website_news:2019150203

សមត្ថកិច្ចបានចុះពិនិត្យ និងបិទទីតាំងបញ្ចាំងកុនមួយកន្លែង យីហោ Home Cinema នៅក្នុងខណ្ឌចំការមន ព្រោះតែ

https://khmer.social/ Pheak Tra February 14, 2019

ភ្នំពេញៈ កាលពីពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យ និងបិទទីតាំងបញ្ចាំងកុនមួយកន្លែង យីហោ Home Cinema នៅក្នុងខណ្ឌចំការមន ដោយមានការឯកភាពពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា ព្រោះតែបានរកឃើញនៅខាងក្នុងបន្ទប់មើលកុននីមួយៗ មានសុទ្ធតែដាក់ពូកដេកទៀតផង។ កន្លែងបញ្ចាំងកុន Home Cinema ភាគច្រើនបំផុតនោះ ជាកន្លែងប្រមូលផ្តុំដោយក្រុមយុវវ័យ ជាសិស្សសាលា ទាំងស្រីទាំងប្រុស និងខ្លះទៀតជាសង្សារ បានចូលទៅមើលកុន ក្នុងបន្ទប់បិទជិតនេះ។

យ៉ាងណាក៏ដោយ សម្រាប់ក្រុមយុវវ័យមិនទាន់គ្រប់អាយុ ដែលសមត្ថកិច្ចបានឆ្មក់ចូលទៅឃើញនោះ មិនមានចាត់ការអ្វី ក្រៅតែពីហៅអាណាព្យាបាលឲ្យមកធានា រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ លោក ហ៊ាង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ប្រតិបត្តិការចុះបិទទីតាំងបញ្ចាំងកុន Home Cinema នេះ គឺបន្ទាប់ពីរកឃើញថា មានភាពមិនប្រក្រតី ដោយមានការចម្លែកត្រង់ថា មិនមានកៅអីសម្រាប់អង្គុយមើលទេ ប៉ុន្តែគេបែរជាដាក់គ្រែពូកសម្រាប់មនុស្សពីរនាក់ដេកមើលទៅវិញ។ ជាមួយគ្នានោះដែរ លោកអធិការរង ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ មេត្តាជួយពិនិត្យឲ្យបានល្អិតល្អន់សិន មុននិងចេញអាជ្ញាប័ណ្ណឲ្យប្រកបរបរអាជីវកម្មនេះ ជាពិសេសពាក់ព័ន្ធដល់ក្រសួងវប្បធម៌ ព្រោះថា ការបើកទីតាំងបញ្ចាំងកុន Home Cinema នេះ មិនមានមនុស្សចាស់ ឬក្មេងតូចៗទៅមើលទេ ភាគច្រើនមានតែក្មេងប្រុសស្រីវ័យជំទង់ៗតែពីរនាក់ចូលទៅមើល ហើយក្នុងទីតាំងបញ្ចាំងនេះ គេដាក់ពួកឲ្យដេក ដែលពួកគេអាចប្រព្រឹត្តិរឿងអ្វីផ្សេងៗខុសប្រពៃណី ៕

website_news/2019150203.txt · Last modified: 2019/02/15 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki