់ថា ពួកគេកំពុងតែប្រព្រឹត្តបទឧក្រិដ្ឋ ហើយពួកគេត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ៕

website_news/2019141102.txt · Last modified: 2019/11/14 13:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki