website_news:2019150809

ពលករកម្ពុជានៅតែទទួលបានការកោតសរសើពីថៅកែ និងមន្ត្រីកូរ៉េថាល្អទាំងចរិកនិងការងារ

http://www.rasmeinews.com/ August 14, 2019, 2:57 PM

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសសាធារណរដ្ឋកូរ៉េ នៅតែទទួលបាននូវការកោតសរសើរពីសំណាក់ និយោជក និងថ្នាក់ដឹកនាំកូរ៉េថាជាពលករ ប្រកបដោយចរិកល្អ និងការប្រកបការងារអត់ធ្មត់យកចិត្តទុកដាក់ខ្ពស់។ ការលើកឡើងបែបនេះធ្វើឡើងដោយ លោក អូ ណាក់យ៉ុង ឯក អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងពេលជូនដំណើរពលករកម្ពុជាផ្នែកឧស្សាហកម្មចំនួន ៣២នាក់(ស្រី ២នាក់) ចេញទៅធ្វើការនៅប្រទេសសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងពេលជួបសំណេះសំណាលជាមួយពលករកម្ពុជា លោក អូ ណាក់យ៉ុងឯក អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានផ្ដាំផ្ញើដល់ពលករកម្ពុជាថា ក្នុងពេលបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ប្រសិនបើមានបញ្ហាណាមួយ សូមឱ្យពលករទាំងអស់ទាក់ទងទៅកាន់មជ្ឈមណ្ឌលគាំពារពលករបរទេស ដែលប្រចាំការនៅទីនោះស្រាប់ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតមាននៅពេលធ្វើការនៅកូរ៉េ។ លោក ឯក អគ្គរដ្ឋទូត កូរ៉េ បានបញ្ជាក់ថា” បើតាមមតិភាគច្រើនពីនិយោជកកូរ៉េចំពោះពលករកម្ពុជា គឺពួកគេពិតជាមានការពេញចិត្តចំពោះសមត្ថភាពការងារ និងភាពអត់ធ្មត់នឹងការងាររបស់ពលករកម្ពុជាយ៉ាងខ្លាំង”។

នាឱកាសនោះដែរ លោក ហេង សួរ ក៏បានធ្វើការផ្ដាំផ្ញើទៅកាន់ពលករទាំងអស់ ត្រូវប្រឹងប្រែងតស៊ូអត់ធ្មត់នឹងការងារ ប្រសិនបើចង់ផ្លាស់ប្ដូរការងារ ត្រូវជួបប្រឹក្សាយោបល់ជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលនៅជិតកន្លែងការងារ ពីព្រោះបើផ្លាស់ប្ដូរការងារដោយចិត្តឯង អាចឈានដល់ការប្រព្រឹត្តខុសកិច្ចព្រមព្រៀង ក៏ដូចជាអាចប្រឈមនឹងបញ្ហានានាណាមួយកើតឡើង។ ព្រមជាមួយគ្នានេះរដ្ឋលេខាធិការ បានបង្ហាញការសង្ឃឹមជឿជាក់ថា ពលករកម្ពុជាទាំងអស់នឹងរក្សាបាននូវភាពថ្លៃថ្នូរ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ សុវត្ថិភាពក្នុងការរស់នៅ និងការធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ។ លោកថា “បើតាមកូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ឆ្នាំ២០១៩នេះ យើងទទួលបានកូតាចន្លោះពី ៤,០០០នាក់ ទៅ ៤,៥០០នាក់ បន្ថែមទៀត”។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌លោក ហេង សួរ បានឲ្យដឹងថា គិតរហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលករ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង ៦ម៉ឺននាក់ដែលក្នុងចំណោមនេះ ភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម បន្ទាប់មកមានផ្នែកកសិកម្ម និងសំណង់៕B/

website_news/2019150809.txt · Last modified: 2019/08/15 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki