website_news:2019150807

កម្ពុជាបញ្ជូនពលករចំនួន៣២នាក់ បន្ថែមទៀតទៅធ្វើការនៅប្រទេសកូរ៉េ

http://kampucheathmey.com/ 13/8/2019 8:42 Pm

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនពលករចំនួន ៣២នាក់ ស្រី២នាក់ បន្ថែមទៀតទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងខណៈបច្ចុប្បន្នមានពលករខ្មែរកំពុងធ្វើការនៅទីនោះជាង៤ម៉ឺននាក់លើវិស័យឧស្សាហកម្ម សេវាកម្ម សំណង់និងកសិកម្ម។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការបញ្ជូនពលករចំនួន៣២នាក់ ធ្វើការនៅកូរ៉េនេះគឺជាផ្នែកមួយនៃកូតាសម្រាប់ឆ្នាំ២០១៩ដែលភាគីកូរ៉េផ្តល់ឲ្យកម្ពុជាពី៤ពាន់ទៅ៤៥០០នាក់។ លោក ហេង សួរ បានបន្តថា ពលករធ្វើការនៅកូរ៉េទទួលបានការគាំពារយ៉ាងខ្លាំងពីសំណាក់ភាគីកូរ៉េព្រោះនៅកូរ៉េមានកន្លែងគាំពារពលករបរទេសមិនតិចជាង៤០កន្លែងទេ ដែលនៅតាមកន្លែងនីមួយៗមានអ្នកចេះភាសាទៅតាមប្រទេសនីមួយៗរួមទាំងភាសាខ្មែរផងនៅពេលដែលពលករមានបញ្ហាអ្វីមួយ។ ក្រៅពីនេះក្រសួងក៏បានដាក់មន្ត្រីចំនួន២នាក់ដោយមានភ្ជាប់ទំនាក់ទំនងលេខទូរស័ព្ទនៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េផងដែរ ដើម្បីរង់ចាំជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពលករយើង។ ជាងនេះទៅទៀតដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ពលករកម្ពុជាដដែលទៅធ្វើការនៅប្រទេសកូរ៉េ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែចាត់តាំងមន្ត្រីមួយរូប ដើម្បីសម្របសម្រួលមធ្យោបាយគ្រប់បែបយ៉ាង តាំងពីពេលឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រហូតដល់ដៃសមាគមនិយោជកនៅប្រទេសកូរ៉េ។

លោកបានបន្ថែមថា ពលករដែលធ្វើការនៅកូរ៉េមានជីវភាពធូរធារដោយសារទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ ហើយនៅពេលត្រឡប់មកវិញ ទទួលបាននូវជំនាញបច្ចេកទេសថ្មីៗពិសេសភាសាកូរ៉េ ដែលអាចឲ្យគាត់មានលទ្ធភាពក្នុងការរកការងារធ្វើ ឬ ប្រកបមុខរបរខ្លួនឯងបាន។ នៅក្នុងឱកាសនោះលោកហេងសួរបានផ្តាំផ្ញើឲ្យប្អូនៗទាំង៣២នាក់ ដែលចាកចេញទៅបម្រើការនៅកូរ៉េត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ខិតខំធ្វើការងារឲ្យមានការទទួលខុសត្រូវដើម្បីកសាងកេរ្តិ៍ឈ្មោះដ៏ល្អមួយសម្រាប់ពលករកម្ពុជានិងបង្កើតក្តីស្រលាញ់ពីភាគីនិយោជកកូរ៉េព្រោះថានៅពេលថៅកែចូលចិត្តគេនិងបង្កើន តម្រូវការពលករខ្មែរបន្ថែមទៀត។

ចំណែកលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្ននេះមានពលករបរទេសទេសធ្វើការនៅកូរ៉េចំនួន១៦ប្រទេស ក្នុងនោះមានទាំងកម្ពុជាផង។ ប៉ុន្តែក្នុងចំណោមពលករទាំងនោះពលករខ្មែរ ត្រូវបាននិយោជកកូរ៉េមានការកោតសរសើរថា មានចរិតស្លូតបូត រួសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាមក្នុងបំពេញការងារដែលធ្វើឲ្យមាននិយោជកកូរ៉េទទួលយកពលករខ្មែរជាបន្តបន្ទាប់ទៀត។ យ៉ាងណាក៏ដោយលោកនឹងខិតខំប្រឹងប្រែង ដើម្បីជំរុញឲ្យមានការបន្ថែមកូតាដល់ពលករខ្មែរឲ្យបានច្រើនថែមទៀតពិសេសពលករគំរូដើម្បីឲ្យពួកគាត់ធ្វើការនៅទីនោះយ៉ាងតិចឲ្យបាន១០ឆ្នាំដែរដើម្បីលើកស្ទួយដល់ជីវភាពរស់នៅកាន់តែប្រសើរ។ លោក អូ ណាក់យ៉ុង បានណែនាំឲ្យពលករខ្មែរត្រូវប្រឹងប្រែងបំពេញការងារឲ្យបានត្រឹមត្រូវ ពិសេសត្រូវខិតខំក្រេបយកចំណេះជំនាញទាំងឡាយ ដើម្បីអាចបង្កើតការងារ ឬមុខរបរណាមួយសម្រាប់ខ្លួន ក្រោយពេលត្រលប់មកមាតុភូមិកម្ពុជាវិញ។ លោកបានផ្ដាំផ្ញើទៀតថា ក្នុងពេលបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង ប្រសិនបើមានបញ្ហាណាមួយ សូមពលករទាំងអស់ទំនាក់ទំនងទៅកាន់ក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ដែលប្រចាំការនៅទីនោះ ឬអាចទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌល ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមាននៅពេលធ្វើការនៅកូរ៉េ។

ប្អូនស្រី វឹក ឆេងលី មកពីខេត្តកណ្តាលធ្វើការខាងវេចខ្ចប់សាច់គោនៅប្រទេសកូរ៉េបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្តល់ឱកាសការងារនិងគាំពារដល់ពលករខ្មែរទៅធ្វើការនៅកូរ៉េបានល្អ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ពលករបានល្អប្រសើរជាងមុនដោយសារទទួលបានប្រាក់ខែខ្ពស់។

ចំណែកប្អូនស្រី អន កែវមុនីរ័ត្ន មកពីខេត្តកំពង់ស្ពឺធ្វើការនៅរោងចក្រធ្វើសាច់ទានៅប្រទេសកូរ៉េបាននិយាយថា ពលករខ្មែរទៅធ្វើការនៅកូរ៉េពិតជាល្អប្រសើរណាស់ពោលគឺមិនត្រឹមតែទទួលបានប្រាក់ខែសមរម្យប៉ុណ្ណោះទេថែមទាំងការរស់នៅសណ្តាប់ធ្នាប់ គោរពសិទ្ធិលក្ខខណ្ឌការងារនិងច្បាប់ការងារបានល្អប្រសើរទៀតផងដែលធ្វើឲ្យជីវភាពគ្រួសារបានល្អប្រសើរ។ ប្អូនស្រីបានបន្តថា «ខ្ញុំចង់ឲ្យយុវជនខ្មែរទៅធ្វើការនៅកូរ៉េឲ្យបានច្រើនដើម្បីទទួលបានប្រាក់ចំណូលច្រើនយកមកដោះស្រាយជីវភាពគ្រួសារនិងលើកស្ទួយដល់សេដ្ឋកិច្ចជាតិផងដែរ»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ សរុបចំនួន ៦៥,២២៥នាក់ (ស្រី ១៣,៥៩៥នាក់)ក្នុងនោះមានពលករខ្លះបានវិលត្រឡប់មកវិញដោយត្រូវចប់អាណត្តិការងារ៕ សំអឿន

website_news/2019150807.txt · Last modified: 2019/08/15 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki