website_news:2019150202

លោក ហង់ ជួនណារ៉ុន៖ ការពង្រឹងវិស័យអប់រំ អាចដោះស្រាយបញ្ហាចំណាកស្រុក

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 14 February 2019 | 10:31 ICT

ភ្នំពេញៈ ខណៈដែលពលរដ្ឋខ្មែរ ជាង ១ លាននាក់ បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ការពង្រឹងវិស័យអប់រំ គឺជាកត្ដាចម្បងដើម្បីឲ្យយុវជនកម្ពុជាអាចបង្កើតការងារក្នុងស្រុកដោយខ្លួនឯងបាន និងអាចដោះស្រយបញ្ហាការធ្វើចំណាកស្រុក។ លោករដ្ឋមន្រ្ដីបានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីរបាយការណ៍ពិនិត្យតាមដានការអប់រំសកលឆ្នាំ ២០១៩ ដែលធ្វើឡើងកាលពីម្សិលមិញ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ពាក់ព័ន្ធនឹងបញ្ហាចំណាកស្រុកនេះតាមរយៈរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួង មហាផ្ទៃដែលចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសចំនួន១៨ប្រទេសចាប់បញ្ជូនត្រឡប់មកវិញ ដោយមូលហេតុស្នាក់នៅឬធ្វើការខុសច្បាប់មានចំនួន ៣១ ៦០៩ នាក់ស្រីចំនួន ១០ ៨២៨ នាក់ និងកុមារចំនួន ២ ៩១៤ នាក់ (ច្រើនជាងគេមកពីប្រទេសថៃ ៣០៦៣៦ នាក់ កូរ៉េខាងត្បូង ២៧០ នាក់ ម៉ាឡេស៊ី ១៧២ នាក់ចិន ១៥៦ នាក់ជប៉ុន ៩២ នាក់ វៀតណាម ៨៤ នាក់…) និងពលករខ្មែរទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនមានចំនួន ១០៤ ៤៣៤ នាក់ (ស្រី ៤២ ៥៣៧ នាក់)។

បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា គិតត្រឹមខែមិថុនា ឆ្នាំ ២០១៨ គ្រាន់តែនៅក្នុងប្រទេសថៃ ១ មានពលករខ្មែរស្របច្បាប់ប្រមាណជាង ១ លាននាក់

លោក ជួនណារ៉ុន បានថ្លែងថា ការដោះស្រាយបញ្ហាចំណាកស្រុក គឺត្រូវដោះស្រាយពីដើមទីមានន័យថា គឺការធានាឲ្យបាននូវសន្ដិសុខសន្ដិភាព នៅក្នុងប្រទេស ដើម្បីបង្កលក្ខណៈឲ្យមានការវិនិយោគឲ្យកាន់តែច្រើន ការបណ្ដុះបណ្ដាលធនធានមនុស្សដែលអាចបង្កើតសេដ្ឋកិច្ចថ្មីបាន ពង្រឹងការបណ្ដុះបណ្ដាលនៅតាមសាលារៀនជំនាន់ថ្មី សាលារៀនគំរូដើម្បីឲ្យសិស្សចេះនូវបច្ចេកវិទ្យា និងអាចបង្កើតនូវវិស័យបច្ចេកវិទ្យាថ្មី នៅកម្ពុជាដែលនេះជាបញ្ហាមួយ ក្នុងការដោះស្រាយបញ្ហាចំណាកស្រុក។ លោកបន្ដថា៖ «ដូច្នេះគឺត្រូវដោះស្រាយបញ្ហានេះពីដើមទី ហើយជាតួនាទីរបស់វិស័យអប់រំដើម្បីធ្វើការឆ្លើយតប និងដោះស្រាយបញ្ហាចំណាកស្រុកនេះ ពីដើមទីទៅតែម្ដង។ មានតែការពង្រឹងវិស័យអប់រំទេ ដែលអាចដោះស្រាយនូវបញ្ហាផ្សេងៗជាពិសេសបញ្ហាចំណាកស្រុក»។ លោកបន្ថែមថា ការគ្រប់គ្រងតាមសាលារៀនដើម្បីពង្រឹងគុណភាពអប់រំ ការផ្ដោតទៅលើការបណ្ដុះបណ្ដាលគ្រូ ការផ្ដោតទៅលើការបណ្ដុះបណ្ដាលខាងផ្នែកបច្ចេកវិទ្យា ការពង្រឹងការបណ្ដុះបណ្ដាលក្នុងវិស័យ STEM គឺជាការឆ្លើយតបទៅនឹងការចំណាកស្រុក នឹងដើម្បីឲ្យយុវជននៅកម្ពុជា ចេះបង្កើតការងារធ្វើនៅក្នុងប្រទេសជាជាងទៅធ្វើការនៅក្រៅប្រទេស។

បើតាមលោករដ្ឋមន្រ្ដី ខេត្ដខ្លះមានអត្រាបោះបង់ការសិក្សាខ្ពស់រហូតដល់ ២៣ ភាគរយ ខណៈអត្រាថ្នាក់ជាតិបានធ្លាក់ចុះមកនៅត្រឹម ១៨ ភាគរយប៉ុណ្ណោះ។ លោកឲ្យដឹងថា ការធ្វើចំណាកស្រុកនេះ ភាគច្រើនបានកើតឡើងនៅតាមខេត្ដនៅជាប់ព្រំដែនថៃ មានដូចជាខេត្ដបាត់ដំបង បន្ទាយមានជ័យឧត្ដរមានជ័យជាដើម។ លោកបានលើកឡើងថា គ្រូប្រឹក្សាអាជីព អាចផ្ដល់ការប្រឹក្សាដល់សិស្ស ទៅលើការរៀនតាមមុខវិជ្ជាផ្សេងៗ ក៏ដូចជាជួយដោះស្រាយបញ្ហារបស់សិស្សទាំងនោះ ពិសេសជួយកាត់បន្ថយ ការបោះបង់ចោលការសិក្សារបស់សិស្សដែលមានឪពុកម្ដាយទៅធ្វើការនៅក្រៅស្រុក។ លោក ណារ៉ុន បានប្រាប់ទៅនាយកដ្ឋានបណ្ដុះបណ្ដាលគ្រូឲ្យយកបញ្ហានៃការបណ្ដុះបណ្ដាលគ្រូប្រឹក្សាអាជីពនេះ ទៅពិភាក្សា ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលគ្រូ បន្ទាប់មកស្នើសុំទៅវិទ្យាល័យ និងអនុវិទ្យាល័យ នៅខេត្ដដែលមានការធ្វើចំណាកស្រុកខ្ពស់នោះ ដើម្បីបង្កើតឲ្យមានបន្ទប់ពិគ្រោះយោបល់ និងដាក់ឲ្យមានគ្រូដែលមានការបណ្ដុះបណ្ដាលសម្រាប់ផ្ដល់ប្រឹក្សាដល់សិស្ស ព្រោះគ្រូប្រឹក្សាអាជីពនេះ បានជួយដល់សិស្សនារីផងដែរ ដើម្បីកុំឲ្យបោះបង់ការសិក្សា។ លោករដ្ឋមន្រ្ដីបញ្ជាក់៖ «ដូច្នេះគោលដៅយើង គឺកាត់បន្ថយការបោះបង់ចោលការសិក្សា និងផ្ដល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ដល់សិស្សក្នុងការជ្រើសរើសវិថីនៃជីវិតរបស់គាត់»។ លោកបន្ដថា៖ «សរុបមកវិញ ការបណ្ដុះបណ្ដាលគ្រូនេះ គឺជាឆ្អឹងខ្នងសម្រាប់ប្រព័ន្ធអប់រំរបស់យើង សម្រាប់ការដោះស្រាយបញ្ហាចំណាកស្រុក និងការពង្រឹងវិស័យអប់រំ»។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជាជាច្រើន បានធ្វើចំណាកស្រុកពីទីជនបទ មកទីក្រុង ឬទីប្រជុំជននិងផ្លាស់ទីទៅប្រទេសផ្សេងទៀត ដើម្បីស្វែងរកការងារធ្វើ។ លោកស្រីបន្ដថា អក្ខរកម្ម គឺជាជំនាញមួយ ក្នុងចំណោមជំនាញជាមូលដ្ឋាន ដែលជួយឲ្យជនចំណាកស្រុក មានការរីកចម្រើន នៅក្នុងតំបន់ប្រជុំជនប៉ុន្ដែលោកស្រីបញ្ជាក់ថា ជនចំណាកស្រុកជាច្រើនដែលមកធ្វើការនៅទីក្រុង នៅតែមិនទាន់ទទួលបានការសិក្សាអប់រំជំនាញអក្ខរកម្មបន្ថែមនៅឡើយ។ លោកស្រីបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ការអប់រំ គឺជាកត្តាគន្លឹះសម្រាប់ ការការពារអ្នកទាំងនេះ (ជនចំណាកស្រុក)»។ លោកស្រីបន្ថែមថា៖ «ផលប៉ះពាល់នៃការធ្វើចំណាកស្រុក ក៏កើតឡើងតជំនាន់ផងដែរ។ កុមារដែលមានឪពុកម្ដាយធ្វើចំណាកស្រុក ហើយទុកពួកគេចោល អាចទទួលបាននូវស្ថិរភាពនៃប្រាក់ដែលឪពុកម្ដាយគេផ្ដល់មកវិញ ប៉ុន្ដែការអប់រំ និងសុខុមាលភាពពួកគេ តែងតែទទួលរងនូវផលប៉ះពាល់ដោយកុមារត្រូវបានគេទុកចោល ជាពិសេសកុមារីច្រើនតែបោះបង់ចោលការសិក្សា»។

របាយការណ៍ពិនិត្យតាមដានការអប់រំសកលឆ្នាំ ២០១៩ របស់យូណេស្កូ ក្រោមប្រធានបទ «ការធ្វើចំណាកស្រុក ការផ្លាស់លំនៅដោយបង្ខំ និងការអប់រំ» បានបង្ហាញថា ចំនួនកុមារជាជនចំណាកស្រុក និងជនភៀសខ្លួន ដែលដល់អាយុចូលរៀនជុំវិញពិភពលោក កើនឡើង ២៦ ភាគរយ ចាប់តាំងពីឆ្នាំ ២០០០ មក ដែលចំនួននេះ អាចបំពេញបន្ទប់រៀនដល់ទៅជាងកន្លះលានបន្ទប់៕

website_news/2019150202.txt · Last modified: 2019/02/15 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki