website_news:2019150801

លោក ស ខេង ស្នើឲ្យបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនជួញដូរមនុស្ស

https://khmer.voanews.com/ 14 សីហា 2019 ហ៊ុល រស្មី

នៅចំពោះមុខអ្នកតំណាងសាសនាព្រះពុទ្ធ សាសនាកាតូលិក និងសាសនាអ៊ីស្លាម ជាច្រើនរយនាក់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យមានការបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស។

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅថ្ងៃពុធនេះ បានស្នើឲ្យមានការបង្កកទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជនដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់ឈើខុសច្បាប់។ ថ្លែងនៅក្នុងវេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សធ្វើឡើងនៅរាជធានីភ្នំពេញ លោក ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រីមួយរូបផងនោះ មានប្រសាសន៍ថា ក្រុមឧក្រិដ្ឋជនជួញដូរមនុស្សគឺជាក្រុមអ្នកដែលមានទ្រព្យសម្បតិ្តច្រើន ដូច្នេះគ្រាន់តែចាប់ខ្លួនពួកគេមកផ្តន្ទាទោសនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពោលគឺគប្បីរឹបអូសទ្រព្យសម្បត្តិពួកគេបន្ថែមទៀត។ «បើយើងគ្រាន់តែចាប់បានមក យកមនុស្សហ្នឹងទៅកាត់ទោស ប៉ុន្តែអាចចរាចរលុយនោះ ដែលលុយវាខ្មៅស្រាប់នោះ យើងអត់មានបង្កកទុក វាអត់មានប្រយោជន៍ទេ»។

ក្នុងរបាយការណ៍ឆ្នាំ២០១៩នេះ ក្រសួងការបរទេសអាមេរិកបានទម្លាក់ចំណាត់ថ្នាក់នៃប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជាពីកម្រិត២ (ធម្មតា) ទៅកម្រិត២ស្ថិតក្រោមការឃ្លាំមើល ឬ (Tier 2 Watch list)។ កម្រិតដែលស្ថិតក្រោមការឃ្លាំមើលនេះមានន័យថា កម្រិតប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជាស្ថិតក្នុងចំណុចអាក្រក់ដែលងាយនឹងរអិលទៅរកកម្រិតកាន់តែអាក្រក់ជាងនេះ គឺកម្រិត៣ ឬ Tier 3។

នៅថ្ងៃនេះលោក ស ខេង មានប្រសាសន៍ថា កម្ពុជានឹងបង្កើនការខិតខំរបស់ខ្លួនបន្ថែមទៀត លើការអប់រំនិងការផ្សព្វផ្សាយពីល្បិចកលនៃការជួញដូរមនុស្សទៅដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសនិងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងដើម្បីលុបបំបាត់ចោលរាល់ទម្រង់នៃការជួញដូរមនុស្សនេះ។

យោងតាមអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១៩នេះ អាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបសកម្មភាពជួញដូរមនុស្សបាន ចំនួន៧៨ករណី គឺកើនឡើង ១៦ករណី បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។អ្នកស្រីបន្ថែមថា ជនសង្ស័យចំនួន៩៧នាក់ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងរាជធានីខេត្ត។ ក្នុងនោះមានស្ត្រី២២នាក់ ជនបរទេស១៤នាក់គឺជនជាតិចិន១២នាក់ និងជនជាតិអាមេរិកចំនួនពីរនាក់។ ជនរងគ្រោះចំនួន២៦៣នាក់ត្រូវបានសង្គ្រោះ។

គួរបញ្ជាក់ថាស្របពេលដែលរដ្ឋាភិបាលប្រារព្ធវេទិកាជាតិ អន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរ កាលពីម្សិលមិញអតីតអ្ននយោបាយជាន់ខ្ពស់មួយរូបគឺលោក អះម៉ាត់ យ៉ះយ៉ា ត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។ក៏ប៉ុន្តែក្រុមគ្រួសារអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះលើកឡើងថា ការផ្តន្ទាទោសនេះទាក់ទងទៅនឹងទំនាស់បុគ្គលជាមួយមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ។ លោក អះម៉ាត់ យ៉ះយ៉ា ជាអតីតអ្នកនយោបាយរបស់គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច និងគណបក្ស សម រង្ស៊ី ហើយចុងក្រោយនេះលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕

website_news/2019150801.txt · Last modified: 2019/08/15 12:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki