website_news:2019150805

សម្តេច ស ខេង ៖ អ្នកជួញដូរមនុស្សសុទ្ធតែជាអ្នកមាន ហើយមានក្តីលោភលន់មិនចេះគ្រាន់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ១០:៥៦ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ ដោយក្តីលោភលន់មិនចេះគ្រប់គ្រាន់អ្នកជូញដូរមនុស្ស សុទ្ធតែអ្នកមាន ដែលធ្វើការបោកបញ្ឆោតមនុស្សយកទៅលក់ ។ នេះបើតាមសម្តេច ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ថ្លែងក្នុងវេទិកាជាតិ អន្តរសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៤ ខែសីហានេះ នៅសាលសន្និសិទកោះពេជ្រ ។ សម្តេចស ខេង បានអះអាងថា ជនទុច្ចរិតដែលរកស៊ីជូញដូរមនុស្ស មិនមែនអ្នកក្រនោះ គឺអ្នកមានទ្រព្យសម្បត្តិ ប៉ុន្តែលោភលន់មិនចេះចប់ចេះហើយ ។ គេប្រើមធ្យោបាយរបស់គេដែលមានទៅបោកបញ្ឆោតអ្នកដែលគ្មានលទ្ធភាព អ្នកគ្មានការចេះដឹង ឬការអប់រំ ឬជីវភាពខ្សត់ខ្សោយ ។ ដើម្បីលុបបំបាត់ ឬចាប់អ្នកដែលជួញដូរមនុស្ស សម្តេច ស ខេង បញ្ជាក់ថា ៖«វិធានការរបស់យើង គឺយើងកំពុងនាំគ្នាប្រមូលកម្លាំងសរុប ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ។ កម្លាំងសរុប គឺនៅទីនេះចាត់ទុកជាការប្រមូលកម្លាំងសរុបហើយ ។ «…» មិញនេះទាំងពុទ្ធសាសនា និងឥស្លាមសាសនាបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធការជួញដូរមនុស្ស ដូច្នេះគឺកម្លាំងមួយហើយ។ អ្វីដែលយើងត្រូវធ្វើ គឺផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះឲ្យបានយល់និងដឹងអំពីបែបផែនរបស់ជនទុច្ចរិតក្នុងការលោមលោងដើម្បីធ្វើការជួញដូរ» ។

សម្តេច ស ខេង ក៏បានលើកឡើង ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះដែរ គឺត្រូវធ្វើចលនាក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសកម្មភាពដែលជនទុច្ចរិតធ្វើសកម្មភាពផងដែរ ។ សម្តេចក៏បានលើកឡើងថា មិនត្រូវតែពឹងតែទៅលើគណៈកម្មការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនោះទេ ។ ដោយសារគណៈកម្មការនេះ គ្រាន់តែស្នូល ឬជាបង្គោលដែលដាក់ចេញគោលការ និងវិធានការដើម្បីអនុវត្ត ។ ទន្ទឹមនឹងនេះយើងមិនអាចប្រើប្រាស់វិធានការអប់រំតែមួយមុខបានទេ យើងត្រូវប្រើវិធានការច្បាប់ថែមទៀតទើបមានប្រសិទ្ធភាព ។ សម្តេចបញ្ជាក់ថា ៖«បើយើងអប់រំមានប្រសិទ្ធភាព គឺជាការល្អ ប៉ុន្តែយើងប្រើវិធានការច្បាប់ថែមទៀតកាន់តែល្អ» ។ ជាមួយគ្នានោះដែរ សម្តេច ស ខេង ក៏បានឲ្យដឹងថា លទ្ធផលនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ២០១៨កន្លងមកទទួលបានជោគជ័យ ប៉ុន្តែបើប្រៀបធៀបឆ្នាំ២០១៧ គឺធ្លាក់ចុះដែលក្រសួងការបរទេសអាមេរិកបានវាយតម្លៃថា កម្ពុជារាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ហើយរាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អ ប៉ុន្តែមិនគ្រាប់គ្រាន់នៅមានបញ្ហាខ្លះត្រូវបន្តតាមដានបន្តទៀត ។ កម្ពុជាជាប្រទេសជាប់ដំលាប់ថ្នាក់លេខ២ ក្នុងការលុបបំបាត់ការជួយដូរមនុស្ស ។ តែយើងក៏ត្រូវបន្តលុបបំបាត់ទាំងស្រុង ដើម្បីឲ្យក្លាយជាប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ល្អជាងនេះទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

website_news/2019150805.txt · Last modified: 2019/08/15 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki