website_news:2019150808

ទីផ្សារកូរ៉េបន្តបើកសម្រាប់ពលករកម្ពុជា ខណៈកូតាឆ្នាំ២០១៩កូរ៉េទទួលពលករកម្ពុជាជាង៤ពាន់នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ម៉ោង ០៨:៥០ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ កូរ៉េនៅតែបើកទីផ្សារទទួលយកកម្លាំងពលកម្មពីប្រទេសកម្ពុជា ដើម្បីបម្រើការងារតាមបណ្តារោងចក្រនានានៅក្នុងប្រទេសខ្លួន ខណៈដែលឆ្នាំ២០១៩នេះប្រកាសកូតាយកកម្លាំងពលកម្មពីកម្ពុជាប្រមាណជាង៤ពាន់នាក់ ។ នេះបើតាមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ។ លោកអូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងក្នុងពេលជូនដំណើរពលករកម្ពុជាផ្នែកឧស្សាហកម្មចំនួន៣២នាក់ (ស្រី២នាក់) ចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃរសៀលថ្ងៃទី១៣ ខែសីហា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំ ពេញ បានអះអាងថា ភាពអត់ធ្មត់ព្យាយាមនឹងការងារគួបផ្សំនឹងអត្តចរិតល្អរបស់ពលករកម្ពុជាដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េទទួលបាននូវការកោតសរសើរយ៉ាងពេញទំហឹងពីសំណាក់និយោជក និងថ្នាក់ដឹកនាំកូរ៉េថែមទៀតផង ។ នាឱកាសសំណេះសំណាលជាមួយពលករកម្ពុជាលោក អូ ណាក់យ៉ុង បានផ្ដាំផ្ញើថា ក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ប្រសិនបើមានបញ្ហាណាមួយ សូមពលករទាំង អស់ទាក់ទងទៅកាន់មជ្ឈមណ្ឌលគាំពារពលករបរទេសដែលប្រចាំការនៅទីនោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានាដែលកើតមាននៅពេលធ្វើការនៅកូរ៉េ ។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏មានមតិផ្ដាំផ្ញើទៅកាន់ពលករទាំង៣២នាក់នោះត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិនបើចង់ផ្លា ស់ប្ដូរការងារត្រូវជួបប្រឹក្សាយោបល់ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសដែលនៅជិតកន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯងអាចឈានដល់ការប្រព្រឹត្តខុសកិច្ចព្រមព្រៀងក៏ដូចជា អាចប្រឈមនឹងបញ្ហានានាផងដែរ ។ លោករដ្ឋលេខាធិការ បានបង្ហាញការសង្ឃឹមជឿជាក់ថា ពលករកម្ពុជាទាំងអស់នឹងរក្សាបាននូវភាពថ្លៃថ្នូរសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ សុវត្ថិភាពក្នុងការរស់នៅ និងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ។

ជាមួយគ្នានោះដែរលោក ហេង សួរ ក៏បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រមាណជាង៦ម៉ឺននាក់ភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម បន្ទាប់មកមានផ្នែកកសិកម្ម និងសំណង់ ។ លោកបានបញ្ជាក់ថា៖ «បើតាមកូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ឆ្នាំ២០១៩នេះ យើងទទួលបានកូតាចន្លោះពី៤,០០០នាក់ ទៅ ៤,៥០០នាក់បន្ថែមទៀត» ។

លោកបានបញ្ជាក់ទៀតថា នៅសាធារណរដ្ឋកូរ៉េមានប្រព័ន្ធគ្រប់គ្រងពលករបរទេសយ៉ាងល្អ ដោយសារនៅទីនោះមានមជ្ឈមណ្ឌលគាំពារពលករបរទេសមិនតិចជាង៤០កន្លែងឡើយ ហើយនៅក្នុងមជ្ឈមណ្ឌលទាំងនោះតែងតែមានអ្នកចេះភាសារបស់ពលករនៃប្រទេសនីមួយៗ តួយ៉ាងសម្រាប់ពលករកម្ពុជា គឺមានអ្នកចេះភាសាខ្មែរនៅប្រចាំការក្នុងមជ្ឈមណ្ឌលទាំងនោះផងដែរ នៅពេលដែលពលករមានបញ្ហាណាមួយពលករអាចទំនាក់ទំនងតាមលេខទូរស័ព្ទពួកគេនឹងទទួលបានការជួយដោះស្រាយតែម្ដង ៕ កែសម្រួលដោយ ៖ សុឃាក់

website_news/2019150808.txt · Last modified: 2019/08/15 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki