website_news:2019150804

ការជួញដូរមនុស្ស ជាអំពើឃោរឃៅ អមនុស្សធម៌ និងជាអំពើបាបយ៉ាងធ្ងន់ធ្ងរ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះ

http://www.cen.com.kh/archives/ August 15, 2019

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជំនឿសាសនាគឺជាឱសថដែលព្យាបាលជំងឺផ្លូវចិត្ត និងជាគ្រឹះដ៏រឹងមាំនៃសីលធម៌ក្នុងការរស់នៅ ដើម្បីកាត់បន្ថយ និងឈានទៅការលុបបំបាត់អំពើជួញដូរមនុស្ស។សម្តេចក្រឡាហោមបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបលើកទី៣ នារសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានមានប្រសាសន៍លើកឡើងថា ជំនឿសាសនា គឺជាឱសថដែលព្យាបាលជំងឺផ្លូវចិត្ត ជាមាគ៌ាតម្រង់ផ្លូវឱ្យមនុស្សដែលទៅតាមផ្លូវសុចរិត ជាច្បាប់កម្រិតអោយមនុស្សជៀសវាងនូវកំហុសក្នុងការកសាងបាបកម្ម និងឧក្រឹដ្ឋកម្មនានា ឲ្យមនុស្សចេះរស់នៅមានភាពសុខុនរមនាក្នុងកិត្តិយស និងសេចក្តីថ្លៃថ្នូរ ចេះគោរពខ្លួនឯង និងគោរពគ្នាទៅវិញទៅមក ដែលនេះមានន័យថា សាសនា គឺជាប្រភពនៃសេចក្តីសុខរបស់មនុស្ស ដែលនេះជាហេតុផលក្នុងការកាត់បន្ថយ និងឈានទៅការលុបបំបាត់អំពើជួញដូរមនុស្សក្នុងសង្គមកម្ពុជាផងដែរ។

សម្តេចក្រឡាហោម បានបន្តថា ការជួញដូរមនុស្ស គឺជាអំពើឃោរឃៅ អមនុស្សធម៌ និងជាអំពើបាបយ៉ាងធ្ងន់ធ្ងរ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្ស គ្រប់វ័យ ទាំងទារក កុមារ យុវវ័យ និងមនុស្សចាស់គ្រប់ប្រភេទ ឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្សបាត់បង់សេចក្តីសុខក្នុងគ្រួសារខូចខាតដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ។ សម្តេចក្រឡាហោមបានបន្ថែមថា ការរួមគ្នាក្នុងសកម្មភាពពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនាដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺដើម្បីឲ្យយល់ដឹងអំពីអំពើជួញដូរមនុស្ស ផលប៉ះពាល់ ល្បិចកលជនល្មើសនិងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ដើម្បីចូលរួមចំណែកបន្ត ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សវេទិការ អន្តរសាសនាថ្នាក់ជាតិលើកទី៣នេះ គឺរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន ដើម្បីផ្សព្វផ្សាយ បង្កើនការយល់ដឹង នៃអំពើជួញដូរមនុស្ស និងតួនាទីសំខាន់ៗ របស់ថ្នាក់ដឹកនាំសាសនាទាំងឡាយ ក្នុងការអប់រំប្រជាជន ក្នុងការការពារ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលុបបំបាត់ទាសភាពសម័យទំនើប។ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នសាសនា ក្នុងការងារអប់រំផ្សព្វផ្សាយអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបនៅតាមវត្តអារាម ព្រះវិហារ និងតាមពិធីសាសនានានា និងដើម្បីឲ្យសំឡេង នៃការសូត្រធម៌អធិដ្ឋាននេះ ផ្តល់នូវក្តីសង្ឃឹមដល់ជនរងគ្រោះ អ្នកដែលរងទុក្ខដោយសារអំពើជួញដូរមនុស្ស និងសូមឲ្យពួកគាត់ឆាប់បានទទួលនូវសេរីភាពឡើងវិញ។ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានគូសបញ្ជាក់ទៀតថា វេទិកាអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺមិនត្រឹមតែជាវេទិកាគំរូថ្នាក់ជាតិមួយប៉ុណ្ណោះទេ គឺសម្រាប់ថ្នាក់តំបន់ និងពិភពលោកទាំងមូល។ វេទិកានេះ គឺជាសក្ខីភាពមួយ បង្ហាញអំពីភាពសុខដុមរមនា នៃសាសនាទាំងឡាយនៅប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការចាប់ផ្តើមអនុវត្តន៍រួមគ្នាមួយរវាងសាសនាធំទាំងអស់ លើទស្សនៈវិស័យតែមួយ គឺប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស ការកសាងសន្តិភាព និងសុខុមរមនារបស់មនុស្សក្នុងសង្គមជាតិកម្ពុជាទាំងមូល។ តាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រាជរដ្ឋាភិបាល បានប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោស និងការពារជនរងគ្រោះ យ៉ាងសកម្ម។

ដោយឡែក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៥នេះ ការអប់រំផ្សព្វផ្សាយ និងសកម្មភាពបង្ការទប់ស្កាត់ ត្រូវបានយកចិត្តទុកដាក់ និងធ្វើឡើងតាមគ្រប់រូបភាព ទាំងកិច្ចការពារផ្លូវច្បាប់ ការអប់រំផ្សព្វផ្សាយដោយផ្ទាល់ដោយប្រយោល តាមប្រព័ន្ធព័ត៌មាននានា ឲ្យបានដល់មនុស្ស រាប់លាននាក់ ជាក់ស្តែងវេទិកាអន្តរសាសនាថ្នាក់ជាតិ នាពេលនេះ ក៏ជាមធ្យោបាយមួយ ដើម្បីរួមចំណែកដល់ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបផងដែរ។

បើតាមលោកស្រី ជូ ប៊ុនអេង ក្រសួង ស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការបង្ការ ទប់ស្កាត់តាមជំនាញរៀងៗខ្លួន ដើម្បីគ្រប់គ្រងស្ថានភាពមិនឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះ ដោយបទល្មើសជួញដូរមនុស្ស។ ចំពោះការងារបង្ក្រាប សមត្ថកិច្ចនគរបាលយុត្តិធម៌ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការបង្ក្រាប សរុបបាន៧៨ករណី បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មាន៦២ករណី (គឺកើនឡើង ១៦ករណី ស្មើនឹង២៥%) ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៧នាក់លើ៨៥នាក់ (កើន១២នាក់ ស្មើនឹង១៤%) ក្នុងនោះស្រី២២នាក់ អនីតិជន៩នាក់ ជាជនបរទេស ១៨នាក់ (សញ្ជាតិចិន ១២នាក់ និងអាមេរិក ២នាក់)៕ ដោយ៖កូឡាប

website_news/2019150804.txt · Last modified: 2019/08/15 13:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki