website_news:2019150806

ជនជាតិចាមថា ការឃុំខ្លួនលោក អះម៉ាត់ យ៉ះយ៉ា គឺជារឿងអយុត្តិធម៌

https://www.rfa.org/khmer/news/ ដោយ ទីន ហ្សាការីយ៉ា 2019-08-13

តុលាការរបបក្រុងភ្នំពេញបានសម្រេចផ្ដន្ទាទោស អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចរយៈពេល ១៥ឆ្នាំ និងបញ្ជូនទៅខ្លួនភ្លាមៗ នៅពន្ធនាគារព្រៃសក្រោយសវនាការបានបញ្ចប់នៅថ្ងៃទី១៣ សីហា ពាក់ព័ន្ធករណីជួញដូរមនុស្សជាង ៣០០នាក់ទៅប្រទេសអារ៉ាប់។ ជនជាតិចាមបានចាត់ទុកការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញបែបនេះថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានចំពោះករណីលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសលោកនោះឡើយ។ ក្នុងបន្ទប់សវនាការនៅថ្ងៃទី១៣ ខែសីហា អនុប្រធានតុលាការ លោក កូយ សៅ ក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសរបស់ឈ្មោះ អ៊ីស្មាអែល ពិនឧស្មាន ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៥ឆ្នាំ និងពិន័យជាប្រាក់រួមគ្នាចំនួន ២០០លានរៀល ប្រមាណ ៥ម៉ឺនដុល្លា ទៅឲ្យជនរងគ្រោះពីរនាក់ បន្ទាប់ពីតុលាការរកឃើញថា អ្នកទាំងពីរជាប់ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសអារ៉ាប់។

ជនជាតិចាមម្នាក់ឈ្មោះ សុខ ក្រី ដែលបានចូលរួមក្នុងសវនាការនៅថ្ងៃទី១៣ សីហា ប្រាប់អាស៊ីសេរីថា តុលាការមិនបានបង្ហាញភស្តុតាងណាមួយរឹងមាំមកដាក់បន្ទុកទៅលើជនសង្ស័យទាំងពីរនោះទេ។ លោកបានថ្លែងការពារថា លោក អះម៉ាត់ យ៉ះយ៉ា គឺជាមនុស្សស្អាតស្អំ និងមិនជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សទេ៖ «លោក អះម៉ាត់ យ៉ះយ៉ា មិនមែនសម្រាប់ខ្លួនខ្ញុំទេ គឺសម្រាប់ជនជាតិចាមនៅទូទាំងប្រទេសទាំងអស់ គឺចាត់ទុកគាត់ជាមនុស្សល្អដោយសារអី? ដោយសារគាត់ជាមនុស្សដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលមានគំនិតផ្ដួចផ្ដើមដល់កូនខ្មែរអ្នកកាន់សាសនាឥស្លាមទាំងអស់បានរៀនសូត្រខាងចំណេះដឹងទូទៅ ហើយសរុបកូនសិស្សដែលគាត់ជួយហ្នឹងបានជាង ១.០០០នាក់ហើយ គឺឲ្យបណ្ដុះបណ្ដាលឱ្យចប់មានការងារធ្វើល្អ អ្នកខ្លះបានធ្វើជាឯកឧត្តមអីច្រើនណាស់តាមរយៈគាត់ហ្នឹង»។

លោក អ៊ីស្មាអែល ពិនឧស្ម័ន ត្រូវជាក្មួយបង្កើតលោក អះម៉ាត់ យ៉ះយ៉ា ត្រូវកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់ខ្លួនកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សង្ស័យថា ជាប់ពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់ នៅប្រទេស អារ៉ាប់ប៊ី សាអូឌីត៕

website_news/2019150806.txt · Last modified: 2019/08/15 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki